ក្រុងសេអ៊ូលៈ កូរ៉េ​ទាំង ២ បាន​ព្រម​ព្រៀង​គ្នា​ដើរ​ហែ​ក្បួន​រួមគ្នា​ក្រោម​ទង់​តែមួយ​នៅ​ក្នុង​ពេល​បើក​កម្មវិធី​កីឡា​អូឡាំពិក​រដូវ​រងា ដែល​នេះ​គឺជា​សញ្ញា​ចុង​ក្រោយ​បង្អស់​បង្ហាញ​ថា​ភាព​តាន​តឹង​នៃ​វិបតិ្ត​នៅ​ឧបទ្វីប​កូរ៉េ បាន​ថយ​ចុះ។

ការសម្រេចចិត្ត​នោះ បានធ្វើ​ឡើង បន្ទាប់​ពី​ប៉ុន្មាន​ខែ​នៃ​ភាព​តាន​តឹង​លើ​កម្មវិធី​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប និង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។ តទៅ​នេះ គឺជា​កំណត់ហេតុ​ពេលវេលា​នៃ​ទំនាក់​ទំនង​របស់​កូរ៉េ​ទាំង ២ ហើយ​បើ​តាម​បច្ចេកទេស គឺ​នៅ​តែ​ស្ថិត​ក្នុង​សង្គ្រាម​ជាមួយ​គ្នា​នៅ​ឡើយ។

នៅ​ខែ​មិថុនា ឆ្នាំ ១៩៥០ សង្គ្រាម​បាន​ផ្ទុះ​ឡើង​រវាង​កូរ៉េខាងជើង (កុម្មុយនីស្ត) និង​កូរ៉េខាងត្បូង (សេរី)។ សង្គ្រាម​ប្រយុទ្ធ​គ្នា​នេះ​បាន​សម្លាប់​មនុស្ស​អស់​រវាង​ពី ២ ទៅ ៤ លាន​នាក់។

ក្រុង​ប៉េកាំង​ជា​អ្នកគាំទ្រ​ក្រុង​ ព្យុងយ៉ាង ​ក្នុង​អំឡុង​ពេល​សង្គ្រាម ៣ ឆ្នាំ ខណៈ​ក្រុង​ វ៉ាស៊ីនតោន​ ជា​អ្នក​នៅ​ពី​ក្រោយ​កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​នោះ នៅ​តែ​បន្ត​រឹងមាំ។

លោកគីម ជុង​អ៊ុន​ ចូល​ទៅ​មើល​នៅ​ក្នុង​បន្ទប់​បង្រៀន​នៅ​សាកល​វិទ្យាល័យ​គ្រូប​ង្រៀន​ក្នុង​ក្រុង​ព្យុងយ៉ាង។ AFP

កូរ៉េ​ទាំង ២ ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ​ចាប់តាំង​ពី​ពេល​ដែល​ជម្លោះ​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ ១៩៥៣ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​យុទ្ធនាការ​សន្តិភាព មិន​មែន​ជា​សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ទើប​កូរ៉េ​ទាំង ២ នៅ​តែ​ស្ថិត​នៅ​ក្នុង​សង្គ្រាម នេះ​បើ​តាម​លក្ខណៈ បច្ចេកទេស។

ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​តេស្ត​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​នេះ ជាមួយ​នឹង​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក។ កូរ៉េខាងជើង បាន​បញ្ជូន​កម្លាំង​ពិសេស ៣១ នាក់​ទៅ​ក្រុង​សេអ៊ូល ដើម្បី​រៀប​គម្រោង​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Park Chung-Hee នៅ​ឆ្នាំ ១៩៦៨។

ក្រុង​ព្យុងយ៉ាង​បាន​ចាប់ផ្តើម​ធ្វើការ​ប៉ុនប៉ង​សម្លាប់​យ៉ាង​សាហាវ​នៅ​មីយ៉ាន់ម៉ា​ក្នុង​ឆ្នាំ ១៩៨៣ នៅ​ពេល​គ្រាប់​បែក ១ គ្រាប់​បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​យ៉ាំងហ្គោន​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Chun Doo-Hwan នោះ៕