ក្រុងសេអ៊ូលៈ កូរ៉េខាងជើងថ្លែងកាលពីថ្ងៃពុធថា ខ្លួននឹងបើកឲ្យដំណើរការនៃខ្សែទូរស័ព្ទអាសន្នជាមួយនឹងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីការចូលរួមពិធីកីឡាអូឡាំពិកដែលជា ការផ្សះផ្សានៃការ ចាប់ផ្ដើមនៃសន្តិភាពទោះបីជាប្រធានាធិបតេយ្យអាមេរិកលោកដូណាល់ត្រាំបានចំអកថា លោកមានប៊ូតុងនុយក្លេអ៊ែរធំជាងប៊ូតុងនុយក្លេអ៊ែររបស់លោកគីម ជុងអ៊ុន។
ខ្សែទូរស័ព្ទអាសន្នដែលត្រូវបានកាត់ផ្ដាច់ដោយកូរ៉េខាងជើងនៅឆ្នាំ២០១៦ នឹងត្រូវបានតភ្ជាប់ឡើងវិញនៅម៉ោង៦:៣០ម៉ោងអន្តរជាតិបន្ទាប់ពីទីក្រុងសេអ៊ូលបានផ្ដួចផ្ដើមឲ្យមានកិច្ចពិភាក្សានៃមន្ត្រីថា្នក់ខ្ពស់ដែលជាការឆ្លើយតបទៅនឹងការស្នើឲ្យមានការចរចាពីសំណាក់មេដឹកនាំកូរ៉េខាងជើងមុនពេលកម្មវិធីកីឡា Pyeong chang នៅខែក្រោយ។
ការបោះជំហានទៅកាន់កូរ៉េខាងត្បូងរបស់លោកគីមជុងអ៊ុនត្រូវបានគេមើលឃើញថា ជាជំហានដ៏ទន់ភ្លន់និងកម្រមួយខណៈដែលភាពតានតឹងលើកម្មវិធីនុយក្លេអ៊ែរបានកើនឡើងខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីមានការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប និងការសាកល្បងគ្រាប់បែកនុយក្លែអ៊ែរ។
ក្រុងសេអ៊ូលបានឆ្លើយតបជាមួយការផ្ដួចផ្ដើមឲ្យមានការចរចានៅថ្ងៃទី៩ខែមករាដែលលើកទីមួយត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៥ដើម្បីពិភាក្សាអំពី«ផលប្រយោជន៍រួម»ដែលរួមមានការស្នើរបស់លោកគីមជុងអ៊ុនបានថ្លែងថាប្រទេសរបស់លោកអាចនឹងចូលរួមកម្មវិធីកីឡាអូឡាំពិក។
ប៉ុន្តែនៅក្នុងសុន្ទរកថាកាលពីពិធីចូលឆ្នាំសកលរបស់លោកគីម ជុងអ៊ុនដែលបាននិយាយព្រមានសហរដ្ឋអាមេរិកថាលោកមាន«ប៊ូតុងនុយក្លេអ៊ែរ»នៅលើតុរបស់គាត់ដែលសម្ដីនោះបានធ្វើឲ្យមានការឆ្លើយតបទាំងកំហឹងពីសំណាក់លោកដូណាល់ត្រាំតាមប្រព័ន្ធបណ្ដាញសង្គមធ្វីធើរ។ «មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទើបតែបានថ្លែងថា ប៊ូតុងនុយក្លេអ៊ែរនៅលើតុរបស់លោកគ្រប់ពេលវេលា»។
លោកត្រាំថ្លែងថា៖«សូម អ្នកណាក៏បានដែរដែលរស់នៅក្នុងរបបដែលក្រីក្រនិងអត់ឃ្លាននោះ ប្រាប់ លោកគីម ជុងអ៊ុនថា ខ្ញុំក៏មានប៊ូតុងនុយក្លេអ៊ែរដែរប៉ុន្តែវាធំជាងនិងខ្លាំងជាងរបស់គាត់ហើយអ្វីដែរសំខាន់នោះប៊ូតុងរបស់ខ្ញុំដំណើរការល្អ!»៕ AFP/PDN