ក្រុង​បេរូត: ក្រុម​បក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ នៅ​ស៊ីរី ​​បាន​ឲ្យ​ដឹង​ថា ពួកគេ នឹង​បញ្ជូន​គណៈ​ប្រតិភូ​​មួយ​ក្រុម ​នៅ​ថ្ងៃ​ចន្ទ​ ទៅ​កាន់​​ប្រទេស​រុស្ស៊ី​ ដើម្បីចូល​រួម ​ធ្វើ​ការ​ពិភាក្សា​ជា​មួយ ​ក្រុម​មន្ត្រី​ នៅ​ទី​នោះ​អំពី​ «​គោល​ជំហរ​ពិត​ប្រាកដ​របស់​ក្រុង​​ម៉ូស្គូ​​»​ ស្តី​អំពី​ ដំណើរ​ការ​នយោ​បាយ​នៅ​ស៊ីរី​​ ។​

ដំណើរ​ទស្សន​កិច្ចនេះ​ ធ្វើ​ឡើង​ដោយ​ក្រុម​គណៈ​កម្ម​ការ​បើក​កិច្ច​ចរចា​ស៊ីរី​​ (SNC)​​ ធ្វើ​ឡើង​ខណៈ​ក្រុង​​ម៉ូស្គូ​ត្រៀម​ខ្លួន​នឹង​ទទួល​ផ្តួច​ផ្តើម​កិច្ច​ចរចា​ស្វែង​រក​សន្តិ​ភាព​នៅ​ក្នុង​រមណីយ​ដ្ឋាន​ឆ្នេរ​សមុទ្រ​ខ្មៅ​ក្នុង​ទី​ក្រុង​សូជី​​នៅ​ថ្ងៃ​ទី​ ៣០ ​​ខែ​​​មករា ឆ្នាំ ២០១៨ នេះ ​​​រួម​ជា​មួយ ​អ្នក​គាំទ្រ ​របប​ស៊ីរី​​ គឺ​អុីរ៉ង់​​ និង​ អ្នក​គាំទ្រ​ក្រុម​ឧទ្ទាម​​ គឺ​ តួកគី​​។​

ក្រុម​ ​​SNC​​​ បាន​លើក​ឡើង​ថា ​​ក្រុម​ខ្លួន​នឹង​ចូល​រួម​បើក​កិច្ច​ចរចា​ផ្តួច​ផ្តើម​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្មី​ៗ​មួយ​មុន​ពេល​នោះ​​​ ប៉ុន្តែ ​​មិន​ទាន់​បាន​ប្រកាស​អំពី​បញ្ហា​នេះ​នៅ​ឡើយ​នៅ​ពេល​នេះ​​ថា ​​ក្រុម​ខ្លួន​​នឹង​ចូល​រួម​បើក​កិច្ច​ចរចា​​ស្វែង​រក​សន្តិ​ភាព​ក្នុង​ក្រុង​សូជី​​ ដែល​​ក្រុម​សម​ភាគី​ជា​ច្រើន​ក្រុម​បាន​ធ្វើ​ការ​ទាត់​រួច​ជា​ស្រេច​នោះ​។​

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​​ក្រុម​​​ SNC​​​ បាន​ឲ្យ​ដឹង​ថា​​ ដំណើរ​ទស្សន​កិច្ច​នៅ​ថ្ងៃ​ចន្ទ​​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​មួយ​ដោយ​ក្រសួង​ការ​បរ​ទេស​រុស្ស៊ី​​»​​ ហើយ​​ដែល​​​គណៈ​ប្រតិ​ភូ​របស់​ខ្លួន​នឹង​ចូល​រួម​បើក​កិច្ច​ចរចា​នេះ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​និង​ការ​ពារ​ជាតិ​​​​ ក៏​ដូច​ជា​ក្រុម​សមាជិក​សភា​ផង​ដែរ​​។​

កង​រថ​ពាស​ដែក​ និងរថ​យន្ត​យោធាជើង​គោក របស់​កង​ទ័ព​តួកគី ធ្វើ​ដំណើរ​ឆ្លង​កាត់​ ចំណុច​ឆ្លងកាត់ ព្រំដែន​ Bab al-Salamah នៅ​ចន្លោះ ស៊ីរី និង តួកគី នៅ​ភាគ​ខាង​ជើង ខេត្ត អាឡិបប៉ូ នៅ​ថ្ងៃ​ទី​២១ មករា ២០១៨។ AFP

ក្រុម​គណៈ​ប្រតិ​ភូ​នេះ​ដដែល​បាន​ឲ្យ​ដឹង​ថា​​ ដំណើរ​ទស្សន​កិច្ច​នោះ​មាន​គោល​ដៅ ​«​ស្វែង​យល់​ពី​គោល​ជំហរ​ពិត​ប្រាកដ​របស់​ក្រុង​រុស្ស៊ី​​ចំពោះ​ដំណើរ​ការ​នយោបាយ​នៅ​ស៊ីរី​​​ ដោយ​ហេតុ​​​ រុស្ស៊ី​គឺ​ជា​ដៃ​គូ​មួយ​នៅ​ក្នុង​ជម្លោះ ឬ​សង្គ្រាម​នៅ​ស៊ីរី​​ ជា​អ្នក​ផ្តួច​ផ្តើម​បើក​កិច្ច​ចរចា​ដ៏​សំខាន់​​ជា​មួយ​ស៊ីរី​និង​ជា​អ្នក​ធានា​នូវ​ការ​អនុវត្ត​គោល​នយោ​បាយ ​«​តំបន់​សុវត្ថិ​ភាព​»​នានា​ផង​ដែរ​»​។​

អ្នក​នាំ​ពាក្យ​ SNC ​​លោក ​​Yahya​​​ al-Aridi ​​​បាន​ថ្លែង​ប្រាប់ ​​AFP​​ ថា ​​​ក្រុម​បក្ស​ប្រឆាំង​ចង់​«​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​​​រុស្ស៊ី​​មាន​ភាព​ច្បាស់​លាស់​និង​ហ្មត់​ចត់​លើ​បញ្ហា​នៃ​ដំណើរ​ស្វែង​រក​ដំណោះ​ស្រាយ​នយោ​បាយ​ដើម្បី​ស្វែង​រក​សន្តិ​ភាព​នៅ​ស៊ីរី​»​និង​ជា​ពិសេស​​កិច្ច​ចរចា​ស្វែង​រក​សន្តិ​ភាព​​ដឹក​នាំ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​។​

កិច្ច​ចរចា​ស្វែង​រក​សន្តិ​ភាព​ផ្តួច​ផ្តើម​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​​ជា​ច្រើន​ជុំ​​ត្រូវ​បាន​ប្រារព្ធ​បើក​ឡើង​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​​ ហើយ​ដែល​​​ កិច្ច​ចរចា​​ជុំ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឡើង​​ក្នុង​​ពាក់​​​កណ្តាល​ខែ​ធ្នូ​​មិន​មាន​ការ​រីក​លូត​លាស់​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី​គួរ​ឲ្យ​កត់​សម្គាល់ឡើយ​​។​

ពួក​គេ​នឹង​ចាប់​បន្ត​បើក​កិច្ច​ចរចា​នេះ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២៥-​២៦​​​ ខែ​​មករា ​​​ដែល​ពេល​នេះ​​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​វីយែន ​​(Vienna​​)​​ មុន​ពេល​ប្រារព្ធ​បើក​កិច្ច​ចរចា​ក្នុង​ទី​ក្រុង​​សូជី​។

ក្រុម​អ្នក​ដើរ​តួ​សំខាន់​ៗ​មាន​ដូច​ជា​​រុស្ស៊ី​​ អុីរ៉ង់ ​និង​​តួកគី​​បាន​ចូល​រួម​​ធ្វើ​ការ​ផ្តួច​ផ្តើម​​បើក​កិច្ច​ចរចា​ស្វែង​រក​សន្តិ​ភាព​ស្រដៀង​ៗ​គ្នា​ជា​ច្រើន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មុន​​ដែល​បាន​ប៉ុន​ប៉ង់​ដើម្បី​​​ផ្តោត​លើ​បញ្ហា​សង្គ្រាម​នេះ​។​

សង្គ្រាម​នៅ ​ស៊ីរី​ ​ដែល​បាន​អូស​បន្លាយ​ជិត​ ៧​ ឆ្នាំ​​​ ដែល​បាន​ចាប់​ផ្តើម​​ខណៈ​​របប​ស៊ីរី​​បាន​បង្ក្រាប​យ៉ាង​យ៉ាង​សាហាវ​លើ​ក្រុម​អ្នក​ប្រឆាំង​​តវ៉ា​​បាន​បណ្តាល​ឲ្យ​ពល​រដ្ឋ​ជាង​ ៣៤០ ០០០ ​នាក់​បាន​បាត់​បង់​ជីវិត​​និង​បាន​បង្ខំ​ឲ្យ​ក្រុម​ពល​រដ្ឋ​ជា​ច្រើន​លាន​នាក់​ទៀត​រត់​ភៀស​ខ្លួន​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​និង​បាន​បង្ក​មហា​វិនាស​កម្ម​ដល់​ប្រទេស​ជាតិ​៕​​ AFP/ ប្រែ​សម្រួល​ដោយ សុឹម សានិត