ក្រុងសេអ៊ូលៈគណៈ​ប្រតិភូ​កូរ៉េ​ខាង​ត្បូង​មួយ​ក្រុម​ បាន​ឆ្លង​ចូល​ទៅ​ទឹក​ដី​កូរ៉េ​ខាង​ជើង​ កាល​ពី​ថ្ងៃ​អង្គារ ​​​ដើម្បី​ពិនិត្យ​មើល​ផ្លូវ​នានា​ក្នុង​គោល​បំណង​រៀប​ចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ ទាក់​ទង​នឹង​ការ​ប្រកួត​​កីឡា​អូឡាំ​​ពិក​ខណៈ​​ភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​ការ​ផ្សះ​ផ្សា​បាន​កើន​ឡើង​ និង​ក្រុង​ព្យុង​យ៉ាង​បាន​ថ្កោល​ទោស​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ដុត​​រូប​ថត​របស់​លោក​គីម​ជុង​អ៊ុន​ថា​ជា​ក្រុម​ជន​ក្បត់​ជាតិ​។​

កូ​រ៉េ​ខាង​ទាំង​ពីរ​ បាន​ព្រមព្រៀងគ្នា​​កាល​ពី​ដើម​ខែ​ថា ​ក្រុម​អត្តពលិក​​រកូរ៉េខាង​ជើង​ នឹង​ចូល​រួម​​​​ការ​ប្រកួត​កីឡា​រដូវ​រងា​នៅ​ក្រុង​ Pyeongchang ​នៅ​ខែ​ក្រោយ​ រួម​មាន​ក្រុម​កីឡា​វាយ​កូន​ហ្គោល ​​​លើ​ទឹកកក​ (Ice hockey)​ ស្ត្រី​និង​ដើរ​ហែរ​ក្បួន​រួម​គ្នា​នៅ​ពេល​បើក​ការ​ប្រកួត​នោះ​។

ប្រទេស​ទាំង​ពីរ ​ក៏​បាន​ឯក​ភាព​គ្នា​ថា ​ក្រុម​អ្នក​ជិះ​ស្គី​របស់​កូរ៉េ​ខាង​ត្បូង ​នឹង​ហ្វឹក​ហាត់​ជា​មួយ​សម​ភាគីកូរ៉េ​ខាង​ជើង​នៅ​រមណីយ​ដ្ឋាន​ជិះ​ស្គី​ Masikryong ​និង​រៀបចំ​ព្រឹត្តិការណ៍​​វប្បធម៌​រួម​គ្នា៕ PSA​