ក្រុងយ៉ាំងហ្គោនៈ កាលពីថ្ងៃសៅរ៍ ក្រុមជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានរិះគន់គម្រោងមាតុភូមិនិវត្តន៍ជនភៀសខ្លួនមួយសម្រាប់ក្រុមជនភៀសខ្លួនពីបង់ក្លាដែស ទៅមីយ៉ាន់ម៉ាគ្រោងចាប់ផ្តើមនៅសប្តាហ៍នេះ ដោយបាននិយាយថាគម្រោងនេះមានបំណងធ្វើឲ្យជនភាគតិចមូស្លីមជាប់នៅក្នុងជំរំរយៈពេលយូរ ខណៈដីដូន តារបស់ពួកគេត្រូវគេរឹបអូស។
បង់ក្លាដែស និងមីយ៉ាន់ម៉ាបានព្រមព្រៀងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៧៥០ ០០០ នាក់ ដែលបានមកដល់ ចាប់តាំងពីខែតុលា ឆ្នាំ ២០១៦ ត្រឡប់ទៅវិញក្នុងរយៈពេលពីរឆ្នាំ ជាដំណើរការមួយដែលត្រូវបានគ្រោងចាប់ផ្តើមយ៉ាងយូរបំផុតមិនហួសពីថ្ងៃអង្គារទេ។
ប៉ុន្តែកិច្ចព្រមព្រៀងនោះ ត្រូវបានទាត់ចោល ដោយក្រុមជនចំណាកស្រុក ដែលនិយាយថាពួកគេមិនចង់វិលត្រឡប់ទៅ រដ្ឋរ៉ាក់ឃីនទេ ក្រោយពីភៀសខ្លួនចេញពីអំពើឃោរឃៅនានានៅក្នុងនោះ មានឃាតកម្មចាប់រំលោភ និងការដុតបំផ្លាញផ្ទះសំបែងរបស់ពួកគេ។
ក្រុមសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិនិយាយថា ការធ្វើមាតុភូមិនិវត្តន៍ ត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្តជាមួយនឹងសុវត្ថិភាពត្រូវបានធានានៅក្នុងរដ្ឋមួយជាទីដែលការស្អប់នៅតាមសហគមន៍នៅតែកើនឡើងខ្ពស់។
កង្វល់ជាច្រើន ក៏បាននិងកំពុងកើនឡើងជុំវិញស្ថានភាពនានានៅក្នុងមីយ៉ាន់ម៉ា ជាទីដែលភូមិរ៉ូហ៊ីងយ៉ារាប់រយ ត្រូវរុះរើបំផ្លាញចោលដោយក្រុម ទាហាន និងហ្វូងមនុស្សកាន់ព្រះពុទ្ធសាសនា ដោយមានការភ័យខ្លាចថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ នឹងត្រូវជាប់នៅតាមជំរំជាច្រើនរយៈពេលយូរនោះ៕