ក្រុងវ៉ាស៊ីនតោន: ក្រុម​មន្ត្រី​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក ម៉ៃ ផែន​ស៍ (Mike Pence) និង​ក្រុម​មន្ត្រី​កូរ៉េខាងជើង បាន​គ្រោង​បើក​កិច្ចប្រជុំ​សម្ងាត់​អំឡុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា ឆ្នាំ ២០១៨ នៅ​ក្នុង​ក្រុង Pyoengchang ប៉ុន្តែ ក្រុង​ព្យុងយ៉ាង បាន​លុប​ចោល​គម្រោង​បើក​កិច្ចចរចា​នោះ បន្ទាប់​ពី លោក​អនុ​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​ការ​រំលោភ​បំពាន​នានា​ពី «របប​ពិឃាត»។

លោក​ផែន​ស៍ មិនបាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ភាគី​កូរ៉េខាងជើង ថ្វីបើ លោក​បាន​អង្គុយ​នៅ​ក្នុង​ប្រអប់​ជាមួយ​គ្នា​ដូច​ពួកគេ​ដែរ នៅ​ឯ​ពិធី​បើក​ពហុ​កីឡា​នា​ដើម​ខែ​នេះ..ហើយ​លោក ក៏​មិន​បាន​ចាប់ដៃ​ជាមួយ​ប្រមុខ​រដ្ឋ​កិត្តិយស​របស់​កូរ៉េខាងជើង លោក គីម ជុងណាម (Kim Yong Nam) អំឡុង​កិច្ច​ទទួល​មេដឹកនាំ​មុន​នេះ បន្តិច។

លោក​អនុ​ប្រធានាធិបតី អាមេរិក​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​អាមេរិក ទៅ​ចូលរួម​ពិធី​បើក​ការ​ប្រកួត​កីឡា​បាន​ឲ្យ​ដឹង​នៅ​ពេល​នោះ​ថា លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​ឪពុក​របស់​អតីត​ឈ្មោះ Otto Warmbier ដែល​បាន​ស្លាប់​ទៅ​កាន់​ទឹកដី​កូរ៉េខាងត្បូង ដើម្បី «រំឭក​ពិភពលោក​អំពី​ភាព​សាហាវ​ឃោរ​ឃៅ​នានា ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង»។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី Heather Nauert ថា៖ «អំឡុង​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​របស់​អនុ​ប្រធានាធិបតី ទៅ​កាន់​កូរ៉េខាងត្បូង ដើម្បី​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​រួម និង​ការ​គាំទ្រ​ចំពោះ​ក្រុម​អត្តពលិក​អាមេរិក លទ្ធភាព​មួយ​បាន​កើត​ឡើង​ពាក់ព័ន្ធ​កិច្ច​ជំនួប​ដ៏​ខ្លី​មួយ​ជាមួយ​ក្រុម​ថ្នាក់​ដឹកនាំ​គណៈប្រតិភូ​របស់​កូរ៉េខាងជើង»។

លោក​អនុ​ប្រធានាធិបតី បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឆ្លៀត​ឱកាស​នេះ​នាំយក​ទៅ​មាតុ​ប្រទេស​វិញ​នូវ​ភាព​ចាំបាច់ ដែល​កូរ៉េខាងជើង​គួរ​លះបង់​ចោល​កម្មវិធី​ផលិត​មីស៊ីល​បាលីស្ទិក៕