ក្រុង​រ៉ូម: ​​​ក្រុម​ឆ្មាំ​ឆ្នេរ​សមុទ្រ​របស់​អុីតាលី​​​ បាន​ឲ្យ​ដឹង​ថា​​ក្រុម​ជន​ចំណាក​ស្រុក​ប្រហែល​ ១៤០០ ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​សមុទ្រ​ម៉េឌីទែរ៉ាណេ​ និង​បញ្ជូន​ទៅ​កាន់​តំបន់​មាន​សុវត្ថិ​ភាព​ កាល​ពី​ថ្ងៃ​អង្គារ​​ ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះចំនួន​​ពីរ​នាក់ ​ចេញ​ពី​ទូក​ដែល​ប៉ុន​ប៉ង​ធ្វើ​ដំណើរ​ដ៏​សែន​គ្រោះ​ថ្នាក់​ឆ្លង​កាត់​ដែន​សុទ្រ​នេះ​។​

អង្គ​ការ​សប្បុរស​ធម៌​អេស្ប៉ាញ់​​ Proactiva ​​Open​​Arms ​​​បាន​ថ្លែង​ថា ​​ក្រុម​ខ្លួន​បាន​ទៅ​ជួយ​សង្គ្រោះ​ទូក​មួយ​ដែល​ផ្ទុក​ចំណុះ​ច្រើន​លើស​លប់​​កំពុង​ដឹក​ជញ្ជូន​មនុស្ស​ប្រហែល​ ៤០០ ​នាក់​​នៅ​ក្នុង​ស្ថាន​ភាព​​ដែល​កំពុង​មាន​គ្រោះ​ថ្នាក់​ខ្លាំង​​ហើយ​ដែល​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​គឺ​ជា​កុមារ​ម្នាក់​។​

ទូក​របស់​ក្រុម​ប៉ូលិស​អុីតាលី​​ជា​ច្រើន​គ្រឿង​និង​ក្រុម​ល្បាត​ឆ្នេរ​សមុទ្រ​​​ ក្រុម​បេសក​កម្ម​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ របស់ ​​​EU​​​ ឈ្មោះ Sophia ​​​និង​ ​​Proactiva ​​​បាន​បើក​ប្រតិ​បត្តិ​ការ​​ជួយ​សង្គ្រោះ​​ដាច់​ដោយ​ឡែក​ពី​គ្នា​ ចំនួន​ ១១ ​​ដង ដើម្បី​ជួយ​ក្រុម​ជន​រង​គ្រោះ​ពី​ទូក​ទាំង​៧​ ដែល​៣​គ្រឿង​ជា​ទូក​តូច​ៗ​សាង​ពី​ឈើ​​ និង ​ទូក​ធំ​មួយគ្រឿង​​។​

ក្រុម​​ Proactiva​​ បាន​លើក​ឡើង​ថា​​ស្ត្រី​​ ១៧៥ ​នាក់​និង​ក្មេង ​៧៥ ​នាក់​​ស្ថិត​ក្នុង​ចំណោម​​ក្រុម​ជន​រង​គ្រោះ​ដែល​ក្រុម​ខ្លួន​បាន​ជួយ​សង្គ្រោះ​​ដោយ​បាន​បន្ថែម​ថា​​ពួក​គេ​បាន​ចំណាយ ​​«​ពេល​ជា​ច្រើន​​ម៉ោង​​ដឹក​ជញ្ជូន​ជា​ពីរ​ថ្នាក់​នៅ​ក្នុង​ស្ថាន​ភាព​ដែល​លក្ខខណ្ឌ​គ្រោះ​ថ្នាក់​ខ្លាំង​​។​​​ ទូក​នោះ​អាច​លិច​លង់​នៅ​ពេល​ណា​មួយ​»​។​

ក្រុម​នោះ​ដដែល​បាន​ថ្លែង​ថា​​​ ក្រុម​ជន​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាំង​នោះ ​«​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ស្ទើរ​តែ​ស្លាប់​»​។​

យោង​តាម​ប្រភព​ព័ត៌​មាន ​ពី​ក្រសួង​ការ​បរ​ទេស ​អុីតាលី ​​​បាន​ឲ្យ​ដឹង​ថា ​​​ក្រុម​ជន​រង​គ្រោះ​ជិត ​១ ០០០ ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​​ដឹក​ជញ្ជូន​ទៅ​កាន់​អុីតាលី ​​ចាប់​តាំង​ពី​​ដើម​ឆ្នាំ​​ដោយ​ក្រុម​ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​​បាន​ធ្លាក់​ចុះ​ ៦០ ​ភាគ​រយ ​​ក្នុង​ដំណាក់​កាល​តែ​មួយ​កាល​ពី​ឆ្នាំ​ទៅ​​។​​

តួ​លេខ​នៃ​ចំនួន​ក្រុម​ជន​ចំណាក​ស្រុក​ដែល​ជួយ​សង្គ្រោះ​ចេញ​ពី​ទូក​ចាស់​ៗ​គ្មាន​សុវត្ថិ​ភាព​បាន​ធ្លាក់​ចុះ​​យ៉ាង​ខ្លាំង​​ចាប់​តាំង​ពី​អុីតាលី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​គាំទ្រ​ដោយ​ក្រុង ​ប្រ៊ុច​សែល ​ដ៏​ចម្រូង​ចម្រាស​មួយ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ​​​ដោយ​តម្រូវ​ដាក់​កង​កម្លាំង​នៅ​ក្នុង​ទឹក​ដី​ លីប៊ី​​ ដើម្បី​ទប់​ស្កាត់​ក្រុម​ជន​ចំណាក​ស្រុក​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​។​

ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​ឲ្យ​ដឹង​​ថា ​​ក្រុម​ជន​រង​គ្រោះ ​​១៧៣ ​នាក់​បាន​ស្លាប់​ ខណៈ​កំពុង​ព្យាយាម​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ពី​ទ្វីប​ អាហ្រ្វិក​ខាង​ជើង ​​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ នេះ​៕ ​​AFP/​ប្រែ​សម្រួល​ដោយ​សុឹម ​​សានិត