ក្រុងបាហ្សារៈ ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុងតែ​រស់នៅ​តំបន់ស បាន​បដិសេធ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុងការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា បើ​គ្មាន​ការ​ធានា​ពី​ការ​ទទួល​បាន​សញ្ជាតិ និង​សន្តិសុខ​បន្ទាប់​ពី​មន្ត្រី​បង់ក្លាដែស និង​មីយ៉ាន់ម៉ា​បាន​ជួប​ពិភាក្សាគ្នា​អំពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​មក​មីយ៉ាន់ម៉ា​វិញ។

ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា ៦០០០ នាក់​ក្នុង​ចំណោម​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដំបូង​គេ​បង្អស់ ដោយសារ​តែ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ពី​សំណាក់​កងទ័ព​មីយ៉ាន់ម៉ា​ទៅ​លើ​ជនជាតិ​ភាគ​តិច​មូស្លីម​នៅ​ចុង​ខែ​សីហា។ ពួកគេ​បាន​រស់នៅ​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ស​ចន្លោះ​ប្រទេស​ទាំង ២។

នៅ​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ពួកគេ​បាន​ទទួល​រង​សម្ពាធ​ដែល​ជំរុញ​ឲ្យ​ពួកគេ​វិល​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ហើយ​រដ្ឋមន្ត្រី​របស់​មីយ៉ាន់ម៉ា ក៏បាន​ព្រមាន​អំពី «ផលវិបាក ជាច្រើន» ប្រសិន​បើ​ពួកគេ​នៅ​តែ​បន្ត​រស់​នៅ​លើ​តំបន់​គ្មាន​អ្នក​កាន់​កាប់​ទៅ​ទៀត។

ប៉ុន្តែ ប្រធាន​សហគមន៍​លោក DilMohammad បាន​ប្រាប់​សារព័ត៌​មាន​បារាំង AFP ថា ពួកគេ​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ទេ ប្រសិន​បើ​ពួកគេ​មិន​ទទួល​បាន​ការ​ធានា​ចំពោះ​សន្តិសុខ​សញ្ជាតិ និង​សំណង​សម្រាប់​ការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅ​អំឡុង​ពេល​បង្ក្រាប​របស់​កងទ័ព​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «យើង​នឹងមិន​វិលត្រឡប់​ទៅកាន់​ផ្ទះសំបែង និង​ភូមិឋាន​របស់​យើង​នៅ​មីយ៉ាន់ម៉ា​វិញ​ទេ បើ​គ្មាន​ការ​ធានា​ត្រឹម​ត្រូវ។ យើង​ចង់​បាន​សញ្ជាតិ សិទ្ធិ​ទាំងអស់ សន្តិសុខ​សម្រាប់​ជីវិត​របស់​ពួក​យើង និង​ទ្រព្យសម្បតិ្ត និង​សំណង»។

ប្រជាជន​មី​យ៉ាន់ម៉ា​កាន់​ព្រះពុទ្ធ​សាសនា​ភាគច្រើន​បដិសេធ​ការ​ប្រគល់​សញ្ជាតិ​ទៅ ឲ្យ​ជន​រ៉ូហ៊ីងយ៉ា៕