ក្រុងតូក្យូ: នាយករដ្ឋមន្ត្រី​ជប៉ុន និង​អូស្ត្រាលី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច ជំរំ​ហ្វឹកហ្វឺន​យោធា​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ប្រទេស​ទាំង ២ ស្វះ​ស្វែងរក​ការ​រឹត​បន្តឹង​ចំណង​ទាក់ទង​ការពារ​ជាតិ ស្រប​ពេល​កំពុង​ប្រឈម​ជាមួយ​វិបត្តិ​នៅ​កូរ៉េខាងជើង។

លោក Malcolm Turnbull និង នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ នឹង​ធ្វើ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​មួយ ស្តីអំពី​កិច្ច​ប្រតិបត្តិការ​ការពារ​រួម និង​សមយុទ្ធ​យោធា ដោយ​បាន​ផ្តោត​ការ​ចាប់​អារម្មណ៍​មួយ​ផ្នែក​ផង​ដែរ​ទៅ​លើ​ចិន ខណៈ​ប្រទេស​មហា​អំណាច​នៅ​ទ្វីប​អាស៊ី​មួយ​នេះ​កំពុង​ព្យាយាម​ធ្វើការ​ពង្រីក​មហិច្ឆតា​ដែន​សមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នោះ។

ក្រុម​អ្នកការទូត កំពុង​ព្យាយាម​ធ្វើ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ការពារ​ជាតិ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ ជា​ប្រភេទ​កិច្ច​ព្រម​ព្រៀង​ដំបូង​មួយ សម្រាប់​ជប៉ុន ហើយ​វា​នឹង​ធ្វើ​ឲ្យ​ អូស្ត្រាលី ​ក្លាយជា​ដៃគូ​ប្រតិបត្តិការ​យោធា​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​ក្រុង​តូក្យូ បន្ទាប់​ពី​មហាអំណាច​យោធា និង​សេដ្ឋកិច្ច គឺ​សហរដ្ឋ​អាមេរិក។

កិច្ចព្រមព្រៀង​នេះ តាម​ការ​ឲ្យ​ដឹង នឹង​អាច​ធ្វើ​មូលដ្ឋាន​មួយ​សម្រាប់​បង្ក​លក្ខណ:​ងាយ​ស្រួល​ដល់​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ជប៉ុន នៅ​ក្បែរ​ឆ្នេរ​ដារវីន (Darwin) ជា​ទី​ក្រុង​អូស្ត្រាលី​មួយ​នៅ​ភាគ​ខាងជើង ដែល​បាន​រង​ការ​វាយ​ប្រហារ​ពី​ការ​ទម្លាក់​គ្រាប់បែក​ដ៏​ធ្ងន់ធ្ងរ​បំផុត​ពី​សំណាក់​កងទ័ព​ជប៉ុន​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ (WWII)។

អ្នកការទូត​ជប៉ុន​ម្នាក់ បាន​ថ្លែង​នៅ​មុន​បើក​កិច្ចចរចា​នោះ​ថា៖ «កិច្ច​ព្រមព្រៀង (ខាង​ផ្នែក​យោធា) នៅ​ពេល​ដែល​ត្រូវ​បាន​សម្រេច​ធ្វើ​ឡើង​នោះ​នឹង​ក្លាយជា​សសរ​ទ្រូង​ដ៏​រឹងមាំ​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​រវាង​ជប៉ុន និង​អូស្ត្រាលី»។

រដ្ឋ​មូលធន​និយម​ទាំង ២ នេះ បាន​លើក​ឡើង​ថា ការ​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​យោធា​មាន​សារៈ​សំខាន់​ខ្លាំង ដោយ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​តាន​តឹង​នៅ​ក្នុង​តំបន់​ជាមួយ​កម្មវិធី​ផលិត​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង ដោយ​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្បាស់​អំពី​ជម្លោះ​នុយក្លេអ៊ែរ ជាង​នៅ​ពេល​ណាមួយ ចាប់​តាំ​ងពី​យុគសម័យ​សង្គ្រាម​ត្រជាក់​មក​ម្ល៉េះ។

ការពង្រីក​ឥទ្ធិពល​យោធា​និង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ចិន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏បាន​ជំរុញ​ឲ្យ​ជប៉ុន​និង​អូស្ត្រាលី​ធ្វើការ​សហប្រតិបត្តិការ​ផ្នែក​យោធា​កាន់​តែ​ជិត​ស្និទ្ធ។ នៅ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះ លោក Turnbull បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​បន្ថែម​សម្ពាធ​លើ​កូរ៉េខាងជើង។

លោក​បាន​បន្ថែម​ថា៖ «ជប៉ុន និង ​អូស្ត្រាលី​មានការ​បង្រួប​បង្រួម​គ្នា​យ៉ាង​ស្អិត​ល្មួត​បំផុត​នៅ​ក្នុង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ធ្វើការ​ធានា​ថា សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​ដ៏​ខ្លាំងក្លា​បំផុត​លើ​កូរ៉េខាងជើង ដើម្បី​ធានា​ថា របប​នេះ ភ្ញាក់​ខ្លួន និង​បញ្ឈប់​ការ​គំរាម​និង​ទង្វើ​ឥត​កោត​ក្រែង​របស់​ខ្លួន»។

អំឡុង​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​របស់​លោក លោក Turnbull នឹង​ចូលរួម​កិច្ចប្រជុំ​ពិសេស​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ជប៉ុន និង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ស្ថានីយ រថភ្លើង​ក្នុង​តូក្យូ ជា​ស្ថានីយ​មួយ​មាន​ភាព​មមាញឹក​ជាងគេ​បំផុត​នៅ​ក្នុ្ង​សាកលលោក។

មន្ត្រី​ជប៉ុន​ម្នាក់​ថ្លែង​ថា៖ «យើង​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី គាំទ្រ​វិស័យ​នេះ» ៕