ជំរំជន​ភៀស​ខ្លួន ​​ZAATARI: ​​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ (​អ.ស.ប.​)​​នាង​អេនជេលីណា​ ​​ជោលី​ ​​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គ​ការ​ សហ​ប្រ​ជា​ជាតិ​ ស្វែង​រក​មធ្យា​ណា​មួយ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សង្គ្រាម​នៅ​ស៊ីរី​​ដែល​បាន​អូស​បន្លាយ​ជិត​៨​ឆ្នាំ​នេះ​​​ ​​អំឡុង​ទស្សន​កិច្ច​នៅ​ជំរំ​ជន​ភៀស​ខ្លួន​​ស៊ីរី​​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ហ្ស៊ក​ដង់​។​

តារា​​ភាព​​យន្ត​ហោះ​​ ហូលី​វូដ​​ រូប​នេះ​បាន​ថ្លែង​នៅ​ជំរំ​​ Zaatari ​​ថា ​​​៖ ​«​វាជា​រឿង​គួរ​ឲ្យ​រកាំ​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ ហ្ស៊កដង់ ​វិញ​និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​កម្រិត​នៃ​ទុក្ខ​លំបាក​និង​វិបត្តិ​ផ្លូវ​ចិត្ត ​គឺ​ជំងឺ​បាក់​ស្បាត​នៅ​ក្នុង​ចំណោម​ក្រុម​ជន​ភៀស​ខ្លួន​នៅ​ស៊ីរី​ ខណៈ​សង្គ្រាម​នេះ​បាន​ឈាន​​ចូល​ដល់​ឆ្នាំ​ទី​ ៨ ​របស់​ខ្លួន​នោះ​»​។​

នាង​ ជោលី​ ប្រេសិត​ពិសេសតំណាង​ឲ្យ​ឧត្តម​ស្នង​ការ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួ​ល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន ​(UNHCR) ​បាន​ថ្លែង​ថា​ ក្រុម​ប្រទេស​នៅ​ជិត​ខាង​ស៊ីរី​មាន​ដូច​ជា​ ហ្ស៊ក​ដង់​ លីបង់ តួកគី និង​ អុីរ៉ាក់ ពេល​នេះ បាន​ទទួល​ក្រុម​ជន​ភៀស​ខ្លួន​មក​ពី​តំបន់​មានជម្លោះ​នេះ​ប្រហែល ​៥,​៥​ លាន​នាក់​។

នាង​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​គ្រួសារ​ដែល​កំពុង​រស់​នៅ​ក្នុង​ជំរំ​ដែល​ទទួល​ក្រុម​ជន​ភៀស​ខ្លួន​ប្រហែល​ ៨ ម៉ឺន​នាក់ថា៖​«​ពួក​គេ​ពិត​ជា​គំរូ​មួយ​ចំពោះ​ពិភព​លោក​នា​ពេលមួយ​ដែល​ថា​ ​ជំនួយ​ឧប​ត្ថម្ភ​ដែល​មាន​ជា​មួយក្រុម​ជនភៀស​ខ្លួន​មាន​ចំនួន​បន្តិច​បន្តួច​»។​

នាង​បាន​ថ្លែង​ថា៖ «​ជំនួយ​មនុស្ស​ធម៌​មិន​មែន​ជា​ដំណោះ​ស្រាយ​សម្រាប់​រយៈ​ពេល​យូរ​អ្វែង​នោះ​ទេ» ដោយ​បាន​ជំ​រុញ​ឲ្យគ្រប់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ ទាំង​អស់ចាត់​វិធាន​ការ​និង​ដោះ​ស្រាយ​បញ្ហា​ពី​វិបត្តិ​នៃ​សង្គ្រាម​នេះ​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​មីនា ​ឆ្នាំ ២០១១។

នាង​បាន​ថ្លែង​ថា៖​«​នេះ​គឺ​ជា​វិបត្តិ​មួយ​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។ ទី​ភ្នាក់​ងារ​ UNHCR មិន​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​​ផ្តល់​ជូន​ដោយ​ពេញ​លេញ​ទាំង​ស្រុង​ឡើយ សូម្បីស្បៀង​និង​ឧបត្ថម្ភ​ចាំ​បាច់​បំផុត​ដទៃទៀត»។

នាង​បាន​ថ្លែង​ថា ការ​ឆ្លើយ​តប​ពី ​UNHCR ចំពោះ​ជម្លោះ​​នៅ​ស៊ីរី ​«មាន​តែ​ ៥០ ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ជា​ថវិកា​បាន​»​​កាល​ពី​ឆ្នាំមុន ​ហើយ​តែ​ ៧ ​ភាគ​រយ​ប៉ុណ្ណោះ​​ គិតចាប់​តាំង​ឆ្នាំ ​២០១៨៕ AFP/ ប្រែ​សម្រួល​ដោយ សុឹម សានិត

ប្រេសិត​ពិសេស​របស់​ទី​ភ្នាក់​ងារ​ UN ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ នាង អេនជេលីណា ជោលី ធ្វើ​សន្និសីទកាសែត មួយ​ អំឡុងទស្សន​កិច្ច​មួយ​ទៅ ជំរំ​ភៀសខ្លួន Zaatari នៅ​ហ្ស៊កដង់ កាលពី​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨។ AFP