ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់​ត្រាំ ស្នើ​ឲ្យ​គ្រូបង្រៀន ជួយ ទប់​ស្កាត់​ការ​បាញ់​ប្រហារ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន ខណៈ​លោក​បាន​រៀបចំ​ជំនួប​យ៉ាង​រំជួល​ចិត្ត​មួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ឯ​សេត​វិមាន​ជាមួយ​ក្រុម​អ្នក​រួច​ផុត​ជីវិត​ពី​ការ​បាញ់ ប្រហារ ដែល​បណ្តាល​ឲ្យ​មនុស្ស ១៧ នាក់​បាន​ស្លាប់​នៅ​ក្នុង​វិទ្យាល័យ​មួយ​នៅ​រដ្ឋ​ហ្វ្លរីដា។

លោក​ត្រាំ ក៏បាន​សន្យា​ធ្វើការ​ស្រាវជ្រាវ​ប្រវត្តិរ​បស់​ម្ចាស់​កាំភ្លើង​ក្នុង​អំឡុង «ជំនួប​ស្តាប់» គួរ​ឲ្យ​រំជួល​ចិត្ត​នៅ​ក្នុង​អ្វី​ដែល​លោក បាន​ឮ​ពី​ដំណើរ​រឿង​ដំបូង​ពី​ឪពុកម្តាយ និង​មិត្តភក្តិ និង​ក្មេង​សិស្ស​សាលា ដែល​រត់​ប្រាស​អាយូស ដើម្បី​រួច​ជីវិត​របស់​ពួកគេ។

លោក​ត្រាំ ថ្លែងថា៖ «ប្រសិនបើ​អ្នកមាន​គ្រូបង្រៀន​ម្នាក់​ដែល​មាន​ជំនាញ​ខាង​ប្រើប្រាស់​អាវុធ ពួកគេ អាច​បញ្ចប់​ការ​វាយ​ប្រហារ​បាន​យ៉ាង​ឆាប់​រហ័ស ដោយ​បាន​បញ្ជាក់​ថា ២០ ភាគរយ​នៃ​គ្រូ​បង្រៀន​នៅ​តាម​សាលា​រៀន​ទាំង​អស់ អាច​ត្រូវបាន​បណ្តុះ​បណ្តាល​ឲ្យ​កាន់​និង​ប្រើប្រាស់​កាំភ្លើង។

លោក បាន​បន្ថែម​ថា៖ «នេះ​នឹង​សម្រាប់តែ​មនុស្ស ដែល​មាន​ជំនាញ​គ្រប់​គ្រង​អាវុធ»។

លោកត្រាំ ចាប់ដៃ​ជាមួយ​សិស្ស​សាលា Stoneman Douglas ឈ្មោះ Ariana Klein (ស្តាំ​)។ AFP

ជំនួប​នៅ​សេត​វិមាន ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ បា​នកើត​ឡើង ខណៈ​ក្រុម​និស្សិត​បាន​ធ្វើការ​តវ៉ា​តាម​ដង​ផ្លូវ​នៅ​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​រឹត​បន្តឹង​ច្បាប់​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​បណ្តាល​ឲ្យ​ក្មេង​ជំទង់ ១៤ នាក់ និង​គ្រូ​បង្រៀន ៣ នាក់​បាន​ស្លាប់​នៅ​វិទ្យាល័យ Stoneman Douglas ក្នុង​ក្រុង​ផាកឡែន​ដ៍​នៃ​រដ្ឋ​ហ្វ្លរីដា។

យុវជន​ដែល​រួចផុតជីវិត​ពី​ការ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បាន​ជួបជុំ​គ្នា​នៅ​ខាងក្រៅ​វិមាន​កា​ពីតូល​នៃ​រដ្ឋ​ហ្វ្លរីដា ដោយ​កាន់​បដា​សរសេរ​ថា «មិន​កើត​ឡើង​ម្តង​ទៀត​ទេ» ចូរ​មនុស្ស​ពេញ​វ័យ​ទាំង​អស់​ធ្វើ​អ្វីមួយ ដើម្បី​ទប់ស្កាត់​ការ​បាញ់​ប្រហារ​បែប​នេះ។

សិស្ស​វិទ្យាល័យ Stoneman Douglas ឈ្មោះ Florence Yared បាន​ប្រាប់​ហ្វូង​មនុស្ស​ដែល​មាន​អ្នក​គាំទ្រ​រាប់ពាន់​នាក់​ថា ខ្ញុំ​លែង​អាច​ដើរ​តាម​អគារ​បាន​ទៀត​ហើយ ពីព្រោះ​ពី​មុន ខ្ញុំ​បាន​ដើរ​រាប់​លាន​ដង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​ភាព​ក្រៀម​ក្រម​សោក​សៅ​អ្វី​ឡើយ»។

ជំនួប​នៅ​សេត​វិមាន ត្រូវបាន​ចូលរួម​ដោយ​សិស្ស​វិទ្យាល័យ Stoneman Douglas ឪពុកម្តាយ​របស់​ពួកគេ និង​ឪពុកម្តាយ​របស់​ជន​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​នោះ៕

លោក​ត្រាំ ចូលរួម​ជំនួប​​ស្តីពី​ហិង្សា​ដោយ​ប្រើ​ប្រាស់​កាំភ្លើង​​។ ​AFP

សិស្ស​សាលា​​ដែល​រួច​ផុត​ជីវិត​ពីការ​បាញ់​សម្លាប់​ឈ្មោះ Zeif យំ។ AFP