Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​ ទិញ​រថ​ពាសដែក ៣៤ គ្រឿង​ក្នុង​តម្លៃ ២,៣ ពាន់​លានបាត

Content image - Phnom Penh Post
រថ​ពាសដែក VN1​ ដែល​កងទ័ព​ភូមិន្ទ​ថៃ​ បញ្ជា​ទិញ​ចំនួន ៣៤ គ្រឿង​ក្នុង​តម្លៃ​ជាទឹក​ប្រាក់ ២,៣ ពាន់​លានបាត​ពី​ប្រទេស​ចិន។ China Defence

ថៃ​ ទិញ​រថ​ពាសដែក ៣៤ គ្រឿង​ក្នុង​តម្លៃ ២,៣ ពាន់​លានបាត

ក្រុងបាងកកៈ កងទ័ព និង​រដ្ឋាភិបាល​ថៃ​កាល​ពីថ្ងៃ​ពុធ បាន​ការពារ​សេចក្តី​សម្រេច​ចិត្ត​មួយ ដើម្បី​ទិញ​រថពាស​ដែក ៣៤ គ្រឿង​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ២,៣ ពាន់​លានបាត​ពីចិន ដោយ​បាន​លើក​ឡើង​ថា ការ​កុម្ម៉ង់​ទិញ​គ្រឿង​យុទ្ធភណ្ឌ​ទាំងនេះ ស្រប​ជាមួយ​នឹង​តម្រូវការ​ការពារជាតិ​របស់​ប្រទេស​នេះ និង​ផែនការ​អភិវឌ្ឍន៍​ជាតិ។

មេបញ្ជាការ​កងទ័ព​លោក Chalermchai Sittisart បាន​ថ្លែង​ថា គម្រោង​ទិញ​រថពាស​ដែក​កង់​កៅស៊ូ VN1 ត្រូវបាន​សិក្សា​យ៉ាង​ហ្មត់ចត់ ដោយ​គណៈកម្មាធិការ​យោធា​មួយ ដែល​ទទួល​បាន​អ្នកដេញ​ថ្លៃ​មកពី​ប្រទេស ជាច្រើន ដែល​នៅ​ក្នុង​នោះ​មាន​រុស្ស៊ី និង​អ៊ុយក្រែន។ លោក​បាន​ថ្លែង​ថា កត្តា​មួយ​ចំនួន ត្រូវបាន​ពិចារណា​រួមទាំង​តម្លៃ​សមត្ថភាព​ផលិតផល​និង​សេវាកម្ម​ធានា​រ៉ាប់រង បន្ទាប់​ពីបាន​ទិញ​យក​ទៅ​ប្រើប្រាស់។

លោក​ឧត្តមសេនីយ៍ Chalermchai បាន​ថ្លែង​ថា៖ «រថពាស​ដែក​ផលិត​នៅ​ចិន​មាន​តម្លៃ​សមស្រប​បំផុត។ យើង​មិនបាន​ជ្រើសរើស​ក្រុមហ៊ុន​ផលិត​ទាំងនោះ ពីព្រោះ​យើង​ចង់​សម្រេច​កិច្ចការ​មួយ​នេះ​ជាមួយ​ប្រទេស​ចិន​តែមួយ​ប៉ុណ្ណោះ»។

លោក​បាន​បង្ហាញ​ពីគម្រោង​ដើម្បី​ទិញ​រថពាស​ដែក ៣៤ គ្រឿង​ពីចិន​កាល​ពីដើម​ខែ​មុនភ្លាមៗ បន្ទាប់​ពីកង​ទាហាន​ជើងទឹក បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ដើម្បី​ទិញ​នាវាមុជទឹក​ប្រភេទ S26TYuan-class មាន​តម្លៃ​ជា​ទឹកប្រាក់ ១៣,៣ ពាន់​លានបាត​ពីចិន​ដែរ​នោះ។

នៅពេល​នោះ លោក​បាន​ថ្លែង​ថា​សំណើសុំ​ទិញ​រថពាស​ដែក VN-1 ត្រូវបាន​បញ្ជូន​ទៅ​ក្រសួង​ការពារជាតិ ដែល​បាន​ដាក់​បញ្ជូន​ឯកសារ​ស្នើ​នោះ​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សម្រេច។ យោធា​នោះ មិនបាន​បើក​ចំហ​ការទិញ​អាវុធ​ទេ។ តាមពិត កងទ័ព​បាន​បញ្ជា​ទិញ​តាំងពី​ខែមីនា​ឆ្នាំ​ទៅ ប៉ុន្តែ​មិន​បាន​ប្រកាស​ឲ្យដឹង​ជាសាធារណៈ​រហូតដល់​ខែ​ឧសភា។

រដ្ឋាភិបាល ក៏បាន​សារភាព​កាល​ពីដើម​ឆ្នាំនេះ​ថា ខ្លួន​រក្សា ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​តម្លៃ​ជាសម្ងាត់ និង​ព័ត៌មាន​លម្អិត​អំពី​ការទិញ​នាវាមុជទឹក Yuan-class មួយ​គ្រឿង។ ខ្លួន​បាន​ព្យាយាម​ស្តីបន្ទោស​ការលាក់​បាំង​ព័ត៌មាន​ទាំង​នោះ​ពីប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​មិន​សាកសួរ​នៅ​ជំនួប​គណៈរដ្ឋមន្ត្រី​ជាទី​ដែល​ព័ត៌មាន​លម្អិត​នៃការ​ទិញ​ត្រូវបាន​អនុម័ត។

ថ្មីៗ​នេះ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​គម្រោង​ទិញ​នោះ ដែល​នឹងត្រូវ​បញ្ចូល​ទៅ​ក្នុង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​កងទ័ព​សម្រាប់​ឆ្នាំ ២០១៧ និង ២០២១៕

Content image - Phnom Penh Post
ទាហាន​ថៃដើរ​ក្បួន​នៅក្នុង​អំឡុង​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​។ AFP

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ