ក្រុង​ប៉េកាន់​បារូ​: ​ប្រទេស​ឥណ្ឌូ​នេស៊ី​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ពន្លត់​អគ្គិភ័យ​ដ៏​ធំ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ខណៈ​ប្រទេស​នេះ​បាន​ប្រកាស​អាសន្ន​ជុំ​វិញ​បញ្ហា​អគ្គី​ភ័យ​​ដែល​បាន​កើត​ឡើង​រៀង​រាល់​ឆ្នាំ​និង​បាន​បង្ក​ជា​ដុំ​ផ្សែង​​ដែល​អាច​គ្រប​លើ​ប្រទេស​ជិត​ខាង​គឺ​សិង្ហបុរី​និង​​ម៉ាឡេស៊ី​។​

បាតុ​ភូត​អគ្គី​ភ័យ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត​ទាំង​៤​មាន​ដូច​ជា​ស៊ូម៉ាត្រា​ខាង​ត្បូង​ ​ខេត្ត​ ​Riau ​ខេត្ត​ Kalimantan ​ខាង​លិច​ ​និង​​ខេត្ត ​Kalimantan​ កណ្តាល​​ដោយ​បាន​បង្ក​ខេត្ត​ទាំង​នេះ​​ប្រកាស​ស្ថាន​ភាព​នៃ​ភាព​អាសន្ន​​ដែល​ខេត្ត​​មួយ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​បំផុត​។​

ផ្ទៃ​ដី​រាប់​រយ​ហិកតារ​ត្រូវ​បាន​បំផ្លាញ​កាល​ពី​សប្តាហ៍​មុន​ហើយ​ដែល​រដ្ឋាភិ​បាល​កំពុង​បង្កើន​កិច្ច​ខិត​ខំ​ដើម្បី​​ពន្លត់​អគ្គី​ភ័យ​នេះ​។​ អគ្គិ​ភ័យ​នេះ​ជា​ញឹក​ញាប់​ត្រូវ​បាន​បង្ក​ឡើង​ ដោយ​ក្រុម​កសិ​ករ​ដែល​ប្រើ​ប្រាស់​ភ្លើង​ដើម្បី​សំអាត​ផ្ទៃ​ដី​សម្រាប់​ការ​ធ្វើ​កសិ​កម្ម​។​

មន្ត្រី​មក​ពី​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​លោក ​​Sutopo​ ​Purwo​ ​Nugroho ​បាន​ថ្លែង​ថា​៖​«​​ពេល​នេះ​​យើង​​កំពុង​ត្រៀម​យន្ត​ហោះ​សម្រាប់​បាញ់​សារ​ធាតុ​គីមី​​ និង ឧទ្ធម្ភាគ​ចក្រ​សម្រាប់​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​​។​

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ទី​ភ្នាក់​ងារ​នឹង​ដាក់​ពង្រាយ​ទាហាន​​ប៉ូលិស​ ​និង​ក្រុម​ពន្លត់​អគ្គិ​ភ័យ​​ព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​ជួយ​ពន្លត់​អគ្គិភ័យ​។​ បាតុ​អគ្គិ​ភ័យ​ដែល​បាន​កើត​ឡើង​ប្រចាំ​នៅ​លើ​កោះ​ស៊ូម៉ាត្រា​​និង​​ផ្នែក​មួយ​នៃ​ដែន​កោះ​ Borneo ​​នៅ​ឥណ្ឌូ​នេស៊ី​​ តែង​កើត​​អំឡុង​​រដូវ​​ប្រាំង​​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ខែ​​ដែល​ជា​ធម្មតា​​ចាប់​ផ្តើម​កើត​ឡើង​ក្នុង​ខែ​មករា​។​

អំឡុង​បាតុ​ភូត​អគ្គី​ភ័យ​​ដ៏​ធំ​មួយ​ក្នុង​ឆ្នាំ​ ២០១៥​ នៅ​ក្នុង​ឥណ្ឌូនេស៊ី​ បាន​ឆេះ​កម្ទេច​ផ្ទៃ​ដី​ប្រហែល​ ២ ​លាន​ហិកតារ​និង​បាន​បង្ក​ជា​ផ្សែង​អ័ព្ទ​ដ៏​ធំ​មួយ​ដកល់​សិង្ហបុរី​និង​ម៉ាឡេស៊ី​​ដែល​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​ទំនាក់​ទំនង​ការ​ទូត​។​

ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មួយ​​របស់​អាមេរិក​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា​ វិបត្តិ​នេះ​បាន​នាំ​ឲ្យ​មាន​អត្រា​អ្នក​ស្លាប់​មុន​កំណត់​​ជាង ​១០ ​ម៉ឺន​ករណី​៕​