Search

Search form

បារាំង៖ EU មិន​គួរ​ធ្វើ​ឲ្យ UK អាម៉ាស​ អំឡុង​កិច្ច​ប្រជុំ​ស្តីពី​បញ្ហា​គម្រោង Brexit

Content image - Phnom Penh Post
លោក Michel Barnier មន្ដ្រីជាន់ខ្ពស់នៃ​សហភាព​អឺរ៉ុប (EU) ថ្លែងអំឡុង សន្និសីទ​កាសែតមួយ ​នៅគណៈកម្មការ​អឺរ៉ុប ក្នុង​ទី​ក្រុង ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ ២០១៨។ AFP

បារាំង៖ EU មិន​គួរ​ធ្វើ​ឲ្យ UK អាម៉ាស​ អំឡុង​កិច្ច​ប្រជុំ​ស្តីពី​បញ្ហា​គម្រោង Brexit

ក្រុង​​ប៉ារីស​​: អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​​បារាំង ​មួយ​រូប​បាន​ថ្លែង ​កាល​ពី​ថ្ងៃ​​ចន្ទ​​ថា សហ​ភាព​អឺរ៉ុប ​(EU)​ មិន​គួរ​​ធ្វើ​ឲ្យ​​អង់គ្លេស ​​«​អាម៉ាស់​មុខ​»​​ នៅ​ក្នុង​កិច្ច​ចរចា​ស្តី​អំពី​បញ្ហាគម្រោង ​Brexit ដោយ​​ធ្វើ​​ការ​​ព្រមាន​ថា​​ វិធី​សាស្ត្រ​បែប​ហ្នឹង​​នឹង​ជួយ​ពង្រឹង​មនោសញ្ចេតនា​ប្រឆាំង​​​ EU ​មុន​ពេល​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​នា​ឆ្នាំ​ក្រោយ​។​

អ្នក​នាំ​ពាក្យ​​ លោក ​​Benjamin ​​Griveaux​​ បាន​ថ្លែង​ប្រាប់​សមាគម​អ្នក​សារ​ព័ត៌​មាន​ អង់គ្លេស​-អាមេរិកាំង​​ ក្នុង​ទី​ក្រុង​ ប៉ារីស​ (AAPAP)​ ថា​៖​​ «​តួ​នាទី​របស់​ពួក​យើង​មាន​លក្ខណៈ​សាមញ្ញ​​។​​ មិន​មាន​​បញ្ហា​​ចោទ​ពី​ការ​​ដាក់​​ទណ្ឌ​​កម្ម​​ចំពោះ​​បុគ្គល​ណា​ម្នាក់​ឡើយ​ ពាក់​ព័ន្ធ​បញ្ហា​នៃ​គម្រោង​ Brexit​»​។​

លោក Griveaux ​បាន​ថ្លែង​ថា ​ការ​បាត់​បង់​សមាជិក​ EU ​ណា​មួយ ​«​មិន​ដែល​ជា​ដំណឹង​​ល្អ»​​ឡើយ​​ ហើយ​​យើង​មិន​គួរ​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​ ឬ​ដាក់​ទណ្ឌ​កម្ម​ចំពោះ​ពួក​គេ​ឡើយ​»​។

លោក​បាន​ថ្លែង​ថា៖ ​«​បញ្ហា​ហ្នឹង​​គឺ​ជា​រឿង​ដ៏​អាក្រក់​បំផុត​ដែល​អាច​​កើត​ឡើង​ ហើយ​ ខ្ញុំ​គិត​ថា​ វា​​នឹង​​ធ្វើ​ឲ្យ​​មនោ​​សញ្ចេតនា​ប្រឆាំង ​អឺរ៉ុប ​កាន់​តែ​ពុះ​ពោរ​និង​ខ្លាំង​ក្លា​​ឡើង​នៅ​ក្នុង​ប្រទេស​​ជា​​ច្រើន ​​ដែល​យើង​នឹង​ប្រារព្ធ​ធ្វើ​ការ​បោះ​ឆ្នោត​អំឡុង​ពេល​មួយ​ឆ្នាំ​»​ ដោយ​បាន​ព្រមាន​ថា​ ក្រុម​អ្នក​ប្រឆាំង​ចំពោះ​ការ​រីក​លូត​លាស់​​របស់​អឺរ៉ុប​អាច​ឈ្នះ​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​សភា​អឺរ៉ុប​ ជា​លើក​ដំបូង​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០​១៩​។​

កាល​ពី​សប្តាហ៍​មុន​ ក្រុម​សមាជិក​សភា​អង់គ្លេស​គាំទ្រ​គម្រោង​ Brexit​ បាន​ប្រតិ​កម្ម​យ៉ាង​ក្រេវ​ក្រោធ​ទៅ​នឹង​ពង្រាង​គម្រោង​មួយ​ចំនួន​ធ្វើ​ឡើង​ដោយ​ EU ​ដើម្បី​ដាក់​ទណ្ឌ​កម្ម​ចំពោះ​អង់គ្លេស​ប្រសិន​បើ​ប្រទេស​នេះ​បាន​បំពាន​លើ​បញ្ញត្តិ​ក្នុង​រយៈ​ពេល​ជា​អន្ត​រ​កាល​ក្រោយ​ការ​ចាក​ចេញ​ពី​ប្លុក ​EU រ​របស់​អង់​គ្លេស​​​តាម​រយៈ​ការ​ទប់​ស្កាត់​រារាំង​ច្រក​របស់​ប្រទេស​នេះ​ទៅ​​កាន់​ទី​ផ្សារ​ទោល​។​

នៅ​​ក្នុង​​សេច​ក្តី​ព្រាង​​កិច្ច​​ព្រម​​ព្រៀង​​មួយ​​របស់​​ខ្លួន​​សម្រាប់​​ដំណាក់​​កាល​​អន្ត​រ​​កាល​ ​ខែ​មីនា ​ឆ្នាំ​ ២០​១៩ ​​និង​​ខែ​​ធ្នូ ​​ឆ្នាំ​ ​២០​២០ ​នោះ ​EU​​ បាន​​លើក​​ឡើង​​ថា ​ខ្លួន​​នឹង​​មាន​​សិទ្ធិ​​ដើម្បី​​ «​ធ្វើ​​ការ​​បញ្ចប់​​នូវ​​ផល​ប្រយោជន៍​មួយ​ចំនួន​»​​ពាក់​ព័ន្ធ​​ច្រក​ទៅ​កាន់​​ទី​ផ្សារ​ទោ​ល​​ នៅ​ក្នុង​​ករណី​ណា​ដែល​អង់​គ្លេស ​បាន​បំពាន​លើ​បញ្ញត្តិ​ ប៉ុន្តែ ខ្លួន​​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​អង្វែង​ ដើម្បី​ធ្វើ​ការ​បញ្ឈប់​វា​នៅ​ចំពោះ​មុខ​តុលា​ការ​អឺរ៉ុប​។​

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជំនាញ​ការ​ផ្នែក​គម្រោង​ Brexit​ នៅ​ក្នុង​គណ​បក្ស​អភិ​រក្ស​និយម​របស់​​​នាយក​រដ្ឋ​មន្ត្រី​ ​ ថេរិ​សា​ ម៉េ​ បាន​រិះ​គន់​ចំពោះ​គម្រោង​នោះ​ដោយ​បាន​ប្រើ​ប្រាស់​គម្រោង​នេះ​ជា​ភ័ស្តុ​តាង​ដែល​ថា​​ ក្រុង​ប្រ៊ុចសែល​ មាន​ចេតនា​ចង់​ដាក់​ទណ្ឌ​កម្ម​ចំពោះ​​អង់​គ្លេស​ពី​ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្លុក​របស់​ខ្លួន​..ជា​បទ​ចោទ​ប្រកាន់​ដែល​ត្រូវ​បាន​ក្រុង​ប្រ៊ុច​សែល​ទាត់​ចោល​នោះ​។​

លោក​ Griveaux ​បាន​ថ្លែង​ថា វិធី​សាស្ត្រ​ដាក់​ទណ្ឌ​កម្ម​មួយ​នេះ​ «​មិន​មែន​ជា​យុត្តិ​សាស្ត្រ​ដ៏​ត្រឹម​ត្រូវ​នៅ​ក្នុង​រយៈ​ពេល​មធ្យម​ ឬ​រយៈ​ពេល​យូរ​»​ ប៉ុន្តែ ​វា​ស្រប​ជា​មួយ​គោល​គំនិត​របស់​លោក​ស្រី​ ម៉េ​​ ដែល​បាន​ទទូច​ថា​៖​ «​Brexit មាន​ន័យ​ថា​ Brexit​»​។

«​យើង​ត្រូវ​តែ​ប្រកាន់​គោល​ជំហរ​រឹង​មាំ​និង​មាន​ជំនឿ​ជាក់​។​ ការ​សម្រិត​សម្រាំង​បែប​ណា​មួយ​ធ្វើ​ឡើង​ដោយ​អង់​គ្លេស​ដែល​យើង​នឹង​អនុវត្ត​សិទ្ធិ​សេរី​ភាព​នេះ​ ប៉ុន្តែ ​មិន​មែន​អ្វី​មួយ​ដទៃ​ទៀត​ ដែល​មិន​អាច​លើក​យក​មក​ពិភាក្សា​បាន​នោះ​ទេ​»​។​

លោក​ Griveaux​ ក៏​បាន​ជំរុញ​ផង​ដែរ​​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ ​នៅ​ចំពោះ​មុខ​ការប៉ុន​ប៉ង​ណា​មួយ​របស់​​ អង់គ្លេស ​​ដើម្បី​កេង​ចំណេញ​លើ​​ការ​ខ្វែង​គំនិត​រវាង​ក្រុម​រដ្ឋ​សមាជិក ​EU​ ដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដែល​ប្រសើរ​ជាង​នេះ​៕ AFP/ ប្រែ​សម្រួល​ដោយ សុឹម សានិត

អត្ថបទគួរចាប់អារម្មណ៍