ក្រុងយ៉ាំងហ្គោនៈ ប៉ូលិស​មីយ៉ាន់ម៉ា បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ពុទ្ធ​សាសនិក​ភាគ​តិច​នៅ​រដ្ឋ​រ៉ាក់ឃីន មួយ​ហ្វូង ខណៈ​ពួកគេ​បាន​ព្យាយាម​កាន់កាប់​ការិយាល័យ​រដ្ឋាភិបាល ជា​ចលា​ចល​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៧ នាក់​ស្លាប់​នៅ​ក្នុង​រដ្ឋ​មួយ​ដែល​សម្បូរ​ដោយ​អំពើ​ហិង្សា និង​ការ​បែក​បាក់់​នោះ។

ឧប្បត្តិហេតុ​នោះ បាន​កើត ឡើង ខណៈ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ប្រហែល ៥ ពាន់​នាក់​បាន​ជួបជុំ​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដើម្បី​ចូលរួម​ពិធី​ជាតិ​និយម​មួយ​នៅ​ក្នុង​ទីប្រជុំជន Mrauk U ជាទី​ប្រជុំជន​មួយ​ដែល​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ប៉ះពាល់​ដោយសារ​ការ​បង្ក្រាប​របស់​យោធា​ទៅ​លើ​សហគមន៍​មូស្លីម​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​តំបន់​នេះ​ទេ។

ភ្លាមៗ​នោះ មិន​មាន​ការ​បញ្ជាក់​ថា អ្វី​ដែល​បណ្តាល​ឲ្យ​ការ​ជួបជុំ​នោះ​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​នោះ​ទេ។ ប៉ុន្តែ រដ្ឋ​រ៉ាក់ឃីន ភាគ​ច្រើន​នៃ​អ្នក​រស់នៅ​ទីនោះ ក្រីក្រ​និង​ខ្ជិល​ច្រអូស មាន​ការ​ស្អប់​រដ្ឋ​មីយ៉ាន់ម៉ា​ដែល​គ្របដណ្តប់​ដោយ​ក្រុម​ជន​ភាគ​តិច​បាម៉ារ (Bamar) យូរ​មក​ហើយ។

ការ​ប៉ះទង្គិច​នោះ ក៏បាន​កើត​ឡើង​នៅ​ថ្ងៃ​ជាមួយ​គ្នា​នឹង​កិច្ច​ព្រម​ព្រៀង​មាតុភូមិ​និវត្តន៍ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​មីយ៉ាន់ម៉ា និង​បង់ក្លាដែស ដើម្បី​ចាប់ផ្តើម​បញ្ជូន​ជន​ភៀស​ខ្លួន​មូស្លីម​រ៉ូហ៊ីងយ៉ា ៦៥៥ ០០០ នាក់​នៅ​ជំរំ​តាម​ព្រំដែន​ត្រឡប់​ទៅ​ មីយ៉ាន់ម៉ា​វិញ។

រដ្ឋ​រ៉ាក់ឃីន ​ចាត់​ទុក​រ៉ូហ៊ីងយ៉ា​ដែល​ពួកគេ​ជេរ​ប្រមាថ​ថា​ជា​ជន​អន្តោ​ប្រវេសន៍​បេនហ្គាលី​ខុស​ច្បាប់។

អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់ បាន​ស្តី​បន្ទោស​ហ្វូង​មនុស្ស​ចំពោះ​ការ​ចាប់ផ្តើម​អំពើ​ហិង្សា​ដោយ​គប់​ដុំថ្ម និង​សម្រុក​ចូល​ការិយាល័យ​រដ្ឋបាល​ស្រុក​មួយ​និង​លើក​ទង់​ជាតិ​រដ្ឋ​រ៉ាក់ឃីន។

អ្នកនាំពាក្យ លោក​វីរ​សេនីយ៍ឯក Myo Soe ប្រាប់ AFP ថា៖ «កម្លាំង​សន្តិសុខ បាន​ស្នើ​ឲ្យ​ពួកគេ​បំបែក និង​បាញ់​ព្រមាន​ដោយ​គ្រាប់​កៅស៊ូ ប៉ុន្តែ​ពួកគេ​មិន​ឈប់ ដូច្នេះ​ប៉ូលិស​ក៏​បាញ់ គ្រាប់​ពិត​តែ​ម្តង»៕