ក្រុងណៃពិដោ: រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Boris Johnson បាន​ជួប​ជាមួយ​លោកស្រី អ៊ុង សានស៊ូជី នៅ​ក្នុង​រដ្ឋធានី​របស់​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ជំរុញ​ឲ្យ​មាន​វិធានការ​មួយ​ស្តីពី​បញ្ហា​វិបត្តិ​រ៉ូហ៊ីងយ៉ា ខណៈ​ប្រទេស​នេះ បាន​ប្រឈម​ជាមួយ​ការ​កើន​ឡើង​នៃ​សម្ពាធ ដើម្បី​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​កងទ័ព​ណា ដែល​បាន​រងការ​ចោទ​ប្រកាន់ បាន​ប្រព្រឹត្ត​អំពើ​សាហាវ​ឃោរ​ឃៅ​លើ​ក្រុម​ជន​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា។

លោក Johnson បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​របស់​មីយ៉ាន់ម៉ា ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា​នេះ ដែល​កិត្តិសព្ទ​ធ្លាប់​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​ចំណោម​សហគមន៍​អន្តរជាតិ​នោះ បាន​ធ្លាក់​ចុះ​ខ្សោយ​ជុំវិញ​បញ្ហា​ការ​ដោះស្រាយ​វិបត្តិ​នេះ នៅ​ក្នុង​ក្រុង​ណៃ​ពិដោ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​របស់​លោក​នៅ​ទ្វីប​អាស៊ី។

កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Johnson ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ស្រុក កូបាហ្សារ​នៅ​បង់ក្លាដែស ជាទី​ដែល​ក្រុម​ជន​រ៉ូហ៊ីងយ៉ា​ជិត ៧០ ម៉ឺន​នាក់ បាន​ស្វែងរក​ការ​ជ្រកកោន​នៅ​ទីនោះ​នៅ​ក្នុង​តំបន់​តាំង​លំនៅ​អនាធិបតេយ្យ​ចាប់តាំង​ពី​មាន​ការ​បង្ក្រាប​ពី របប​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាងជើង កាល​ពី​ខែ​សីហា ឆ្នាំ​មុន។

អង្គការសហប្រជាជាតិ​បាន​ចោទ​ប្រកាន់​មីយ៉ាន់ម៉ា​ពី​បទ​បង្ខំ​ក្រុម​ជន​ភាគ​តិច​ឲ្យ​ធ្វើ​ដំណើរ​រត់​ភៀស​ឆ្លង​ដែន​អំឡុង​យុទ្ធនាការ​បោស​សម្អាត​ពូជ​សាសន៍​មួយ។ អង្គការ «គ្រូពេទ្យ​គ្មាន​ព្រំដែន» (MSF) បាន​ឲ្យ​ដឹងថា ជន​រ៉ូហ៊ីងយ៉ា ៦៧០០ នាក់ ស្លាប់​អំឡុង​ខែ​ទីមួយ​នៃ​អំពើ​ហិង្សា​៕