បុរីញូវយ៉ក: អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ លោក Antonio Guterres កាល​ពី​ថ្ងៃ​អង្គារ បាន​បង្ហាញ «ក្តីបារម្ភ​យ៉ាង​ជ្រាល​ជ្រៅ» ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​បង្ក​ឡើង​ដោយ​អំពើហិង្សា​នៅ​ក្នុង​ដែនដី Ghouta ភាគ​ខាងកើត​នៅ​ស៊ីរី​បន្ទាប់​ពី​ជនស៊ីវិល​ជាង ១០០ នាក់ បាន​ស្លាប់​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ថ្ងៃ​ទី ២ ទៀត។

លោក Guterres បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ទាំងអស់​ប្រកាន់​នូវ​គោលការណ៍​ច្បាប់​មនុស្សធម៌​ជា​មូលដ្ឋាន រួមទាំង​ការ​ការពារ​ជន​ស៊ីវិល​ផង។

លោក Stephane Dujarric អ្នក​នាំពាក្យ​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែង​ថា៖ អគ្គលេខាធិការ បាន​បង្ហាញ​ក្តីបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​កើន​ឡើង​ភាព​តាន​តឹង នៃ​ស្ថានភាព​នៅ​ក្នុង​តំបន់ Ghouta នៅ​ភាគ​ខាងកើត និង​កត្តា​ជះឥទ្ធិពល​ប្រកប​ដោយ​មហា​វិនាសកម្ម​ទៅ​លើ​ក្រុម​ជន​ស៊ីវិល»។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ឲ្យ​ដឹងថា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ពី​សំណាក់​កងទ័ព​ស៊ីរី និង​រុស្ស៊ី បាន​ប៉ះពាល់​ទៅ​លើ​តំបន់ Ghouta ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម ហើយ​មាន​មនុស្ស​យ៉ាង​តិច ១០៦ នាក់ ស្លាប់ ដែល​នៅ​ក្នុង​នោះ​មាន​ក្មេង ១៩ នាក់​ផង។ កាល​ពី​ថ្ងៃ​ចន្ទ ពលរដ្ឋ​ស៊ី​រី ១២៧ នាក់ ត្រូវ​បាន​សម្លាប់។

លោក Dujarric បាន​ថ្លែង​ថា៖ «មនុស្ស​ជិត ៤០ ម៉ឺន​នាក់​នៅ​ក្នុង​តំបន់ Ghouta ភាគ​ខាងកើត បាន​រង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស គ្រាប់​ផ្លោង និង​ការ​ទម្លាក់​គ្រាប់​បែក»។

លោក បាន​បន្ថែម​ថា ដោយ​ត្រូវបាន​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ហ៊ុមព័ទ្ធ​មក ក្រុម​ពលរដ្ឋ​នៅ​ក្នុង​តំបន់ Ghouta ភាគ​ខាងកើត «កំពុង​រស់នៅ​ក្រោម​ស្ថានភាព​ដ៏ពិបាក​បំផុត​រួមទាំង​បញ្ហា​កង្វះ​អាហារ​ផង​ដែរ»។

លោក Guterres បាន​រំឭកថា តំបន់ Ghouta ភាគ​ខាងកើត​ត្រូវបាន​រុស្ស៊ី អ៊ីរ៉ង់ និង​តួកគី​កំណត់​ធ្វើ​ជា​តំបន់​សុវត្ថិភាព ហើយ​ថា លោក​បាន​រំឭក​គ្រប់​ភាគី​អំពី​ការ​ប្តេជ្ញា​របស់​ពួកគេ​ពី​បញ្ហា​នេះ»។

ស្របពេល​នេះ​ដែល​កិច្ចចរចា​កំពុង​បន្ត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ្ការ​សហប្រជាជាតិ​ស្តីអំពី​ពង្រាង​សេចក្តី​សម្រេច​ទាមទារ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ៣០ ថ្ងៃ ដើម្បី​បើក​ផ្លូវ​ឲ្យ​បញ្ជូន​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់៕