ក្រុងយ៉ាំងហ្គោនៈ មន្ត្រី​បាន​ថ្លែងថា មនុស្ស ២ នាក់ បាន​ស្លាប់ និង ១១ នាក់​ផ្សេង​ទៀត រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​មួយ​នៅ​ក្បែរ​ធនាគារ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ភាគ​ខាងជើង នៃ​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​អំពើហិង្សា​នៅ​តែ​បន្ត​កើត​ឡើង ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ស្វែងរក​សន្តិភាព​ក្តី។

គ្រាប់បែក​មួយគ្រា​ប់ បាន​ផ្ទុះ​នៅក្នុង​ក្រុង Lashio ដែល​ស្ថិត​ក្នុង​រដ្ឋ​សាន​គឺជា​រដ្ឋ​ដែល​សម្បូរ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ជនជាតិ​ភាគ​តិច​ក្នុង​អំឡុង​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ទោះបី​ជា​គោល​ដៅ​នៃ​កា​រវាយ​ប្រហារ​នៅ​ក្នុង​ទីប្រជុំជន ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​តិច​តួច​ហើយ​ក្តី។

បុគ្គលិក​សន្តិសុខ បាន​ថ្លែង​ប្រាប់ AFP ក្នុង​លក្ខខណ្ឌ​កំបាំងមុខ​ថា​បុគ្គលិក​ស្រី ២ នាក់​របស់​ធនាគារ Yoma បាន​ស្លាប់​និង​មនុស្ស​ចំនួន ១១ នាក់​ផ្សេង ទៀត​ត្រូវ​រង​របួស។

បុគ្គលិក​សន្តិសុខ​ថ្លែងថា៖ «អគារ​ដែល​នៅ​ក្បែរ​ខាង​នោះ​ត្រូវបាន​បំផ្លាញ​ផង​ដែរ។ ការ​ផ្ទុះ​នោះ​ពិត​ជា​មាន​សភាព​ខ្លាំងក្លា។ ក្រុម​សន្តិសុខ​នៅ​តែ​បន្ត​សម្អាត​នៅ​តំបន់​នោះ»។

រូបថត​ជាច្រើន​សន្លឹក បាន​បង្ហាញ​ពី​កម្ទេច​កម្ទី​នៃ​បំណែក​បង្អួច​របស់​ធនាគារ​រថយន្ត​នៅ​លើ​វិថី ដែល​រង​ការ​ខូច​ខាត និង​គេ​ក៏​ឃើញ​ក្រុម​សង្គ្រោះ​ក៏បាន​មក​ដល់។ កងទ័ព​ក៏បាន​ដាក់​ពង្រាយ​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ។

សមាជិកកាកបាទក្រហម​ និង​ទាហា​ន​​​​ ឈរ​ក្បែររ​ថយន្ត​ដែល​ខូច​​ខាត។ AFP

មួយផ្នែក​នៃ​ធនាគារ​ក៏​រងការ​ខូចខាត​ផងដែរ​ដោយសារ​ការ​ផ្ទុះ​គ្រាប់​បែក​នេះ។ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​ភ្លាមៗ​នៅ​ឡើយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ZawHtay បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ស្ត្រី ២ រូប​ដែល​គ្មាន​កំហុស​បាន​ស្លាប់ និង​ប្រជាជន​ស៊ីវិល ១១ នាក់​ផ្សេង​ទៀត​ក៏បាន​រង​របួស​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​នោះ​ដែរ៕