ក្រុងអាដែន: កាល​ពី​ថ្ងៃ​ពុធ អង្គការ​សហប្រជាជាតិ (UN) បាន​បង្ហាញ​អំពី​ក្តីបារម្ភ​មួយ​ចំពោះ​ក្រុម​ពលរដ្ឋ​បាត់បង់​លំនៅឋាន ៤ ម៉ឺន​នាក់​ដែល​បាន​នាំគ្នា​ស្វះ​ស្វែងរក​កន្លែង​ជ្រកកោន​នៅ​ក្នុង​ក្រុង​ទី ២ គឺ ក្រុង​អាដែន តែ​ផ្ទុយ​ពី​បំណង​របស់​ពួកគេ​នោះ បែរ​ជា​ធ្វើ​ឲ្យ​ពួកគេ​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ឃោរឃៅ​រវាង​កងទ័ព​រដ្ឋាភិបាល និង​ក្រុម​កងទ័ព​ឧទ្ទាម​ចលនា​បំបែក​រដ្ឋ។

ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​មាន​លទ្ធភាព​ធ្វើការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ចាប់តាំង​ពី​ក្រុម​ចលនា​បំបែក​រដ្ឋ​នៅ​ភាគ​ខាងត្បូង​ច្បាំង​ដណ្តើម​ត្រួតត្រា​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​នេះ​នៅ​ចុង​សប្តាហ៍​មុន ដោយ​ធ្វើ​ការ​បើក​សមរភូមិ​ប្រយុទ្ធ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​យេម៉ែន​ដែល​អូស​បន្លាយ​រយៈពេល ៣ ឆ្នាំ​ប្រកប​ដោយ​វិនាសកម្ម។

ទីភ្នាក់ងារ UNHCR បាន​ឲ្យ​ដឹង​នៅ​លើ​គេ​ទំព័រ​ធ្វីធើរថា៖ «ការ​ចែក​ចាយ​ជំនួយ​សង្គ្រោះ​បន្ទាន់ និង ការ​វាយ​តម្លៃ​ផ្នែក​មនុស្សធម៌​របស់​ទីភ្នាក់ងារ​នេះ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ សប្តាហ៍​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​ពលរដ្ឋ​យេម៉ែន ដែល​រង​គ្រោះ និង​បាត់បង់​លំនៅឋាន ហើយ​ពេល​នេះ ត្រូវ​បាន​ពន្យារ​ពេល និង​ស្បៀង​ជំនួយ​មនុស្សធម៌​របស់ UNHCR នៅ កំពង់ផែ​ក្រុង​អាដែន មិន​ទាន់ ចែក​ចាយ​ទេ៕