រដ្ឋហ្វ្លរីដាៈ ស្នងការ​ប៉ូលិស​នៅក្នុង​តំបន់​ម្នាក់​បាន​ថ្លែង​ដោយ​បាន​ចាត់ទុក​ហេតុការណ៍​នោះ​ «​គួរ​ឲ្យ​រន្ធត់​» ​មួយ​ថា មនុស្ស​ ១៧ ​នាក់​ត្រូវ​បាន​សម្លាប់ កាលពី​ថ្ងៃ​ពុធ​ ខណៈ​អតីត​សិស្ស​ម្នាក់​អាយុ​ ១៩ ​ឆ្នាំ​បាន​បាញ់​កាំភ្លើង​​វែង​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​នៅ​វិទ្យាល័យ​មួយ​ស្ថិត​ក្នុង​រដ្ឋ​ហ្វ្លរីដា​។

នាយ​ប៉ូលិស​លោក​ SteveIsrael បាន​ថ្លែង​ថា ជនរងគ្រោះ​មាន​ទាំង​សិស្ស​សាលា​ និង​មនុស្ស​ចាស់ ទោះបី​ជា​លោក​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ប្រាកដ​ថា​មនុស្ស​ចាស់​ទាំង​នោះ​ជា​គ្រូ​ក្ដី​។ លោក​បាន​បន្ថែម​ថា​ជនរងគ្រោះ​ ១២ ​នាក់​ស្ថិត​នៅ​ខាង​ក្នុង​អគារ​នៃ​សាលា​នោះ​។

លោក​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​ជន​ដៃដល់​ដែល​មាន​ឈ្មោះ​ Nikolas Cruz អតីត​សិស្ស​នៅ​វិទ្យាល័យ​ MarjoryStoneman Douglas ហើយ​ជន​ដៃដល់​រូប​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សាលា​ ដោយសារ​តែ​បញ្ហា​ក្នុង​ការ​គោរព​បទបញ្ជា​ផ្ទៃក្នុង​។

នាយប៉ូលិស​ដដែល​បាន​ថ្លែង​ថា​ Cruz ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ​នៅ​ក្នុង​ក្រុង​ CoralSpring បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដីស្រឡាញ់​នោះ ហើយ​ជន​សង្ស័យ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​តែ​មាន​របួស​បន្តិច​បន្តួច​។

លោក​ Israel ​បាន​ថ្លែង​ថា​៖ «​យើង​បាន​ចាប់​ផ្ដើម​ចូល​មើល​វេបសាយ​ជាច្រើន​ និង​បណ្ដាញ​សង្គម​របស់​គាត់​ដែល​គាត់​ប្រើប្រាស់​។ ​រឿង​ជាច្រើន​នៅក្នុង​វេបសាយ​ និង​បណ្ដាញ​សង្គម​របស់​គាត់​គឺ​មាន​សភាព​រំខាន និង​​សាហាវ​ខ្លាំង​»​។

នាយ​ប៉ូលិស​រូប​នោះ​បាន​បន្ថែម​ថា​៖ «​គាត់​មាន​បង់​គ្រាប់​កាំភ្លើង​រាប់​មិន​អស់​ និង​ច្រើន​មែនទែន​ហើយ​នាពេល​នេះ​យើង​ជឿ​ថា គាត់​មាន​កាំភ្លើង​វែង​មួយ​ដើម​ម៉ាក​ AR-15»​។

លោក​ Israel ​ថ្លែង​ថា លោក​ក៏​មិន​ប្រាកដ​អំពី​ចំនួន​នៃ​ជន​រងរបួស​ឡើយ ប៉ុន្តែ​លោក​ថា​យ៉ាង​ហោច​ណាស់​មាន​ជនរងគ្រោះ​ ១៤ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​មាន​ជនរងគ្រោះ​ ២ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ​របួស​ពួកគេ​។

ឧប្បត្តិហេតុ​នៃ​ការ​បាញ់​ប្រហារ​ជា​ហេតុការណ៍​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ជាច្រើន​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ចាប់​តាំងពី​ដើម​ឆ្នាំ ជាថ្មី​ម្តង​ទៀត​នឹង​បាន​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​អំពី​ការ​រីក​រាលដាល​នៃ​អំពើ​ហិង្សា​នៅក្នុង​ប្រទេស​នេះ​ និង​លទ្ធភាព​នៃ​ការ​ហូរចូល​នៃ​គ្រឿង​អាវុធ​សព្វ​បែប​យ៉ាង​ដោយ​អត្រា​ការ​ស្លាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​អាវុធ​ដល់​ទៅ​ ៣៣០០០ ​នាក់​ក្នុង​មួយ​ឆ្នាំ​។

លោក Israel បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​ថ្ងៃ​ដ៏គួរ​ឲ្យ​រន្ធត់​បំផុត​សម្រាប់​ទីក្រុង​ផាកលិន ​(Parkland» ដោយ​បាន​ថ្លែង​អំពី​ទីក្រុង​ដែល​មាន​ពលរដ្ឋ​រស់នៅ​ប្រហែល​ ៣ ​ម៉ឺន​នាក់​ចម្ងាយ​ប្រហែល​ ៨០ ​គីឡូម៉ែត្រ​នៅ​ខាង​ជើង​ទីក្រុង​ម៉ៃអាមី​។

គ្រូបង្រៀន​ម្នាក់​នៅ​សាលារៀន​បាន​ថ្លែង​ថា Cruz ត្រូវ​បាន​កំណត់​ភិនភាគ​ពី​មុន​មក​ជា​មនុស្ស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ក្រុម​មិត្តភក្តិ​រួម​ថ្នាក់​របស់​ខ្លួន​។

គ្រូ​គណិតវិទ្យា​ម្នាក់​ឈ្មោះ​ Jim Gard បាន​ថ្លែង​ប្រាប់​កាសែត​ Miami Herald ​ថា​៖ «​យើង​ដឹង​ថា​ពី​ឆ្នាំ​ទៅ​ម្នាក់​នេះ​គេ​មិន​ឲ្យ​ចូល​កាន់​ទីធ្លា​សាលារៀន​ទាំង​នាំ​សាក់​កាដូ​ទៅ​ជាមួយ​ឡើយ​»​។

«​មាន​បញ្ហា​ជាច្រើន​កើត​មាន​ចំពោះ​បុរស​ម្នាក់​នេះ​កាលពី​ឆ្នាំ​ទៅ​ដោយ​គំរាម​ដល់​ក្រុម​សិស្ស ហើយ​ខ្ញុំ​ទាយ​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​បណ្តេញ​ពី​ទីធ្លា​សាលារៀន​»​។

Cruz តាម​ដឹង​ថា​កំពុង​សិក្សា​នៅ​ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​មន្ត្រី​កម្រិត​ទាប​សម្រាប់​មន្ត្រី​បម្រុង​ ខណៈ​បុរស​នេះ​កំពុង​នៅ​ក្នុង​សាលា​៕ SN