ក្រុង​ម៉ូស្គូៈ ក្រុម​មន្ត្រី​ការ​ពារ​ជាតិ​រុស្ស៊ី​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​​​ដ្រូន​​ជា​ច្រើន​គ្រឿង​ដែល​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​រុស្ស៊ី​​ នៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​​កាល​ពី​សប្តាហ៍​មុន ​​ត្រូវ​បាន​បញ្ជូន​មក​ពី​ទឹក​ដី​ខេត្ត​​អុីដ​លីប​​ជា​​«​តំបន់​​សុវត្ថិ​ភាព​​»​​មួយ​ត្រួ​តត្រា​​ដោយ​​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ប្រឆាំង​រដ្ឋា​ភិបាល​។​

ខេត្ត​​អុីដ​​លីប​​បាន​ក្លាយ​ជា​ប្រភព​មួយ​នៃ​ភាព​តាន​តឹង​រវាង​ប្រទេស​គាំទ្រ​របប​ស៊ីរី​​គឺ​រុស្ស៊ី​​និង​ប្រទេស​គាំទ្រ​ក្រុម​ឧទ្ទាម​​គឺ​តួកគី​​ដោយ​ក្រុង​ អង់​ការ៉ា​ បាន​ចោទ​ប្រកាន់​របប​ស៊ីរី​​ថា​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​លើ​តំបន់​ត្រួត​ត្រា​ដោយ​ក្រុម​ឧទ្ទាម​សំខាន់​ៗ​នៅ​ទី​នោះ​។​

កាសែត​របស់​ក្រសួង​ការ​ពារ​ជាតិឈ្មោះ ​​Krasnaya ​​​Zvezda​​​ បាន​ឲ្យ​ដឹង​ថា​​៖​​«​​ដ្រូន​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​តំបន់ ​​​Muazzara នៅ​ភាគ​និរតី​នៃ​តំបន់​សុវត្ថិ​ភាព​​ក្នុង​ទឹក​ដី​ខេត្ត​អុីដ​លីប​​​ត្រួត​ត្រា​ដោយ​ក្រុម​អង្គ​ការ​បក្ស​ប្រឆាំង​កណ្តាល​និយម​។​

កាសែត​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​​​ក្រសួង​ដដែល​នេះ​បាន​សរសេរ​លិខិត​ទៅ​កាន់​ក្រុម​ប្រមុខ​យោធា​​តួកគី​​និង​សេវា​កម្ម​ចារ​កិច្ច​ដើម្បី​ឲ្យ​ស្នើ​សុំ​ឲ្យ​ក្រុង​អង់​ការ៉ា​ធ្វើ​ការ​អនុវត្ត​ឲ្យ​ពេញ​លេញ​​នូវ​​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​​មួយ​នៅ​ក្នុង​ខេត្ត​អុីដ​លីប​។​

ខេត្ត​​អុីដ​លីប​​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​សុវត្ថិ​ភាព​​ទាំង​៤​​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​​​ដែល​ត្រូវ​បាន​ធានា​រ៉ាប់​រង​ដោយ​កិច្ច​ព្រម​ព្រៀង​មួយ​​ធ្វើ​ឡើង​មាន​គោល​បំណង​កាត់​បន្ថយ​អំពើ​ហិង្សា​​ត្រូវ​បាន​​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ដោយ​តួកគី​​ រុស្ស៊ី​​ និង​​អ្នក​គាំទ្រ​រដ្ឋា​ភិបាល​គឺ​អុីរ៉ង់ ​​(​​government-backer​​Iran​​)​​។​

រូបភាព​បង្ហាញពីអ្វី​ដែល​ក្រសួង​ការពារ​ជាតិ​រុស្ស៊ីនិយាយថាជា​ យន្តហោះ​ ដ្រូនវាយប្រហារ (Strike Drone) ប្រើ​ប្រាស់​អំឡុង​ការ​វាយ​ប្រហារ​ដោយ​ដ្រូននាពេលថ្មីៗ ទៅលើ​មូល​ដ្ឋាន​យោធា​របស់​រុស្ស៊ី​​​​ នៅក្នុងទឹកដីស៊ីរី។ រូប ហ្វេសប៊ុក ក្រសួងការពារជាតិរុស្ស៊ី (RDM)

យោង​តាម​ប្រភព​ព័ត៌​មាន​ការ​ទូត​នានា ​បាន​ឲ្យ​ដឹង​ថា​​​ កាល​ពី​ថ្ងៃ​អង្គារ​​​ក្រសួង​ការ​បរ​ទេស​តួកគី​ បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត ​​រុស្ស៊ី​​ និង ​​អុីរ៉ង់ ​​ឲ្យ​ទៅ​កាន់​ក្រុង​អង់​ការ៉ា​​​ បន្ទាប់​ពី​​បាន​លើក​ឡើង​ថា​​ របប​ស៊ីរី​​មាន​គោល​បំណង​វាយ​ប្រហារ​​លើ​ក្រុម​កង​កម្លាំង​​បក្ស​ប្រឆាំង​កណ្តាល​និយម​នៅ​ក្នុង​ទឹក​ដី​ខេត្ត​​អុីដ​លីប​​នៅ​ក្បែរ​​ព្រំ​ដែន​តួកគី​។​

រដ្ឋ​មន្ត្រី​ការ​បរ​ទេស​តួកគី​​​លោក​​​ Mevlut ​​​Cavusoglu​​​ បាន​ថ្លែង​ថា​​​ បញ្ហា​នេះ​​អាច​​បំផ្លាញ​កិច្ច​ចរចា​នានា​មាន​គោល​បំណង​បញ្ចប់​សង្គ្រាម​នេះ​។​

រុស្ស៊ី​មាន​ក្តី​សង្ឃឹម​ជឿជាក់​ថា ​នឹង​អាច​បើក​កិច្ច​ចរចា​ស្វែង​រក​សន្តិ​ភាព​នៅ​ស៊ីរី​​នៅ​ក្នុង​រមណីយ​ដ្ឋាន​​ឆ្នេរ​សមុទ្រ​ខ្មៅ​​ក្នុង​ទី​ក្រុង​សូជី​​នៅ​ថ្ងៃ​ទី ​២៩​​-៣០​ ខែ​មករា​។​

កាល​ពី​ថ្ងៃ​ចន្ទ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​​ដ្រូន​គ្មាន​មនុស្ស​បើក​ជា​ច្រើន​គ្រឿង​ដែល​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​​ បាន​វាយ​ប្រហារ​លើ​មូល​ដ្ឋាន​យោធា​រុស្ស៊ី​​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​កាល​ពី​សប្តាហ៍​មុន​ដោយ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ឬ​ការ​ខូច​ខាត​អ្វី​ឡើយ​។​

បន្ទាប់​ពី​រយៈ​ពេល​ពីរ​ឆ្នាំ​នៃ​ការ​គាំទ្រ​ខាង​ផ្នែក​យោធា​ពី​សំណាក់​រុស្ស៊ី​ចំពោះ​របប​មេ​ដឹក​នាំ​​ស៊ីរី​លោក​​បាសារ​​​អាល់-អាសាដ​​មក​​​ ប្រធានា​ធិបតី​រុស្ស៊ី​​លោក​​​វ្លាឌីមៀរ​​​ពូទីន​ ​​បាន​ប្រកាស​នៅ​ក្នុង​​ពាក់​កណ្តាល​ខែ​ធ្នូ​នូវ​ការ​ដក​កង​ទ័ព​ជា​ចំណែក​ៗ​ពី​ទឹក​ដី​ស៊ីរី​​ដោយ​បាន​លើក​ឡើង​ថា​បេសក​កម្ម​របស់​ពួក​គេ​ត្រូវ​បាន​បំពេញ​ស្ទើរ​ទាំង​ស្រុង​។​

ទំហំ​នៃ​ការ​ដាក់​ពង្រាយ​កង​ទ័ព​រុស្ស៊ី​សរុប​​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​​​ប៉ុន្តែ​​​អ្នក​ជំនាញ​ការ​ផ្នែក​យោធា​រុស្ស៊ី​​លោក​​​ Pavel​​ ​Felgenhauer​​​​ បាន​ថ្លែង​ប្រាប់​​​ AFP​​​ ថា​​​ កង​ទ័ព​រុស្ស៊ី​​​ និង​​ក្រុម​ទាហាន​ជាប់​កិច្ច​សន្យា​ឯក​ជន​ប្រមាណ​ជា​ ១០ ០០០ ​នាក់​​អាច​បាន​ចូល​រួម​បំពេញ​បេសក​កម្ម​នៅ​ក្នុង​ជម្លោះ​​មួយ​នេះ​។​

តាម​ការ​ប៉ាន់​ប្រមាណ​​​ពល​រដ្ឋ​ជាង​ ៣៣ ​ម៉ឺន​នាក់​​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​ស៊ីរី​​ដែល​បាន​ចាប់​ផ្តើម​កើត​ឡើង​ក្នុង​ឆ្នាំ ​​២០​១១​ ​ខណៈ​របប​ស៊ីរី​បាន​ធ្វើ​ការ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល​។​ ​​មនុស្ស​រាប់​លាន​នាក់​បាន​បាត់​បង់​ផ្ទះ​សម្បែង​​៕​AFP/​​ប្រែ​សម្រួល​ដោយ​​សុឹម​​ សានិត​​