ក្រុង​សេអ៊ូល: មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​ ​គីម​ ជុង​អ៊ុន ​បាន​សម្តែង​ការ​កោត​សរ​សើរ​ចំពោះ​កូរ៉េ​ខាង​ត្បូង​ ចំពោះ​ការ​ទទួល​ស្វាគមន៍​ចំពោះ​ប្អូន​ស្រី​របស់​លោក និង​បាន​ថ្លែងថា​ វាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​​ការ​បង្កើត​​នូវ​វប្បធម៌​សន្ទនា​តាម​រយៈ​ការ​ប្រកួត​​កីឡា​អូឡាំពិក​នៅ​លើ​ឧបទ្វីប​កូរ៉េ​។

ប្អូន​ស្រី​របស់​លោក​គីម ​គឺ​លោកស្រី​គីម​ យូជុង​ ម្នាក់​ក្នុង​ចំណោម​ជន​ជំនិត​ដ៏​ស្និទ្ធ​ស្នាល​បំផុត​របស់​លោក​គីម ជុងអ៊ុន ជា​ផ្នែក​មួយ​នៃ​គណៈ​ប្រតិភូ​ការទូត​របស់​កូរ៉េ​ខាង​ជើង ​ដែល​ប្រដាប់​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ​​ ចូល​រួម​ក្នុងការ​ប្រកួត​កីឡា​អូឡាំ​ពិក​ បាន​ធ្វើ​ឲ្យ​មាន​ការ​ល្បី​រន្ទឺ​នៅ​ទូ​ទាំង​ពិ​ភព​លោក។

លោក​ស្រី​ បាន​ពាំ​នាំ​យក​នូវ​ការ​អញ្ជើញ​ពី​សំណាក់​ លោក ​គីម ជុងអ៊ុន ​ចំពោះ​ប្រធានា​ធិបតី​​កូរ៉េ​ខាងត្បូង ​លោក​ មូន ជេអុីន ​ឲ្យ​អញ្ជើញ​ទៅ​ទស្សន​កិច្ច​កូរ៉េ​ខាង​ជើង​ ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​ក្នុង​ទី​ក្រុង​ព្យុង​យ៉ាង​ ដែល​លោក​មិន​បាន​ទទួល​តាម​សំណើ​នេះ​ភ្លាម​ៗ​នោះ​ឡើយ​ ដោយ​បាន​ថ្លែង​ថា «រង់​ចំា​លក្ខ​ខណ្ឌ​អំណោយ​ផល​ជា​មុន​សិន ​ទើប​ទទួល​យក​បាន»។

កូរ៉េ​ខាង​ជើង ​ប្រឈម​ជា​មួយ​ការ​ដាក់​ទណ្ឌ​កម្ម​ជា​ច្រើន​ពី​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ជុំ​វិញ​​បញ្ហា​កម្ម​វិធី​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ ​និង​កាំជ្រួច​មីស៊ីល​​បាលី​ស្ទិក ​ដែល​ត្រូវ​បាន​UN ដាក់​បម្រាម​ និង​បាន​បាញ់​សាក​ល្បង​អាវុធ​ប្រភេទ​នេះ​រាប់​សិប​ដងទៀត ​កាល​ពី​ឆ្នាំ​ទៅ​។

ប៉ុន្តែ ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ ក្រុង​Pyeongchang ​បាន​បណ្តាល​ឲ្យ​មាន​ឆាក​ឈុត​​ខុស​ប្លែកពី​ធម្មតា ​ដោយ​លោក​មូន​ និង​លោក​គីម​បង្ហាញ​នូវ​ក្តី​រីក​រាយ​ចំពោះ​កីឡា​វាយកូន​ហ្គោល​លើ​ទឹកកក​ក្រុម​ស្ត្រី​កូរ៉េ​បង្រួប​បង្រួម​ជាតិ​រួមជា​មួយ​ប្រមុខ​រដ្ឋ​លោក​Kim Yong Nam៕ SN