ក្រុងវ៉ាស៊ីនតោន: រថភ្លើង​មួយ​ខ្សែ​ដែល​កំពុង​ដឹក​ក្រុម​សមាជិក​សភា​អាមេរិក​មក​ពី​បក្ស​សាធារណរដ្ឋ​រាប់​សិប​នាក់ រួម​ទាំង ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក លោក Paul Ryan បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង កាល​ពី​ថ្ងៃ​ពុធ ក្នុង​រដ្ឋ​វឺរជីនៀ (Virginia) ដោយ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​បង្ក​ឲ្យ ៦ នាក់​ទៀត​រង​របួស រួមទាំង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ផង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

សេត​វិមាន បាន​ឲ្យ​ដឹងថា មិន​មាន​សមាជិក​ព្រឹទ្ធសភា រង​របួស​ធ្ងន់​នោះ​ទេ ហើយ​ថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទ​ខ្លី​មួយ​អំពី​គ្រោះ​ថ្នាក់​នោះ។

មនុស្ស​យ៉ាង​តិច ៣០០ នាក់​រួម​និង​ក្រុម​សមាជិក​សភា ក្រុម​គ្រួសារ​របស់​ពួកគេ និង​ក្រុម​បុគ្គលិក​បម្រើការ កំពុង​ធ្វើ​ដំណើរ​លើ​រថ​ភ្លើង​ចេញពី​ក្រុង​វ៉ាស៊ីនតោន ទៅ​កាន់​កន្លែង​សម្រាក​លំហែ​កាយ​របស់​បក្ស​សាធារណរដ្ឋ​ទៅ​កាន់​រដ្ឋ វឺរជីនៀ​នៅ​ភាគ​ខាងលិច។

សមាជិក​ព្រឹទ្ធសភា លោក Bill Cassidy ជា​គ្រូពេទ្យ​មាន​កម្រិត​វប្បធម៌ និង​មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋ​ត្រឹមត្រូវ​ដែល​ជួយ​ត្រួត​ពិនិត្យ​អ្នក​រង​របួស​នោះ​បាន​ថ្លែង​លើ​ទំព័រ​ធ្វីធើរ​ថា រថយន្ត ដែល​ត្រូវបាន​បុក​នោះ ដឹក​មនុស្ស ៣ នាក់ ដែល​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាមេរិក លោកស្រី Sarah Sanders បាន​ថ្លែង​ថា៖ «មាន​អ្នក​ស្លាប់​ម្នាក់ ដែល​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ និង​រង​របួស​ធ្ងន់​ម្នាក់។ មិន​មាន​សមាជិក ព្រឹទ្ធសភា​ណា ឬ បុគ្គលិក​បម្រើការ​ណា​ម្នាក់ បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ឧបទ្ទវហេតុ នោះ​ទេ។ «គ្រប់​គំនិត​ឆន្ទៈ និង​ការ​សូត្រធម៌​បួង​សួង​របស់​យើង​សូម​តាម​ជួយ​ថែរក្សា​មនុស្ស​គ្រប់​រូប ដែល​បាន​រង​ឥទ្ធិពល​ពី​ឧបទ្ទវហេតុ​ដ៏​កំណាច​នេះ»។

ប្រធាន​ប្រតិបត្តិការ ក្រុមហ៊ុន​រថភ្លើង Amtrak បាន​ថ្លែង​ថា សមាជិក​បម្រើ​ការងារ​លើ​រថភ្លើង ២ នាក់ និង​ក្រុម​អ្នកធ្វើ​ដំណើរ ៣ នាក់ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​មួយ ដែល​មាន​របួស​បន្តិច​បន្តួច ហើយ​ថា ក្រុម​មន្ត្រី​ផ្នែក​សុវត្ថិភាព​ដឹកជញ្ជូន​កំពុង​ស៊ើបអង្កេត​នៅ​កន្លែង​កើត​ហេតុ​នៅ​តំបន់ Crozet នោះ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ខណៈ​ព្រឹត្តិការណ៍​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​នោះ «នេះ​ជា​ឱកាស​មួយ ដើម្បី​រំឭក​គ្រប់គ្នា​អំពី​សារៈ​សំខាន់​នៃ​ការ​ហាត់​ធ្វើការ​ប្រុង​ប្រយ័ត្ន​នៅ​ជុំវិញ​ក្បែរ​ផ្លូវ​រថភ្លើង​នោះ»។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន​រថភ្លើង Amtrak បាន​ឲ្យ​ដឹងថា ម៉ាស៊ីន ដែល​យោង​តាម​ប្រភព​ពី​រូបថត​របស់​ក្រុម សមាជិក​ព្រឹទ្ធសភា បាន​រង​ការ​ខូចខាត​អំឡុង​ឧបទ្ទវហេតុ​បុកគ្នា​នោះ បាន​ធ្លាក់​ខ្ទាត​ចេញ​ពី​ផ្លូវ ប៉ុន្តែ រថយន្ត​ដទៃ​ទៀត នៅ​កំពុង​ស្ថិត​លើ​ផ្លូវ បើក​បរ​នៅ​ឡើយ។

ការិយាល័យ​លោក Jason Lewis បាន​ឲ្យ​ដឹងថា លោក​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ការ​ប៉ះ​ទង្គិច​ខ្លាំង៕