ក្រុងម៉ូស្គូ: ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ពេល​ចាប់​ផ្តើម​បើក​កិច្ចចរចា​ជាមួយ​ភាគី​មេដឹកនាំ​ប៉ាឡេស្ទីន​លោក​ម៉ាមុដ អាបាស ថា លោក​បាន​ពិភាក្សា​អំពី​បញ្ហ​ជម្លោះ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ជាមួយ​សមភាគី​អាមេរិក​របស់​លោក គឺ លោក ដូណាល់ ត្រាំ។

លោកពូ​ទីន បាន​ថ្លែង​ប្រាប់​លោក​អាបាស មុន​ពេល​បន្ត​បើក​កិច្ចចរចា​សម្ងាត់​ថា៖ «ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ត្រាំ»។ «ពិត​ណាស់ យើង​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន»។

មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ក្រុង​ម៉ូស្គូ​ជា​កិច្ចខិតខំ​មួយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​លោក ពូទីន​បន្ទាប់​ពី​លោក ត្រាំ បាន​ធ្វើ​ឲ្យ​ក្រុម​ភាគី​ប៉ាឡេស្ទីន និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​ពួកគេ មាន​ការ​ខឹង​ក្រេវ​ក្រោធ​តាមរយៈ​ការ​ប្រកាស​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​នោះ។

លោក ពូ​ទីន បាន​ថ្លែងថា៖ «ស្ថាន​ភាព​នេះ ហួស​ឆ្ងាយ​ពីអ្វី​មួយ​ដែល​ចង់​ឃើញ​ណាស់» ដោយ​បាន​បន្ថែម​ថា លោក​តែង​បាន​គាំទ្រ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន»។

លោក ពូទីន បាន​ថ្លែងប្រាប់​ភ្ញៀវ​របស់​លោក​ថា៖ «វា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង​ទាំង​អស់​គ្នា ដែល​បាន​ដឹង​ពី​គំនិត​យោបល់​ផ្ទាល់​ខ្លួន​របស់​លោក ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ និង​កំណត់​យក​ដំណោះ​ស្រាយ​ជា​រួម​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ មួយ សេត​វិមាន បាន​ឲ្យ​ដឹង​ថា លោក ត្រាំ បាន​ថ្លែង​ប្រាប់​លោក​ពូទីន​ថា៖ ‍«ពេល​នេះ ជា​ពេល​វេលា ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​ធានា​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព ដែល​មាន​ចីរភាព​មួយ»។

លោក​អាបាស បាន​បដិសេធ​ចំពោះ​ទំនាក់​ទំនង​បែប​ណាមួយ​ជាមួយ​រដ្ឋកា​ររបស់​លោក​ត្រាំ ចាប់តាំង​ពី​មាន​សេចក្តី​សម្រេច​មួយ​ពី​ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ចុង​ឆ្នាំ​ទៅ។

លោក​អាបាស បាន​ថ្លែង​ថា៖ «ដោយសារ​បរិយាកាស​បង្កើត​ឡើង​ដោយ​សកម្មភាព​របស់​អាមេរិក​នោះ យើង​សូម​បដិសេធ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ណាមួយ​ជាមួយ​អាមេរិក​ក្នុង​ឋានៈ​ជា​អន្តរការី»។ «នៅ​ក្នុង​ករណី​ពាក់​ព័ន្ធ​កិច្ច​ប្រជុំ​ជា​អន្តរជាតិ​នោះ យើង​សុំ​ស្នើ​ឲ្យ​អាមេរិក​កុំ​ចូល​ខ្លួន​ធ្វើ​ជាអ្នក​សម្រប​សម្រួល​តែ​ឯក​ឯង​ឡើយ ប៉ុន្តែ ចូរ​ធ្វើ​ត្រឹម​តែ​ជាអ្នក​សម្រប​សម្រួល​មួយ​ក្នុង​ចំណោម​អ្នក​សម្រប​សម្រួល​ដទៃ​ទៀត​បាន​ហើយ»។

កិច្ច​ជំនួប​ជាមួយ​លោក​ពូទីន​ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​សប្តាហ៍​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេនចាមីន នេតានី យ៉ាហ៊ូ ក៏បាន​ទស្សនកិច្ច​ក្នុង​ក្រុង​ម៉ូស្គូ ដែរ​នោះ។

កាល​ពី​ថ្ងៃចន្ទ លោក នេតានីយ៉ាហ៊ូ បាន​ថ្លែង​ថា លោក​បើក​កិច្ច​ចរចា ជាមួយ​ក្រុង​វ៉ាស៊ីនតោន អំពី​បញ្ហាការ​តភ្ជាប់​ជា​ដែនដី​ឧបសម្ព័ន្ធ​នូវ​តំបន់​តាំង​លំ​នៅ​ឋាន​ជាច្រើន​នៅ​ក្នុង​តំបន់​វេសប៊ែង​ត្រួតត្រា​ដោយ​អ៊ីស្រាអែល ជា​ទង្វើ​មួយ​ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ប៉ាឡេស្ទីន ធ្វើការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ថា ជា «ទង្វើ​លួច​ប្លន់​ដីធ្លី»។

សេតវិមាន បាន​ទាត់​ចោល​ការ​អះអាង​របស់​លោក​នេតានី​យ៉ាហ៊ូ អំឡុង​ស្ថានភាព​ដែល​កំពុង​មាន​ការ​បែក​បាក់​គ្នា​ដ៏ធ្ងន់ធ្ងរ និង​កម្រ​នេះ។

ភាគីប៉ាឡេស្ទីន បាន​ធ្វើការ​ថ្កោល​ទោស​ចំពោះទ​ង្វើ​របស់​លោកត្រាំ នេះ៕