ក្រុងហុងកុងៈ លោក Joshua Wong និង​កម្ម​ជន​លទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​លេច​ធ្លោ ២ នាក់​ទៀត បាន​ឈ្នះ​ក្តី​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​រយៈពេល​ជាប់​ពន្ធនាគារ​របស់​ពួកគេ​នៅ​តុលាការ​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រុង​នេះ កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សំណុំ​រឿង​មួយ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា ជា​ការ​ធ្វើ​តេស្ត​ពី​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​ក្រុង​នេះ ដែល​អ្នក​ភ័យខ្លាច​ថា​នៅ​ក្រោម​សម្ពាធ​ពី​ក្រុង​ប៉េកាំង។

ប៉ុន្តែ​អ្នក​ទាំង ៣ នាក់​នោះ បាន​ព្រមាន​ថា​វា​មិន​មែន​ជា​ពេល​សម្រាប់​ការ​ត្រេកអរ​នោះ​ទេ ដោយសារ​ក្រុង​ចិន​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ នៅ​តែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ចំពោះ​សេរីភាព​របស់​ខ្លួន​ដដែល។

លោក Wong លោក Nathan Law និង​លោក Alex Chow បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ​ទៅ ដោយសារ​តួនាទី​របស់​ពួកគេ នៅ​ក្នុង​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ចលនា​ឆត្រ ដែល​បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ឆ្នាំ ២០១៤ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ហុងកុង បាន​ជំរុញ​ឲ្យ​មាន​ការ​កាត់​ទោស​ឲ្យ​បាន​ម៉ត់ចត់។

ពីដំបូង តុលាការ​ជាន់​ទាប​មួយ បាន​សម្រេច​ឲ្យ Wong និង Law ធ្វើ​ការងារ​នៅ​ក្នុង​សហគមន៍ ហើយ​លោក Chow ត្រូវ​ព្យួរ​ទោស។ ប៉ុន្ដែ​ក្រោយ​ពី​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ពួកគេ​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ខែ ដល់ ៨ ខែ​ដោយ​តុលាការ​ឧទ្ធរណ៍។

នៅពេល​ក្រោយមក​សកម្មជន​ទាំង ៣ រូប ត្រូវបាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​រង់ចាំ​ការប្តឹង​ឧទ្ធរណ៍​របស់​ពួកគេ។

ប្រមុខ​យុត្តិធម៌​លោក Geoffrey Ma បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា រយៈពេល​ជាប់​ពន្ធនាគារ​ដែល​ផ្តល់​ឲ្យ​អ្នក​ទាំង ២ រូប​នេះ គឺ​ធ្ងន់ធរ ជាង​រយៈ​ពេល​ដែល​ផ្តល់​ឲ្យ​សម្រាប់​បទ​ល្មើស​ផ្សេង៕