ក្រុងឡុងដ៍: ក្រុមសមាជិកសភាអង់គ្លេស បានធ្វើការបោះឆ្នោតនៅថ្ងៃពុធស្តីពីការព្រាងច្បាប់គម្រោង Brexit ដ៏សំខាន់មួយ ដែលការអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ ធ្វើឡើងតាមរយៈសភា បានបង្កឲ្យមានការបរាជ័យដ៏ធ្ងន់ធ្ងរចំពោះនាយករដ្ឋមន្ត្រី ថេរិសា ម៉េ ហើយដែលត្រូវតែប្រឈមមុខជាមួយការប្រឆាំងជំទាស់ដ៏តឹងតែងនៅក្នុងសភាជាន់ខ្ពស់ជាបន្តទៀត។
សភាតំណាងរាស្ត្រត្រូវបានគេរំពឹងថាអនុម័តលើសេចក្តីព្រាងច្បាប់នោះ ដែលនឹងរួមផ្សំផ្គុំគ្នានូវចំណែករាប់ពាន់នៃកម្រងនីតិកម្មរបស់ EU ឲ្យទៅជាសៀវភៅក្បួនច្បាប់ចក្រភពអង់គ្លេស និងលុបចោលច្បាប់ដែលចែងកំណត់សមាជិកភាព EU របស់ចក្រភពអង់គ្លេស។
ក្រុមសមាជិក ១១ នាក់របស់គណបក្សអភិរក្សរបស់លោកស្រីម៉េ បានចូលរួមជាមួយក្រុមសមាជិកសភាបក្សប្រឆាំងកាលពីខែមុន ដើម្បីធ្វើការអនុម័តទៅលើវិសោធនកម្មច្បាប់មួយ ដោយបញ្ជាក់ថា រដ្ឋសភានឹងធ្វើការ «បោះឆ្នោត» មួយប្រកបដោយអត្ថន័យស្តីអំពីកិច្ចព្រមព្រៀងគម្រោង Brexit ចុងក្រោយបង្អស់។
ដោយមានការបារម្ភចំពោះការបាត់បង់មួយដទៃទៀតនោះ រដ្ឋាភិបាលក៏បានធ្វើការសម្របសម្រួលទៅលើវិសោធនកម្មមួយដោយកំណត់កាលបរិច្ឆេទនិងពេលវេលាសម្រាប់គម្រោង Brexit ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩។
លោកស្រី ម៉េ បានយល់ព្រមផ្តល់ឲ្យគ្រប់សមាជិកសភាទាំងអស់នូវ «សិទ្ធិអំណាចក្នុងការធ្វើវិសោធនកម្មលើនិយមន័យនៃ «ទិវាចាកចេញពីប្លុក» នៅកាលបរិច្ឆេទក្រោមទៀត បើសិនជាមើលទៅស្ថានភាពបង្ហាញថា កិច្ចចរចាហ្នឹងនឹងមានទំហំមួយ ដែលមិនអាចចាត់ចែងបាននោះ។
សេចក្តីព្រាងច្បាប់ចាកចេញពីប្លុក (Withdrawal Bill) ដ៏សំខាន់មួយរបស់ EU បើសិនត្រូវបានសភាអនុម័តនោះ នឹងត្រូវបញ្ជូនបន្តទៅសភាជាន់ខ្ពស់របស់ចក្រភពអង់គ្លេស ដែលច្បាប់នេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀតពីសភាដែលគាំទ្រសហភាពអឺរ៉ុប (EU) ស្ទើរទាំងស្រុងមុនពេលត្រូវបានដាក់ជូនធ្វើការបោះឆ្នោតសម្រេច៕