ក្រុងខាទុម: អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន AFP ម្នាក់ បាន​រាយការណ៍​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​អាទិត្យ ស៊ូដង់ បាន​ដោះ​លែង​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​រាប់សិប​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន អំឡុង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ប្រឆាំង​ការ ឡើង​តម្លៃ​ស្បៀង​អាហារ។

ការដោះលែង​ក្រុម​ជន​ជាប់​ឃុំខ្លួន​ទាំង​នេះ រួម​ទាំង​ក្រុម​ឥស្សរជន​បក្ស​ប្រឆាំង​ជាន់​ខ្ពស់​មួយ​ចំនួន បាន​ធ្វើ​ឡើង ៣ ថ្ងៃ​បន្ទាប់​ពី​ស្ថានទូត​អាមេរិក បាន​បង្ហាញ​ក្តីកង្វល់​មួយ​ជុំវិញ​ការ​ចាប់​ខ្លួន​ក្រុម​ជន​ទាំង​នោះ និង​បាន​លើក​ឡើង​ថា ពួកគេ​ភាគ​ច្រើន​កំពុង​ជាប់​ឃុំ​ក្នុង «ស្ថានភាព​មួយ​បែប​អមនុស្ស​ធម៌»។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​នោះ​ដដែល​បាន​ឲ្យ​ដឹងថា ក្រុម​ជន​ដែល​ត្រូវ​បាន​ដោះ​លែង បាន​ចេញ​ពី​ពន្ធនាគារ Kobar ក្នុង​ទីក្រុង​ខាទុម​ភាគ​ខាងជើង​នាំគ្នា​ស្រែក​ថា៖ «សេរីភាព! យុត្តិធម៌! បដិវត្តន៍!» បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​អញ្ជើញ​ក្រុម​អ្នក​កាសែត​ទៅ​កាន់​ទីកន្លែង​កើត​ហេតុ​នោះ។

ពួកគេ ត្រូវបាន​ស្វាគមន៍ និង​ឱប​បង្ហាញ​ភាព​ក្តី​កក់ក្តៅ​ពី​សំណាក់​ក្រុម​គ្រួសារ ដែល​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​រង់ចាំ​នៅ​ខាងក្រៅ។

លោក Abdelrehman Al-Sadiq ជំនួយការ​ជាន់​ខ្ពស់​របស់​លោក បាសៀ រ(Bashir) បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «យោង​តាម​បទ​បញ្ជា​ពី​លោក​ប្រធានាធិបតី អូម៉ារ អាលបាសៀរ (Omar al-Bashir) បាន​បញ្ជា​ឲ្យ​ដោះ​លែង​ក្រុម​អ្នក​ជាប់​ឃុំ ទាំងអស់​គ្នា៕