ក្រុងប្រ៊ុចសែល: កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេរ៉េសា ម៉េ បាន​ព្យាយាម​ស្វះ​ស្វែង​រក​ការ​គាំទ្រ និង​ការ​បង្រួប​បង្រួម​ពី​ក្រុម​ថ្នាក់​ដឹកនាំ​រដ្ឋ​សមាជិក EU ក្នុង​ស្មារតី​ធ្វើការ​ថ្កោល​ទោស​ចំពោះ​ក្រុង​ម៉ូស្គូ​ជុំវិញ​ការ​ធ្វើ​ឃាត​អតីត​ចារបុរស​រុស្ស៊ី​ម្នាក់ ប៉ុន្តែ លោកស្រី បាន​ប្រឈម​ជាមួយ​ការ​ប្រឆាំង​ជំទាស់​ពី​ក្រុម​រដ្ឋ​សមាជិក​ទាំង​អស់​នោះ ដែល​មាន​ឆន្ទៈ​ការពារ​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​វិមាន​ក្រឹម​ឡាំង។

លោកស្រី​ម៉េ នឹងធ្វើ​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី​មួយ​ដល់​ក្រុម​សហការី​របស់​លោក​ស្រី​នៅ​កិច្ច​ជំនួប​កំពូល​ក្នុង​ក្រុង​ប្រ៊ុចសែល​ស្តីអំពី​ការ​រីក​លូត​លាស់​ទៅ​មុខ​នៃ​ដំណើរការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ការ​វាយ​ប្រហារ​លើ​អតីត​ចារ​បុរស​រុស្ស៊ី លោក Sergei Skripal និង​កូនស្រី​របស់​លោក​នាង​យូលៀ នៅ​ក្នុង​ក្រុង Salisbury នៅ​អង់គ្លេស​ដោយ​ប្រើប្រាស់​សារធាតុ​គីមី​បំផ្លាញ​ខួរក្បាល​ដ៏​គ្រោះ​ថ្នាក់​ដែល​ផលិត​នៅ​សូវៀត។

ចំណែក​ខាង​អាមេរិក បារាំង និង​អាល្លឺម៉ង់​វិញ បាននាំគ្នា​គាំទ្រ​គោល​ជំហរ​របស់​ក្រុង​ឡុង​ដ៍ ដោយ​បាន​លើក​ឡើង​ថា ពួកគេ​ទទួល​ស្គាល់​ការ​វាយ​តម្លៃ​របស់​អង់គ្លេស​ដែល​ថា រដ្ឋ​រុស្ស៊ី គឺជា​អ្នក​តែ​មួយ​គត់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​មួយ​នេះ ហើយ​ថា ក្រុម​ប្រទេស​ជា​សមាជិក EU ដទៃ​ទៀត​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុង​ម៉ូស្គូ ដែល​គួរ​ឲ្យ​កត់​សម្គាល់ មាន​ដូចជា​ក្រិក និង​អ៊ីតាលី​នោះ។

លោកស្រី​ម៉េ ថ្លែង​រំឭក​មិត្ត​ថ្នាក់ដឹកនាំ​ទាំង ២៧ ប្រទេស​របស់ខ្លួន​អំពី​ការ​គំរាម​ពី​ប្រទេស​នៅ​បូពា ក្រោយ​អង់គ្លេស​ចេញ​ពី​ប្លុក EU៕