ក្រុង ​ប៉ារីស ​: ​​​ប្រភព​ព័ត៌​មាន​បារាំង​បាន​ថ្លែង​ប្រាប់​​ AFP ​​​ឲ្យ​ដឹង​ថា​​​ ចក្រ​ភព​អង់​គ្លេស​នឹង​ធ្វើ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ ​ដើម្បី​ទទួល​យក​ក្រុម​ជន​ភៀស​ខ្លួន​ក្មេង​ៗ​ជា​ច្រើន​នាក់​ទៀត​ស្រប​ពេល​ដែល​ធ្វើ​ការ​ផ្តល់​ឲ្យ​អំណោយ​ថវិកា​ដ៏​​​ច្រើន​ ​សម្រាប់​ការ​អភិវឌ្ឈន៍​​សេដ្ឋ​កិច្ច​ប្រទេស​បារាំង ​ភាគ​ខាង​ជើង​​ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិ​សុខ​តាម​បណ្តោយ​តំបន់​ព្រំ​ដែន​ថ្មី​មួយ​​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក​ អេម៉ា​នុយ​អែល​ ម៉ាក្រុង​​ និង ​លោក​ស្រី​​ថេរិសា ​​ម៉េ ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​។​

លោក ​ម៉ា​ក្រុង ​​ដែល​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ចក្រ​ភព​អង់​គ្លេស ​ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី​បារាំង​ នឹង​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ ​​សម្រាប់​កិច្ច​ជំនួប​កំពូល​មួយ​​ដែល​វិបត្តិ​ចំណាក​ស្រុក​និង​គម្រោង​ចាក​ចេញ​របស់​អង់​គ្លេស​ពី​សហ​ភាព​អឺរ៉ុប​ (Brexit)​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​ដោយ​ចៀស​បំផុត។​

យោង​តាម​ប្រភព​ព័ត៌​មាន​មួយ​ពី​ការិយាល័យ​ប្រធានា​ធិបតី​​បារាំង ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​​​ពួក​គេ​នឹង ​«​ចូល​រួម​ធ្វើ​វិសោធន​កម្ម​កិច្ច​ព្រម​​ព្រៀង ​​​Le ​​Touquet​ ​ឆ្នាំ ​​២០០៣​​ ដែល​បាន​ធ្វើ​ឲ្យ​ព្រំ​ដែន​ចក្រ​ភព​អង់​គ្លេស​​ស្ថិត​ចូល​លើ​​ទឹក​ដី​​បារាំង ​នៅ​​ទី​ប្រជុំ​ជន​កំពង់​ផែ​ ​Calais​ ​​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​កំពង់​ផែ​នេះ​​ ជា​ចំណុច​ទាក់​ទាញ​ខ្លាំង​ដល់​ក្រុម​ជន​ចំណាក​ស្រុក​​រាប់​ពាន់​នាក់​ដែល​កំពុង​មាន​ក្តី​សុបិន្ត​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​ចក្រ​​ភព​អង់​គ្លេស​​​។

កិច្ច​ចរចា​របស់​ពួក​គេ​ក៏​នឹង​ផ្តោត​​ទៅ​លើ​ការ​លើក​កំពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពារ​ជាតិ​ក៏​ដូច​ជា​ដំណើរ​ការ​គម្រោង​​​ Brexit ​​​​ដែល​បាន​ធ្វើ​ភាព​តាន​តឹង​កាន់​តែ​កើន​ឡើង​រវាង​ចក្រ​ភព​អង់​គ្លេស​និង​ក្រុម​រដ្ឋ​សមាជិក​​របស់​ប្លុក​នេះ​ទាំង​២៧​ប្រទេស​ដទៃ​ទៀត។​

នៅ​លើ​របៀប​វារៈ​កិច្ច​ប្រជុំ​នោះ ​ក៏​នឹង​លើក​អំពី​កិច្ច​ខិត​ខំ​នានា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បំលាស់​ប្តូរ​អាកាស​ធាតុ​​ និង ​​គម្រោង​សេដ្ឋ​កិច្ច​និង​​នវា​នុវត្ត​ន​ភាពមួយ​ចំនួន​ធំទៀត ​​រួម​បញ្ចូល​ទាំង​កិច្ច​ព្រម​ព្រៀងស្តីអំពី​​ទី​ក្រុង​រណប​ថ្មី​និង​បំលាស់​ប្តូរ​គ្នា​នៃ​ស្នាដៃ​វប្បធម៌​នានា​​ដែល​សំខាន់​បំផុត​នោះ ​​គឺ​​ជាកម្ចី​មួយ​របស់​បារំាង​ពី​ចំលាក់​បែប​ប៉ាក់​សត​វត្សរ៍​​ទី​១១ ​​(​11th-century​​ Bayeux​​ Tapestry​​​) ពិពណ៌​នា​អំពី​ ការ​ច្បាំង​ដណ្តើម​ត្រួត​ត្រា​របស់​ចក្រ​ភព​អង់​គ្លេស ​ក្នុង​ឆ្នាំ​ ១០៦៦​។

ប្រភព​ព័ត៌​មាន​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​​​​ព័ត៌​មាន​លំអិត​អំពី​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ក្រុម​ជន​ចំណាក​ស្រុក​ថ្មី​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​កាល​ឈាន​ទៅ​រក​ការ​អនុ​ម័ត​សម្រេច​។​​​ប៉ុន្តែ​​វា​នឹង​ត្រូវ​រួម​បញ្ចូល​ទាំង​វិធាន​ការ​នានា​ស្តី​អំពី​ការ​ដោះ​ស្រាយ​បញ្ហា​ក្រុម​អនីតិ​ជន​ដែល​ធ្វើ​ដំណើរ​ដោយ​ឯក​ឯង​ ការ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​ និង​ ​ការ​បង្រួប​បង្រួម​ក្រុម​គ្រួសារ​ជា​ថ្មី​។​

លោក​​ ម៉ាក្រុង ​​បាន​ថ្លែង​នៅ​ក្នុង​ទី​ក្រុង​​​ Calais​​ ​នា​សប្តាហ៍​នេះ​ថា ​លោក​នឹង​លើក​ឡើង​អំពី​ករណី​របស់​ ក្រុម​អនីតិ​ជន ​«​ពី​ព្រោះ​​ពួក​គេ​កាន់​តែ​មាន​គ្នា​ច្រើន​ឡើង​ៗ​»​ ដោយ​ក្រុម​មន្ត្រី​បាន​ព្រមាន​​ថា​​នឹង​អាច​មាន​ក្រុម​ជន​ចំណាក​ស្រុក​ដែល​សុទ្ធ​តែ​ក្មេង ​២៥ ០០០ ​នាក់​នៅ​ក្នុង​ទឹក​ដី​បារាំង​នា​បំណាច់​ឆ្នាំ​​នេះ​​។​

ក្នុង​ចំណោម​ក្រុម​អនីតិ​ជន​​ប្រហែល​ ២០០០ ​នាក់​នៅ​ឯ​ជំរំ ​«​អារញ្ញ​ប្រទេស​»​ ដ៏​ធំ​មួយ​នៅ​ក្បែរ​ ទី​ក្រុង ​​​Calais ​​​ដែល​ត្រូវ​បាន​បោស​សំអាត​កាល​ពី​១៥​ខែ​កន្លង​ទៅ​​ដែល​ក្រុង​ឡុងដ៍ ​បាន​សន្យា​ទទួល​យក​ក្រុម​ជន​ណា​ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​រួច​ជា​​ស្រេច​នៅ​ក្នុង​ទឹក​ដី​ចក្រ​ភព​អង់​គ្លេស​​។​​

នៅ​ទី​បំផុត​ ក្រុម​ជន​ចំណាក​ស្រុក ​ត្រឹម​តែ ​៨៩៣​ នាក់​ តែ​ប៉ុណ្ណោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទឹក​ដី​អង់​គ្លេស​​​ ហើយ​​នៅ​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​ ​ក្រុម​ជន​ចំណាក​ស្រុក​ ជា​អនីតិ​ជន ​តែ​៨​នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ទទួល​យកមកឲ្យ​រស់​នៅ​ក្នុង​ប្រទេស​នេះ​។

ប្រភពព័ត៌មានដដែលនោះ បាន​ឲ្យ​ដឹង​ថា ប្រទេស​ទាំងពីរ ក៏នឹងធ្វើ​សេច​ក្តី​ប្រកាស​ផង​ដែរអំពី «ការរឹត​បន្តឹងនៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ស្ថាប័នប៉ូលិស បារាំង-អង់គ្លេស ស្តី​អំពី​ការ​គ្រប់​គ្រង​សន្តិសុខ​នៅ​ក្នុង​តំបន់ តាម​បណ្តោយ​ព្រំ​ដែន»៕ AFP/ ប្រែសម្រួលដោយ សុឹម សានិត