បុរីញូវយ៉ក: ក្រុម​អ្នកការ​ទូត​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា អគ្គលេ​ខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​តែង​តាំង​អ្នក​សម្រប​សម្រួល និង​ជា​អតីត​មន្ត្រី​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ លោក Martin Griffiths មក​ពី​អង់គ្លេស​ឲ្យ​ឡើង​ជា​អ្នក​សម្រប​សម្រួល ដើម្បី​ស្វែងរក​សន្តិភាព​ប្រចាំ​នៅ​យេម៉ែន ដោយ​បន្ត​បំពេញ​បេសកកម្ម​មួយ ដែល​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ២ រូប​បាន​លា​លែង​ពី​តំណែង​ដោយ​ក្តី​ស្រងាក​ចិត្ត។

លោក Griffiths នឹង​ឡើង​កាន់​តំណែង​ជំនួស​លោក Ismail Ould Cheikh Ahmed មក​ពី​ប្រទេស ម៉ូរីតា​នីញ៉ា ដែល​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​លូត​លាស់​ដំណើរ​ការ​ទៅ​មុខ​ក្នុង​កិច្ច​ខិតខំ​នានា​របស់​អ.ស.ប​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអ៊ូឌីត ដែល​គាំទ្រ​រដ្ឋាភិបាល​យេម៉ែន​និង​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់។

នៅ​សប្តាហ៍​នេះ លោក Cheikh Ahmed បាន​ថ្លែង​ប្រាប់ អង្គការ​សហប្រជាជាតិ​ថា លោក​មិន​ចង់​បន្ត​ដំណើរ​ជា​ប្រេសិត​ពិសេស​ទៀត​ឡើយ ខណៈ​កិច្ចសន្យា​របស់​លោក បាន​ចប់​នៅ​ក្នុង​ខែ​ក្រោយ។

អ្នក​កាន់តំណែង​មុន​លោក គឺ​លោក Jamal Benomar ក៏បាន​ចុះ​ចេញ​ពី​តំណែង​នៅ​ក្នុង​ខែ​មេសា​ឆ្នាំ ២០១៥ បន្ទាប់​ពី​កិច្ច​ប្រឹងប្រែង​អស់​រយៈពេល​ពេល ៤ ឆ្នាំ ​ដើម្បី​បង្កើត​ឡើង​នូវ​កំណែ​ទម្រង់​នយោបាយ​មួយ នៅ​យេម៉ែន​បាន​ដួល​រលំ។ មួយ​ខែ​មុន​នេះ ក្រុម​ចម្រុះ បាន​ចាប់ផ្តើម​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យេម៉ែន។

ក្រុម​អ្នកការទូត បាន​ឲ្យ​ដឹង​ថា លោក Guterres បាន​ថ្លែង​ប្រាប់​សមាជិក​អចិន្រៃ្តយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប មាន​ដូចជា អង់គ្លេស បារាំង ចិន អាមេរិក និង រុស្ស៊ី ថា លោក Griffiths គឺជា​ជម្រើស​មួយ​របស់​លោក ហើយ​ក៏​កំពុង​ពិគ្រោះគ្នា​ជាមួយ​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ និង​ក្រុម​រដ្ឋ​ដទៃ​ទៀត។

ប្រមុខ អ.ស.ប មិនបាន​ផ្តល់ការ​ប្រឹក្សា​យោបល់​ជា​ផ្លូវការ​នៅ​ឡើយ​ដល់​ក្រុម​ប្រឹក្សា​ទាំង​មូល​អំពី​ការ​តែង​តាំង​ប្រេសិត​ថ្មី​នេះ​ទេ។

លោក Griffiths គឺជា​នាយក​ប្រតិបត្តិ​របស់​វិទ្យាស្ថាន​អឺរ៉ុប ដើម្បី​សន្តិភាព (EIP) មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ហើយ​ក៏​បាន​ជួយ​បង្កើត​មជ្ឈមណ្ឌល ដើម្បី​កិច្ច​សន្ទនា​អំពី​បញ្ហា​មនុស្ស​ធម៌ (CHD) នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ដែល​មាន​ឯកទេស​ផ្នែក​កិច្ច​សន្ទនា​បញ្ហា​នយោបាយ។

អតីត​អ្នកការទូត​អង់គ្លេស​ម្នាក់ លោក Griffiths គឺជា​ទីប្រឹក្សា​សម្រប​សម្រួល​របស់​លោក កូហ្វី អាណាន់ អំឡុង​បេសកកម្ម​របស់​លោក នៅ​ស៊ីរី ហើយ​បាន​ធ្វើជា​អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្សធម៌​ប្រចាំ​តំបន់​នៅ Great Lakes អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០។

នៅក្នុង​ឆ្នាំ ១៩៩៤ លោក​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ផ្នែក​កិច្ចការ មនុស្សធម៌​របស់ អ.ស.ប.នៅ​ក្នុង​ក្រុង​ហ្សឺណែវ៕