បុរីញូវយ៉កៈ ក្រុម​អ្នកការទូត​បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ធ្វើការ​បោះ​ឆ្នោត​ទៅ​លើ​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​មួយ​ដែល​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​រយៈ​ពេល ៣០ ថ្ងៃ​នៅ​ស៊ីរី​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្ស និង​សម្ភារ​សុខាភិបាល។

ស៊ុយអែត និង​កូវ៉ែត​ដែល​បាន​ព្រាង​សេចក្តី​សម្រេច​នោះ បាន​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល អាច​ធ្វើ​បាន​ដោយ​បាន​បន្ថែម​ថា វា​ទំនង​ជា ត្រូវ​បាន​គ្រោង​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។

វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​រុស្ស៊ី​នឹង បោះឆ្នោត​វេតូ​ដើម្បី​រាំង​ខ្ទប់​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​នោះ​ដែរ ឬ យ៉ាង​ណា?

ការជំរុញ​ឲ្យ​មានការ​បោះឆ្នោត​មួយ បាន​កើត​ឡើង ក្រោយ​ពី​លោក​អគ្គលេខាធិការ​អ.ស.ប. Antonio Guterres បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​សង្គ្រាម​នៅ​តំបន់ Ghouta ភាគ​ខាង​កើត ជា​បរិពន្ធ​ភូមិ​ឧទ្ទាម​នៅ​ស៊ីរី ដែល​ស្ថិត​នៅ​ក្រោម​យុទ្ធនាការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​របស់​កម្លាំង​រដ្ឋាភិបាល។

ដោយសារ​ចំនួន​អ្នកស្លាប់​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នោះ លោក Guterres ថ្លែង​ថា ជីវិត​សម្រាប់​ជន​ស៊ីវិល ៤ សែន​នាក់​នៃ​តំបន់ Ghouta ភាគ​ខាងកើត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាប់អួ។

រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​ក្រុមប្រឹក្សា​ជាបន្ទាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​តំបន់ Ghouta ភាគ​ខាងកើត ដែល​ឯកអគ្គ​រដ្ឋទូត​លោក Vassily Nebenzia បាន​ពិពណ៌នា​ថា ជា​ស្ថានភាព​ស្មុគស្មាញ​មួយ។

លោក Nebenzia បាន​ថ្លែង​ថា៖ «មាន​ភេរវករ​ជាច្រើន​នៅ​ទីនោះ ដែល​កងទ័ព​ស៊ីរី កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ទាំង​នោះ កំពុង​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ដាម៉ាស»។

បុរស​ម្នាក់បី​ជនរ​ងគ្រោះ ដែល​របួស​ធ្ងន់ធ្ងរ​ចូល​មន្ទីរពេទ្យ​​បណ្តោះ​អាសន្ន​មួយ។ AFP

យោងតាម​ការអធិប្បាយ​ដែល​ចេញ​ដោយ​ស្ថាន​បេសកកម្ម​រុស្ស៊ី​នោះ លោក​បាន​ថ្លែង​ថា៖ «វា​គឺជា​ស្ថានភាព​ដ៏​ស្មុគ​ស្មាញ ហើយ​វា​មិន​មែន​គ្រាន់​តែ​ជា​មធ្យោបាយ​មួយ​ទេ» សេចក្តី​ព្រាង​នោះ អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​រយៈពេល ២៤ ម៉ោង ក្រោយ​ពី​ការ​អនុម័ត​សេចក្តី​សម្រេច​នោះ​រួច ដើម្បី​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ និង​បរិក្ខារ​សុខាភិបាល។

សេចក្តីសម្រេច​នោះ ទាមទារ​ឲ្យ​មាន​ការដក​ការ​ឡោមព័ទ្ធ​ជាច្រើន​នៅ​ក្នុង​នោះ​មាន​តំបន់ Ghouta ភាគ​ខាងកើត​តំបន់ Yarmouk តំបន់ Kefraya និង​សេចក្តី​សម្រេច​ជាច្រើន​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ដក​ស្បៀង​អាហារ និង​ថ្នាំពេទ្យ​ដែល​មិន​ចាំបាច់​ចំណាយ​លុយ​សម្រាប់​ការ​រស់​នៅ​របស់​ពួកគេ​ទាំង​នោះ។

នៅក្នុង​ការផ្តល់​ឲ្យ​រុស្ស៊ី​នោះ​សេចក្តីព្រាង​នោះ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នៅ​ក្នុង​អំឡុង​ការ​ចរចា​យ៉ាង​ស្វិត​ស្វាញ​កាល​ពី​សប្តាហ៍​មុន ដើម្បី​បញ្ជាក់​ថា​បទ​ឈប់​បាញ់​នោះ មិន​អនុវត្ត​ចំពោះ​ក្រុម​រដ្ឋ​អ៊ិស្លាម ឬ ក្រុម​អាល់កៃដា​ទេ។

សេចក្តីព្រាង​ដដែល​នោះ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​បន្ត​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ក្រុម​ជីហាដ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អាល់កៃដា​នៅ​ក្នុង​ខេត្ត​អ៊ីដលីប ជា​ខេត្ត​ចុង​ក្រោយ​នៅ​ស៊ីរី។

ដោយ​ត្រូវបាន​សួរថា តើ​មានការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​នៅ​ក្នុង​អត្ថបទ​នៃ​សេចក្តី​ព្រាង​នោះ​ដែរ​ឬទេ ឯកអគ្គ​រដ្ឋទូត​ស៊ុយអែត​លោក Olof Skoog បាន​ថ្លែង​ថា៖ «បញ្ហា​នោះ ខ្ញុំ​មិន​ទាន់​ដឹង​ទេ»។

ស៊ុយអែត និង​កូវ៉ែត បានដាក់​សេចក្តីព្រាង​នោះ​ជូនទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ប៉ុន្តែ​ការ​ចរចា​ជាច្រើន​ត្រូវបាន​ធ្វើ​ឡើង ខណៈ​កម្លាំង​ស៊ីរី​គាំទ្រ​ដោយ​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​របស់ ពួកគេ​យ៉ាង​ខ្លាំងកា្ល។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​បាន​ឲ្យ​ដឹងថា ជន​ស៊ីវិល​ជិត ៣០០ នាក់ បាន​ស្លាប់ ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​តំបន់ Ghouta ភាគ​ខាង​កើត​នៅ​ក្នុង​នោះ​មាន​ស៊ីរី ២៤ នាក់ ដែល​បាន​ស្លាប់ នៅ​ពេល​យន្តហោះ​រដ្ឋាភិបាល​ទម្លាក់​គ្រាប់បែក​ធុង​ជា​ច្រើន​ទៅ​លើ​ទីប្រជុំជន Kafr Batna កាល​ពី​ថ្ងៃ​ពុធ៕