ក្រុងមុមបៃ: ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមប៉ូលិសសហព័ន្ធរបស់ឥណ្ឌាបានចាប់ខ្លួន ៦ នាក់រួមទាំងក្រុមបុគ្គលិករបស់មហាសេដ្ឋីគ្រឿងអលង្ការម្នាក់ ខណៈការស៊ើបអង្កេត អំពីករណីមួយក្នុងចំណោមករណីការ ក្លែង ឯកសារលុយធនា គារដ៏ធំជាងគេបំផុតនៅក្នុងប្រទេសនេះ។
ការិយាល័យស៊ើបអង្កេតកណ្តាល (CBI) កំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតអំពីបទចោទប្រកាន់នានាថា លោក Nirav Modi ជាងសំអាងគ្រឿងអលង្ការឲ្យក្រុមតារាហូលីវូដ (Hollywood) រួមទាំងនាង Kate Winslet និងនាង Naomi Watts ជាប់ពាក់ព័ន្ធរឿងអាស្រូវបញ្ហាការក្លែងបន្លំលុយធនាគាររដ្ឋធំជាងគេទីពីរនៅក្នុងប្រទេសឥណ្ឌាជិត ១,៨ ពាន់លានដុល្លារ។
លោក Modi និង ឪពុកមារបស់លោក ព្រមទាំងដៃគូពាណិជ្ជកម្មលោក Mehul Choksi ជាពាណិជ្ជករលក់គ្រឿងពេជ្រម្នាក់ត្រូវបានក្រុមអ្នកស៊ើបអង្កេតចោទប្រកាន់ពីបទក្លែងបន្លំលុយ ៤៣,៨ លានដុល្លារ ស្មើ ២,៨ ពាន់លានរូពីពីធនាគារជាតិពុនចាប (Punjab National Bank) ជាផ្នែកនៃការបាត់បង់ទាំងស្រុង។
ក្រុម CBI បានបើកការវាយឆ្មក់លើក្រុមអាជីវករលក់គ្រឿងពេជ្រប្រណីត និង អចលនទ្រព្យដែលពាក់ព័ន្ធជាមួយអ្នកទាំងពីររូបនេះ និង បានទាក់ទងក្រុមប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមដាន លោក Modi ដែលត្រូវបានគេជឿថា កំពុងស្ថិតនៅក្រៅប្រទេស។
ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា ក្រុមបក្សពួកជាន់ខ្ពស់ពីក្រុមហ៊ុន Firestar Diamond company របស់លោក Modi និងក្រុមហ៊ុន Gitanjali groupរបស់លោក Choksi ស្ថិតក្នុងចំណោមក្រុមជនដែលបានជាប់ឃុំខ្លួនអំឡុងការចាប់ខ្លួននាពេលថ្មីៗបំផុតកាលពីល្ងាចថ្ងៃអង្គារ។
អ្នកនាំពាក្យ CBI លោក Abhishek Dayal បានថ្លែងប្រាប់ AFP ថា៖«ពួកយើងបានចាប់ខ្លួនមនុស្ស៥នាក់ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់លោក Nirav Modi និងលោក Mehul Choksi ហើយពួកគេនឹងត្រូវបានបញ្ជូនឲ្យមកកាត់ទោសនៅក្នុងតុលាការ CBI នៅថ្ងៃនេះ»។
លោកបានថ្លែងថា អ្នកចាត់ការទូទៅរបស់ធនាគារសាខានៅក្នុងទីក្រុងមុមបៃ ជាទីកន្លែងដែលបទចោទប្រកាន់ពីការក្លែងបន្លំលុយធនាគារបានកើតឡើងក៏ត្រូវបានគេចាប់ឃុំខ្លួននិងត្រូវប្រឈមជាមួយការកាត់ទោសពីតុលាការនៅថ្ងៃពុធ។
លោក Dayal បានថ្លែងថា៖«យើងនឹងធ្វើជាសាក្សីចំពោះលទ្ធផលស៊ើបអង្កេតរបស់យើងនៅចំពោះមុខតុលាការ»។
ក្រុមCBIបានចាប់ខ្លួនក្រុមមន្ត្រីនិងក្រុមបុគ្គលិកធនាគារ ១២ នាក់ជាប់ពាក់ព័ន្ធមហាសេដ្ឋីគ្រឿងអលង្ការរូបនេះ។
ចាប់តាំងពីធនាគារ PNB បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានស៊ើបអង្កេតករណីក្លែងបន្លំលុយជិត ១,៨ ពាន់លានដុល្លារនៅធនាគារសាខាក្នុងទីក្រុង មុមបៃ។
ក្រុមអ្នកស៊ើបអង្កេតបានថ្លែងថា ក្រុមជនជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនជាប់សង្ស័យពីបទសម្របសម្រួលគណនីយ៍ធនាគារក្លែងក្លាយជាច្រើនទៅឲ្យក្រុមហ៊ុននានាដែលពាក់ព័ន្ធជាមួយលោក Modi និង លោក Choksi៕ AFP/ SN