បុរីញូវយ៉ក: អាមេរិក​កំពុង​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​បម្រាម​លើ​នាវា​ទាំង ៣៣ គ្រឿង​មក​ពី​កំពង់​ផែ​នៅ​ទូទាំង​ពិភពលោក និង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង ២៧ ពី​បទ​ជួយ​កូរ៉េខាងជើង​គេច​វេះ​ពី​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ។

សំណើ​របស់​អាមេរិក​ទៅ​គណៈ​កម្មាធិការ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ (UN) នូវ​ច្បាប់​ចម្លង​មួយ​ច្បាប់​នៃ​អ្វីដែល AFP បាន​ទទួល​ធ្វើ​ឡើង ខណៈ​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​នូវ «ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន» លើ​កូរ៉េខាងជើង ជុំវិញ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទិក​របស់​ខ្លួន ដែល​ប្រព្រឹត្ត​កន្លង​មក។

ជប៉ុន​ចូលរួម​ជាមួយ​អាមេរិក​នៅក្នុង​ការគាំទ្រ​សំណើ​ពាក់ព័ន្ធ​នាវា ៣ គ្រឿង​ក្នុង​ចំណោម​នាវា​ទាំង ៣៣ គ្រឿង​ពី​ការ​ផ្ទេរ​ប្រេង​ពី​នាវា​មួយ​ទៅ​នាវា​មួយ​មាន​គោលដៅ​បញ្ជូន​ទៅ​កូរ៉េខាងជើង ជា​ការ​រំលោភ​លើ​សេចក្តី​សម្រេច​របស់ អ.ស.ប។ មកទល់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅ​ម៉ោង ៣ ល្ងាច សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ បាន​លើក​ឡើង​ពី​ការ​ជំទាស់​ទៅ​នឹង​សំណើ​ដាក់​ទណ្ឌកម្ម​ទាំង​នោះ។

វិធានការ​ទាំងនេះ នឹង​ចូល​ជា​ធរមាន​ដរាបណា​គ្មាន​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ណា​ម្នាក់​រួម​ទាំង​សម្ព័ន្ធ​មិត្ត​របស់​កូរ៉េខាងជើង គឺ​ចិន​មិន​បាន​រារាំង​សំណើ​ដាក់​ទណ្ឌកម្ម​នេះ​ទេ។

កន្លងមក មាន​នាវា ៨ គ្រឿង​ប៉ុណ្ណោះ ត្រូវ​បានដាក់​បម្រាម​មិន​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​នានា​ទូទាំង​ពិភពលោក​ពី​បទ​រំលោភ​លើ​ទណ្ឌកម្ម និង​សំណើ​អាមេរិក នឹង​ជួយ ពង្រីក​បញ្ជី​ខ្មៅ​នេះ ជា​កិច្ច​ខិតខំ​មួយ ដើម្បី​កម្ទេច​បណ្តាញ​ផ្លូវ​សមុទ្រ​របស់​កូរ៉េខាងជើង។

កាល​ពី​ឆ្នាំ​ទៅ ក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស.ប. បាន​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​ទំនិញ​របស់​កូរ៉េខាងជើង៕