ក្រុងបាងកកៈ គណបក្ស​នយោបាយ​ជាច្រើន​បាន​ទាត់​ចោល​ការ​អំពាវ​នាវ​របស់​ក្រុម សកម្មជន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​ទាមទារ​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ឆាប់ ដោយ​បាន​ព្រមាន​ថា សកម្មជន​ទាំង​នោះ​អាច​នឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​នយោបាយ ហើយ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​របស់​ពួកគេ អាច​នឹង​បាត់បង់​ភាព​ស្រប​ច្បាប់​នៅ​ពេល​អ្នក​នយោបាយ ចាប់ផ្ដើម​ចូលរួម​ជាមួយ​ពួកគេ​នោះ។

នៅ​ថ្ងៃ​សៅរ៍​កន្លងទៅ ថ្នាក់ដឹកនាំ​នៃ​ក្រុម​សកម្មជន​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ច្រើន​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​សាកល​វិទ្យាល័យ Thammasat ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​នេះ ហើយ​ធ្វើការ​កំណត់​តារាង​ពេលវេលា​ច្បាស់​លាស់​មួយ​សម្រាប់​ក្រុម​សកម្មជន អាច​បន្ត​ហែ​ក្បួន​រហូត​ដល់​យ៉ាង​ហោច​ណាស់​ក៏​ត្រឹម​ខែ​ឧសភា​ដែរ។

ពួកគេ ក៏បាន​ដាក់​គំនាប​អ្នកនយោបាយ​ឲ្យ​ជ្រើសរើស​រវាង​ប្រជាជន និង​យោធា។

លទ្ធភាព​នៃ​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ដែល​សន្យា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុធ ចានអូចា មើល​ទៅ​ហាក់​ដូចជា​មិន​អាច​កើត​ឡើង​ទៅ​រួច​ទេ​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត ដែល​គ្រប់គ្រង​ការ​បោះឆ្នោត​តំណាងរាស្ត្រ ហើយ​វា​ត្រូវ​បាន​ពន្យារ​ក្នុង​រយៈពេល ៩០ ថ្ងៃ​ទៀត។ ច្បាប់​នេះ មាន ប្រសិទ្ធភាព​ក្នុងការ​ពន្យារ​ពេល​ការ​បោះឆ្នោត រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម សកម្មជន​បាន​អំពាវនាវ​ដល់​សកម្មជន​ទាំងអស់​ឲ្យ​ចូលរួម​យុទ្ធនាការ​ដែល​ក្នុង​នោះ​រួម​ទាំង​អ្នក​នយោបាយ​ដូចជា​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោក​អាប់ពីស៊ីត វេចាជីវ៉ា អនុ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​លោក Korn Chatikavanij និង​អតីត​មេ​ដឹកនាំ​ការ​តវ៉ា​លោក SuthepThaugsuban។

ចំណែក​អតីត​អ្នក​តំណាងរាស្ត្រ​បក្ស PheuThai លោក Somkid Chueakhong បាន​ថ្លែងថា អ្នក​នយោបាយ​មិន​ចូលរួម​ជាមួយ​នឹង​ក្រុម​សកម្មជន​ទេ៕