ក្រុងប៉ារីស: រឿងអាស្រូវមួយជុំវិញបញ្ហាការរំលោភសេពសន្ថវៈនៅក្នុងស្ថាប័នឧស្សាហកម្មផ្តល់ជំនួយមួយដែលបានចាប់ផ្តើមជាមួយក្រុមអង្គការ Oxfam បានសាយភាយទៅកាលពីថ្ងៃពុធ ខណៈក្រុមអង្គការបារាំងឈ្មោះ «ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានលាតត្រដាងថា ខ្លួនបានបណ្តេញបុគ្គលិកបម្រើការងារ ១៩ នាក់កាលពីឆ្នាំទៅពាក់ព័ន្ធការប្រព្រឹត្តអាសគ្រាមផ្លូវភេទ និងការរំលោភផ្លូវភេទ។
ក្រុមអង្គការគ្រូពេទ្យមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីសដែលត្រូវបានគេស្គាល់ជាពាក្យកាត់ភាសាបារាំងថា MSF បានឲ្យដឹងថា ខ្លួនបានទទួល ១៤៦ ករណីបណ្តឹង ឬការព្រមានកាលពីឆ្នាំទៅដែល ៤០ ករណីត្រូវបានរកឃើញពាក់ព័ន្ធបទចោទប្រកាន់ការប្រព្រឹត្តអាសគ្រាមផ្លូវភេទ ឬការបៀតបៀនកេរ្តិ៍ខ្មាស។
ក្រុមនេះដដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមខ្លួនអនុវត្តលើ ២៤ ករណីក្នុងចំណោមករណីទាំងនេះដោយបានបណ្តេញបុគ្គលិក ១៩ នាក់ពីបទបានប្រព្រឹត្តក្នុងករណីដូចខាងលើ។
ជាមួយបុគ្គលិក ៤ ម៉ឺននាក់នៅទូទាំងសកលលោកនោះក្រុម MSF គឺជាក្រុមមួយក្នុងចំណោមក្រុមអង្គការផ្តល់ជំនួយធំជាងគេបំផុតនៅលើសកលលោក ដែលបានល្បីល្បាញដោយសារបេសកកម្មការងាររបស់ខ្លួនក្នុងការផ្តល់ជំនួយផ្នែកសុខាភិបាលនៅក្នុងគ្រប់តំបន់ទាំងអស់ដែលមានជម្លោះ ឬមានបញ្ហា។
ក្រុមអង្គការសប្បុរសធម៌បានឲ្យដឹងថា៖ «ទោះបីមានរបាយការណ៍នានាពាក់ព័ន្ធការរំលោភដូចករណីខាងលើបានកើនឡើងយ៉ាងខ្លាំងក៏ដោយ MSF ដឹងថាការរំលោភបែបនេះមិនត្រូវបានរាយការណ៍ ឬផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយឡើយ»។
ការលាតត្រដាងនានាបានផ្សព្វផ្សាយខណៈ Oxfam បានជួបបញ្ហាជាមួយការចោទប្រកាន់ជាច្រើនដែលថាក្រុមនេះគ្មានតម្លាភាពអំពីរឿងអាស្រូវនេះពាក់ព័ន្ធបុគ្គលិកមួយចំនួនរបស់ខ្លួនថា ប្រើស្រីខូចនៅហៃទី៕ SN