ក្រុង​ម៉ិក​ស៊ិក​:​ ​អង្គ​ការ​សហ​ប្រជា​ជាតិ​ (​UN​) ​និង​ (​AFP​) ​បាន​បើក​កម្ម​វិធី​ផ្តល់​រង្វាន់​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជា​កិត្តិ​យស​ឧទ្ទិស​ដល់​​ក្រុម​អ្នក​កាសែត​ដែល​បាន​ប្រ​ថុយ​ជីវិត​របស់​ពួកគេ​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​ ដើម្បី​ស្រាវ​ជ្រាវ​រក​សព្វ​ព័ត៌​មាន​ពាក់​ព័ន្ធ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទឹក​ដី​ម៉ិក​ស៊ិក​ ​ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​អ្នក​យក​ព័ត៌​​មាន​​ដ៏​​ល្បី​ល្បាញ​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ឆ្នាំ​ទៅ​។​

ពាន​រង្វាន់​ The ​Breach​-​Valdez ​Prize ​នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ជា​កិត្តិ​យស​ឧទ្ទិស​ដល់​ក្រុម​អ្នក​កាសែត​ដែល​បាន​អនុ​វត្ត​សកម្ម​ភាព​តាម​គំរូ​របស់​សហ​ការី​ពីរ​នាក់​របស់​​ពូក​គេ​ដែល​ត្រូវ​បាន​គេ​សម្លាប់​គឺ​ លោក​ស្រី​ ​Miroslava ​Breach ​និង​ លោក​ Javier ​Valdez​ ជា​អ្នក​កាសែត​ពីរ​នាក់​ក្នុង​ចំណោម​ក្រុម​​អ្នក​យក​ព័ត៌​មាន​ជាង ​១០០ នាក់​​ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ចាប់​តាំង​ពី​ឆ្នាំ​ ​២០០០​នៅ​ក្នុង​ប្រ​ទេស​មួយ​ក្នុង​ចំណោម​ក្រុម​ប្រ​ទេស​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​ពិភព​លោក​។​

លោក ស្រី Miroslava Breach អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន ម៉ិកស៊ិក La Jornada នៅក្នុង​រដ្ឋ Chihuahua ជាប់​ព្រំ​ដែនទឹក​ដី​សហ​​អាមេរិក គឺជា​អ្នក​កាសែត​ស៊ើបអង្កេត​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​គេស្គាល់​ឈ្មោះ​តាម​រយៈ​របាយ​​ការណ៍​​​​ស្តី​អំពី​​​ទំនាក់​ទំនង​រវាង​​​ក្រុម​អ្នក​នយោបាយ​​​និងឧក្រិដ្ឋ​កម្ម​​​ជា​ប្រព័ន្ធ​​។

លោក Giancarlo Summa នាយកមជ្ឈមណ្ឌល​ព័ត៌​មាន​​របស់​អង្គការ​​សហ​ប្រជា​ជាតិ (UNIC) នៅ​ម៉ិកស៊ិក​ បាន​ឲ្យ​ដឹង​ថា គោល​បំណង​​បំណង​​នៃ​​កិច្ច​នេះ​​​គឺ​ដើម្បី​​​​«​សម្តែង​ការ​ទទួល​ស្គាល់​​​ចំពោះ​​មុខ​ងារ​អាជីព​​​​​​​​​​របស់​ក្រុម​អ្នក​កាសែត​ម៉ិកស៊ិក​​​​​​​​ដែល​​​​​​មាន​ស្នាដៃ​ដ៏​មហស្ចារ្យ​​​លះបង់​ជីវិត​របស់​ពួកគេ​ដើម្បី​​​​​បុព្វ​ហេតុ​ការ​ពារ​សិទ្ធិ​មនុស្ស​ និង សេរី​​​​ភាព»។

លោក​Valdez​ អ្នក​កាសែត​ឈ្នះ​បាន​ពាន​រង្វាន់​ម្នាក់​ដែល​បាន​យក​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​សង្គម​ជួញ​គ្រឿង​ញៀន​ដ៏​មាន​អំណាច​ខ្លាំង​នៅ​ម៉ិក​ស៊ិក​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​ទាំង​កណ្តាល​ថ្ងៃ​នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​កាសែត​ Riodoce​ ជា​កាសែត​មួយ​ដែល​រូប​លោក​បាន​រួម​បង្កើត​នៅ​ក្នុង​ទី​ក្រុង​គូលីយ៉ាកាន​(Culiacan) ​ជា​រដ្ឋ​ធានី​របស់​រដ្ឋ​Sinaloa​ជា​ទឹក​ដី​កំណើត​របស់​លោក​។​

លោក​ក៏​គឺ​ជា​អ្នក​សហ​ការ​ជួយ​ផ្តល់​ព័ត៌​មាន​ដ៏​យូរ​អង្វែង​ម្នាក់​ដល់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​AFP​ផង​ដែរ៕ AFP/ SN