ក្រុងនីញ៉ាម៉ី: ទីភ្នាក់ងារ​ទទួល​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ បាន​ធ្វើ​សេចក្តី​អំពាវនាវ​រក​ជំនួយ​មនុស្ស​ធម៌ ១៥៧ លាន​ដុល្លារ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ជាង ២០ ម៉ឺន​នាក់ ដែល​រង​គ្រោះ​ដោយសារ​ការ​បះបោរ​បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​បូកូហារ៉ាម។

ទីភ្នាក់ងារ UNHCR បំពេញ​បេសកកម្ម​រួមគ្នា​ជាមួយ​នឹង ទីភ្នាក់ងារ​ជាង ៤០ បាន​ឲ្យ​ដឹងថា ខ្លួន​ត្រូវការ​ជំនួយ​មនុស្សធម៌​ជា​ចាំបាច់ ដើម្បី​ជួយ​ដល់​ក្រុម​ជន​ភៀស​ខ្លួន​នីហ្សេរីយ៉ា ២០ ម៉ឺន ៩ ពាន់​នាក់ និង​ក្រុម​ជន​ភៀស​ខ្លួន​គោល​ដៅ ៧៥០០០ នាក់​ទៀត​នៅ​ក្នុង​នីហ្សេ កាមេរូន និង​ឆាត ជាទី​កន្លែង​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​ហូរ​ចូល​នៃ​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នេះ។

ទីភ្នាក់ងារ​នេះ បាន​លើក​ឡើង​ថា ចាប់តាំង​ពី​ឆ្នាំ ២០១៣ មក ជម្លោះ​បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​បូកូហារ៉ាម បាន​បង្ក​ឲ្យ​ក្រុម​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ភាគ​ឦសាន កាមេរូន ឆាត និង នីហ្សេ ២,៤ លាន​នាក់​ទៀត បាន​បាត់បង់​លំនៅឋាន។

លោកស្រី Kelly Clements ឧត្តម​ស្នងការ​រង​របស់ UNHCR បាន​ថ្លែង ខណៈ​ធ្វើ​សេចក្តី​អំពាវ​នាវ​នោះ​ថា៖ «វិបត្តិ​ពាក់​ព័ន្ធ​ក្រុម​បូកូហារ៉ាម កាន់​តែ​បង្ក​គ្រោះ​ថ្នាក់ ហើយ​វា​បាន​កើត​ឡើង​ហួស​ពី​ការ​គិត​របស់​យើង​ទៅ​ទៀត»។ «ពិភពលោក​មិន​គួរ​បំភ្លេច​ក្រុម​ជន​រង​គ្រោះ​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ​ឡើយ ជា​ពិសេស ខណៈ​វា​ហាក់​មាន​ក្តី​សង្ឃឹម​បន្តិច​បន្តួច​នោះ​ចំពោះ​ការស្តារ​សន្តិភាព និង​ស្ថិរភាព ឡើង​វិញ​នៅ​ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ​នេះ»។

ទីភ្នាក់ងារ​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ឥទ្ធិពល​នៃ​សង្គ្រាម «ប្រកប​ដោយ​វិនាសកម្ម» រួម​ទាំង​ការ​កើន​ឡើង​នៃ​អសន្តិសុខ​ស្បៀង​អាហារ និង​កង្វះ​អាហា​រូបត្ថម្ភ​ដ៏​ខ្លាំងក្លា។

ទីភ្នាក់ងារ UNHCR បាន​បន្ថែម​ថា ក្រុម​ពលរដ្ឋ​ជាង ៧ លាន​នាក់​នៅ​ក្នុង​តំបន់​អាង​ទន្លេ Lake Chad ជា​តំបន់​វិបត្តិ​សន្តិសុខ​ស្បៀង​អាហារ និង​សុខភាព​កុមារ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០១៧៕