ភ្នំពេញ​: នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ភាពយន្ដ​បែប​រន្ធត់​របស់​កម្ពុជា ម៉ូ​ដែល​ម៉ែ​ក្រឡា​ភ្លើង​ឡាវ បាន​បីកូន​តូច​ក្នុង​ដៃ​ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​។ រូបរាង​ដ៏​គួរឱ្យខ្លាច​នេះ​ បាន​ផុស​ឡើង​នៅមុខ​រោងភាពយន្ដ​ប្រទេស​ឡាវ ដែល​ទាក់ទាញ​អ្នក​និយម​ភាពយន្ដ​បែប​រន្ធត់ និង​កម្សត់​ស្រក់​ទឹកភ្នែក​។ គ្រង​សម្លៀកបំពាក់​បុរាណ​ខ្មែរ អ្នក​ម្ដាយ​ខ្មោច​រូបនេះ បានធ្វើឱ្យ​មហាជន​ឡាវ​មាន​ចិ​ត្ដ​អន្ទះសា​ចង់ឃើញ ចង់ដឹង​អំពី​ដំណើររឿង​ភាពយន្ដ​ខ្មែរ​មួយ​នេះ​។​

​ម៉ែ​ក្រឡាភ្លើង​បង្ហាញ​ពី​គ្រួសារ​ដ៏​តូច​មួយ​ក្នុងសម័យ​អតីតកាល​នៃ​ប្រទេស​កម្ពុជា​។ តួអង្គ​នួន បាន​ពពោះ​កូន​បន្ទាប់​អស់​ជាច្រើន​ខែ និង​បារម្ភ​ថា កូន​របស់ខ្លួន​អាច​មិន​រួច​ជីវិត អំឡុងពេល​អវត្តមាន​ប្តី​។ ក្រោយ មក​នួន​បាន​ស្លាប់​ក្លាយជា​ខ្មោច អ្នកភូមិ ក៏ដូចជា​កុមារ​ក្នុងភូមិ​ភ័យខ្លាច និង​មិន​លេង​ជាមួយ​កូន​របស់​នាង​ទេ​។​

​ពួកគេ​បាន​រើសអើង​កូន​របស់​នួន ដូចនេះហើយ ទោះជា​នួន ក្លាយជា​ខ្មោច​យ៉ាងណា ក៏​នាង​ខិតខំ​ការពារ​កូន​របស់ខ្លួន​។ ការ​លងបន្លាច​បន្ទាប់​ពី​អ្នកភូមិ​ចាប់​ផ្ដើម​មើលងាយ​ដល់​កូន​របស់​នាង​។ មនោសញ្ចេតនា​នៃ​សាច់​រឿង​បាន​បង្ហាញថា មិន​ថា​មនុស្ស ឬ​ខ្មោច​ទេ ត្រូវតែមាន​វត្តមាន ​ដើម្បី​មើល​ថែកូន​របស់ខ្លួន​ជានិច្ច ក្នុងនាម​ជា​ម្ដាយ​។ រឿង ​«​ម៉ែ​ក្រ​​ឡា​ភ្លើង​»​ គឺជា​ភាពយន្ដ​ខ្មែរ​មួយ​ក្នុងចំណោម​ ៣​ រឿង​ទៀត ដែល​ត្រូវបាន​នាំយកទៅ​ដាក់​បញ្ចាំង​នៅក្រៅ​ប្រទេស​នា​ដើម​ឆ្នាំនេះ​។​

​លោក ​ប៉ុក បូ​រក្ស​ ប្រធាន​នាយក​ដ្ឋា​ន​សិល្បៈ​ភាពយន្ត និង​ផ្សព្វ​​ផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានឱ្យដឹងថា សម្រាប់​ដើមឆ្នាំ​ ២០២៤ នេះ កម្ពុ​ជាមាន​ភាពយន្ដ​ចំនួន ៣ រឿង ដែល​ត្រូវបាន​នាំយកទៅ​បញ្ចាំង​នៅ​បរទេស ដូចជា រឿង «​ម៉ែ​ក្រឡាភ្លើង​» រឿង «​កំណើត​អរូប​» និង​រឿង «Rent Boy» ហើយ​អាច​នឹង​មានរឿង​ជា​បន្ដ​បន្ទាប់​ទៀត​។ លោក​ទទួលស្គាល់ថា ផលិតករ​ភាពយន្ដ​មានការ​ខិតខំ​សម្រិតសម្រាំង​ខ្លាំង​ក្នុងការ​លើកកម្ពស់​ភាព​យន្ដ​របស់​ពួក​​គេ ដែល​សំដៅលើ​បច្ចេកទេស រូបភាព ពន្លឺ សំឡេង ការកាត់ត និង​សម្ដែង​ជាដើម​។​

​បោះជំហាន​ទៅកាន់​ឆាក​អន្ដរជាតិ​ Sastra Film បាន​នាំចេញ​ភាពយន្ដ​មួយចំនួន​ទៅ​បញ្ចាំង​នៅក្រៅ​ប្រទេស ដូចជា រឿង ​«​ហាម​បិទ​ភ្នែក​» ជា​ភាពយន្ដ​ដំបូង​ត្រូវបាន​យកទៅ​បញ្ចាំង​នៅ​ប្រទេស​ឡាវ វៀតណាម និង​តៃវ៉ាន់​។​

​ម៉ែ​ក្រឡាភ្លើង​ឬ ​(Dark Mother) បាន​ទៅដល់​រោងកុន​នៅ​ប្រទេស​ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ា​​ឡេ​ស៊ី ថៃ ឡាវ និង ៥-៦ ប្រទេស​ទៀត​ដែល​ស្ថិតក្នុង​ដំណាក់កាល​ចរចា​។​

​កញ្ញា ហុង ចាន់​សុ​វ​ល័​ក្ខ ជា​តួអង្គ​សំខាន់​ម្នាក់ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា​៖«​នាង​​ខ្ញុំ​ពិតជា​ត្រេកអរ​និង​មាន​មោទន​​ភាពខ្លាំង​ណាស់​ចំពោះ​សមិទ្ធ​ផល​ដែល​ខ្ញុំ​ទទួលបាន​និង​រឿង​ដែលជា​របស់​ខ្មែរ​បាន​ចាក់​នៅ​ជុំ​​វិញ Asian និង​អរគុណ​ទៅដល់ ផលិតកម្ម Sastra Film ដែល​បាន​ផ្តល់ឱកាស​មួយ​នេះ​ដល់​ខ្ញុំ​»​។​

​លើសពីនេះ​ប្រទេស​ឥណ្ឌូនេស៊ី​ បានធ្វើ​កិច្ចសន្យា​ពីរ​ជាមួយ​ផលិតកម្ម​ខ្មែរ​ដោយ​ស្នើសុំ​សិទ្ធិ​ដាក់​បញ្ចាំង​នៅតាម​រោងកុន និង​មួយទៀត ជា​ការសុំ​សិទ្ធិ​ថត​រឿង​ម៉ែ​ក្រឡាភ្លើង​នេះ​ឡើងវិញ​ទៅជា​ប្រភេទ​ភាពយន្ដ​របស់​ឥណ្ឌូនេស៊ី​។​

​អ្នកស្រី ​ចាន់ និមល ស្ថាបនិក​ផលិតកម្ម Sastra Film ដែល​ផលិត​រឿង ម៉ែ​ក្រឡាភ្លើង និយាយថា​៖ «​វា​ជា​រឿង​គួរឱ្យ​រីករាយ និង​មោទន​មួយ​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា វា​ជាស​ញ្ញា​បូក​នៃ​វិស័យ​ភាពយន្ដ​កម្ពុជា​ដែលមាន​គេ​ទិញ​សិទ្ធិ​ពី​យើង​យកទៅ​ផលិត​។ នោះ​មានន័យថា គេ​ផ្ដល់​តម្លៃ​លើ​អត្ថបទ​និពន្ធ និង​ស្នាដៃ​ភាព​​យន្ដ​របស់​យើង​»​។​

​ដោយ​មិន​លើកឡើង​ពី​ភាព​​យន្ដ​របស់​ផលិតកម្ម​ដទៃ អ្នកស្រី ចាន់​និមល​បាន​និយាយ​ពី​ផលិត​​ផល​របស់​អ្នកស្រី​ថា ពេល​ភាព​យន្ដ​របស់​អ្នកស្រី​ត្រូវបាន​យកទៅដាក់​បញ្ចាំង​នៅ​ប្រទេស​ ​ពួកគេ​មិន​វាយតម្លៃ​ទាប​លើ​ភាព​​យន្ដ​ខ្មែរ​។ អ្នកស្រី​បន្ដថា យោង​តាម​សម័យ​ឌីជីថល​នេះ ប្រសិនបើ​ភាពយន្ដ​ខ្មែរ​ណា​មានគុណ​​ភាព​ការផ្សព្វ ផ្សាយ​ព័ត៌មាន​បានល្អ បរទេស​ប្រាកដជា​ត្រូវការ​ភាព​យន្ដ​ខ្មែរ​យកទៅដាក់​បញ្ចាំង​។​

​រឿង «​កំណើត​អរូប​» អាចធ្វើឱ្យ​មហាជន​យល់ថា វា​ជា​ភាព​យន្ដ​បែប​បស្ចិមប្រទេស​ដែល​បង្ហាញ​ពី​ឈុត​ឆាក​រន្ធត់​ព្រឺព្រួច​។ ប៉ុន្ដែ​បើ​ក្រឡេកមើល​ពី​តថភាព​សាច់រឿង និង​តួអង្គ​មួយចំនួន វា​ជា​ភាពយន្ដ​ខ្មែរ​បែប​ថ្មី​មួយ​ឆ្លុះ​បញ្ចាំង​ពី​ខ្លឹមសារ វប្បធម៌ អត្ដ​សញ្ញាណ ជំនឿ​អរូបី រួមទាំង​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោក សែម វិសាល អ្នកនិពន្ធ និង​ដឹកនាំ​រឿង​បានឱ្យដឹងថា កំណើត​អរូប​បាន​បង្កប់​នូវ​អត្ថ​ប្រ​យោជន៍​ច្រើន​ក្នុង​ភាពយន្ត គោល​​បំណង​ផ្ដល់​ទាំង​ការកម្សាន្ត និង​ជា​ឯកសារ​កត់ត្រា​យ៉ាងសំខាន់​តាម​យុគសម័យ​កាល​។​​

លោក បូ​រក្ស​ និយាយថា​៖ «​ក្នុងចំណោម​នេះ រឿង​ «​កំណើត​អរូប​» មិន​ត្រឹមតែ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​បញ្ចាំង​បណ្ដា​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប ម​ជ្ឈឹ​ម​បូព៌ា និង​ឥណ្ឌា​ក៏ដូចជា​នៅ​វៀតណាម​»​។ ភាពចម្រូងចម្រាស​នៅ​ថៃ​យ៉ាងណាមិញ អ្នកស្រី ចាន់​និមល​ទទួលស្គាល់ថា ក្នុងចំណោម​បណ្ដា​ប្រទេស​ជាច្រើន​ដែល​ទិញ​សិទ្ធិ​ដាក់​បញ្ចាំងភាពយន្ដ​រឿង ម៉ែ​ក្រឡាភ្លើង ការបញ្ជូន​ភាពយន្ដ​ខ្មែរ​ទៅកាន់​ប្រទេស​ថៃ​ជួប​ការ​លំបាក​ខ្លាំង​។​

​អ្នកស្រីបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ក្នុងចំណោម​ប្រទេស​ដែល​ខ្ញុំ​ផ្ដល់​សិទ្ធិ​ចែក​ចាយ​រឿង ប្រទេស​ថៃ​ជា​ប្រទេស​ប្រឈម​បញ្ហា​ច្រើនជាងគេ​។ ប្រទេស​ផ្សេងៗ ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ មានការ​ស្វាគមន៍​យើង​ខ្លាំង រួមទាំង មហាជន និង​ក្រុមហ៊ុន​ចែក​ចាយ​។ ប៉ុន្ដែ​នៅ​ប្រទេស​ថៃ ធ្វើឱ្យ​ខ្ញុំ​មាន​សម្ពាធ​ខ្លាំង ទោះបីជា​អ្នក​ចែកចាយ​ជា​ជនជាតិ​ថៃ​ក៏​រង​សម្ពាធ​ដូចគ្នា​»​។​

​ស្ដ្រី​ដែល​ស្រឡាញ់​វិស័យ​ភាពយន្ដ​តាំងពី​កុមារ​រូបនេះ បានបង្ហាញ​ពី​ការ​​យល់ឃើញថា អ្នកស្រី​មាន​អារម្មណ៍​ថា ប្រជាជន​ថៃ​ហាក់​មិនសូវ​ឱ្យ​តម្លៃ​ស្នាដៃ​ភាពយន្ដ​របស់​ខ្មែរ​។ អ្នកស្រី​បាន​ពន្យល់ថា អ្នកស្រី​បាន​នាំយក​ភាពយន្ដ​ទៅ​ដាក់​បញ្ចាំង​នៅ​បរទេស​ជាច្រើន​ប្រទេស​។ ដូច្នេះ អ្នកស្រី មិន​ចង់​រំលង​ថៃ​ឡើយ ដោយសារ​ជា​ប្រទេសជិតខាង​គ្នា​។ បើ​មិនមាន​ចំណង​ទំនាក់ទំនង soft power និង​ភាពយន្ដ វា​ក៏​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ដែរ​។​

​អំឡុងពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ កម្ពុជា​មិនសូវ​ផលិតភាព​យន្ដ​បែប​ជំនឿ ខណៈ​ថៃ​បន្ដ​បញ្ចេញ​ភាពយន្ដ​គ្រប់​ប្រភេទ​ជា​ហូរហែ ដែល​ធ្វើឱ្យ​ពួកគេ​ដឹ​ត​ដាម​នឹង​ភាពយន្ដ​ទាំងនោះ​។​

អ្នកស្រី​ ចាន់ និមល និយាយថា នៅពេល​កម្ពុជា​ផលិត​រឿង​បែប​ជំនឿ​ឡើងមក ប្រជាជន​ថៃ​មួយចំនួន​យល់ថា កម្ពុជា​ចម្លង​រឿង​ពី​ខ្លួន ដោយសារ​ប្រជាជន​ប្រទេស​ទាំងពីរ​មាន​ជំនឿ និង​ប្រពៃណី​ស្រដៀង​គ្នា​។​

​ផលិតករ​ភាពយន្ត អ្នកស្រី ចាន់ និមល ​បានធ្វើ​ការបកស្រាយ​ចំពោះ​ប្រតិកម្ម​ពី​សំណាក់​ប្រជា​​ជន​ថៃ​មួយចំនួន នៅពេល​រឿង​ម៉ែ​ក្រឡាភ្លើង ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​មិន​ទទួលបាន​លទ្ធផល​ល្អ​ថា វា​ជា​បរាជ័យ​មួយ​ហៅថា «​ចាញ់​មុន​ឡើង​សង្វៀន​ប្រកួត​»​។

យ៉ាងណាមិញ​អ្នកស្រី អះអាងថា បញ្ញវន្ត​មួយចំនួន​នៅ​ប្រទេស​ថៃ បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ការចាក់​បញ្ចាំងភាពយន្ដ​ខ្មែរ​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ភាពយន្ដ​របស់គេ ដោយ​មិនមាន​ការរើសអើង​គ្នា​ទៅវិញទៅមក​ឡើយ​។

អ្នកស្រី​ឱ្យដឹងថា​៖ «​ខណៈពេល​នៅលើ​បណ្ដាញ​សង្គម​មួយចំនួន​បញ្ចេញមតិ​អគតិ​ជាមួយ​យើង អ្នកចេះដឹង​បែរជា​វិជ្ជមាន និង​ហ៊ាន​ចេញមុខ​ការពារ​យើង​ជា​សាធារណៈ រហូតដល់​មាន​តួ​សម្ដែង​ថៃ​ហ៊ាន​បង្ហោះ​រឿង​របស់​យើង​នៅលើ​បណ្ដាញ​សង្គម​របស់​ពួកគេ​ថែមទៀត​»​។​

​លោកបូ​រក្ស​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​ភាពយន្ត​ចម្រូង​ចម្រាស យើង​បានដឹងហើយថា វា​មានការ​យល់ច្រឡំ ដោយសារ​ប្រទេស​ពីរ​ជិតគ្នា​មាន​វប្បធម៌ អរិយធម៌​ស្រដៀង​គ្នា​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​មក​។ ដូច្នេះ វា​ចៀស​មិន​ផុត​ទេ​»​។​

​ផ្ដោតលើ​គុណភាព​ម្ចាស់​ផលិតកម្ម​ក្នុងស្រុក អ្នក​​ស្រី ចាន់ ​និមល ​បាន​ព្រលយ​ប្រាប់ថា នៅ​ចន្លោះ​ខែកក្កដា​និង​សីហា អ្នកស្រី នឹង​បង្ហាញ​ភាពយន្ដ​ខ្នាត​ធំ​បំផុត​មួយ ដែល​មិន​ធ្លាប់​ផលិត​ពីមុនមក​។ ជា​ប្រភេទ​សាច់រឿង​ថ្មី​បែប​អន្ដរជាតិ​ជាមួយ​តួ​សម្ដែង​ប្រហែល ២០០ នាក់ អ្នកស្រីបានឱ្យដឹងថា​៖ «​ភាព​យន្ដ​ថ្មី​នេះ​អាច​ចាក់​បញ្ចាំង​ច្រើន​ប្រទេស​ទៀត ក្រៅពី​តំបន់​អាស៊ីអាគ្នេយ៍​វា​ជា​ទៅដល់​ប៉ែក​អឺរ៉ុប​»​។​

​រឿង​ថ្មី​នេះ​ជាការ​លាយ​បញ្ចូល​គ្នា​រវាង​កាយវិកា​សម្ដែង​និង​សាច់​​រឿង​បែប​ខ្មែរ និង​អន្ដរជាតិ​ប្រកបដោយ​ភាពទំនើប​ខ្លាំង​ដោយសារ​មាន​គោលបំណង​ទាក់ទាញ​មហាជន​ទូទាំង​ពិភពលោក​។​

​អ្នកស្រី ចាន់ និមល បានឱ្យដឹងថា ភាពយន្ដ​ថ្មី​នេះ ដែល​យក​លំនាំ​តាម​ភាពយន្ដ​អាមេរិក និង​បន្ដទៅ​កូរ៉េខាងត្បូង នឹងធ្វើ​ឱ្យ​មហាជន​ក្នុងស្រុក​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​សមត្ថភាព​ផលិត​របស់​កម្ពុជា​។​

​អ្នកស្រី​ក៏​ព្យាយាម​រំលេច​នូវ​អត្ដ​សញ្ញាណ​ខ្មែរ​នៅក្នុង​ភាពយន្ដ​លក្ខណៈ​អន្ដរជាតិ​នេះ​ផងដែរ​។ អ្នកស្រីបាន​ប្រាប់ថា​៖ «​បើ​ភាពយន្ដ​យើង​មានការ​​ទទួលស្គាល់​ច្រើន វិស័យ​ទេស​ចរណ៍​យើង​ក៏មាន​ការឈាន​ឡើង​ផងដែរ ជាក់ស្ដែង ពេល​យើង​មើល​រឿង​កូរ៉េ យើង​ចង់​ទៅលេង​កូរ៉េ មើល​រឿង​ចិន ចង់ទៅ​លេង​ចិន​។ យើង​ចង់​ចូលរួម​ចំណែក​ឱ្យ​ភាពយន្ដ​ខ្មែរ​យើង​ស្ថិតក្នុង​ទម្រង់​បែបនេះ​»​។​

​លោក ​វិសាល រំពឹងថា ភាព​យន្ត​ «​កំណើត​អរូប​»​ របស់លោក​ជា​ភាពយន្ត​មួយ​ដែល​អាច​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ទស្ស​និក​ជន​ឱ្យ​ងាក​មក​គាំទ្រ​ខ្មែរ​វិញ​ដោយសារ​ទាំង​ផលិតករ​និង​អ្នកដឹកនាំ​រឿង​ក្នុងស្រុក​បាននិងកំពុង​ព្យាយាម​ផលិត​រឿង​ប្រកបដោយ​គុណ​​ភាព​។

លោក​បញ្ជាក់ថា​៖ «​យើង​រួមគ្នា​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ​យើង​ឱ្យ​ដូច​វិស័យ​ផ្សេងៗ​ដើម្បី​យើង​ឆាប់​ដល់​គោលដៅ​ដូច​បណ្ដា​ប្រទេសជិតខាង​។ យើងខ្ញុំ​នឹង​ខំប្រឹងប្រែង​បន្ត​ឱ្យ​អស់ពី​លទ្ធភាព​សម្រាប់​គុណភាព មិនឱ្យ​អាប់ឱន​មុខមាត់​ជនជាតិ​យើង​ឡើយ​»​។​

​លោក បូរ​ក្ស លើកឡើងថា កុំថាឡើយ​ការនាំចេញ​ភាពយន្ដ​ទៅ​ក្រៅប្រទេស ទស្សនិកជន​ក្នុងស្រុក ក៏​ពួកគេ​ចេះ​វិភាគ និង​ស្គា​ល់ពី​គុណភាព​នៃ​ភាពយន្ដ​។ ការពង្រឹង​គុណភាព និង​មាតិកា​នៃ​រឿង​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ទាក់ទាញ​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​៕