ភ្នំពេញៈ​ សិស្ស​ ១ ​ក្រុម​នៃ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន​ បង្កើត​រ៉ូ​បូត​វៃឆ្លាត​ជូត​ធូលី​ដី​ក្នុងផ្ទះ​បញ្ជា​តាម​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ ជា​អ្វីដែល​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ចាត់ទុកថា​ជាការ​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​មាន​ជំនាញ​បច្ចេក​ទេស​ស្រាប់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។​

​មាន​រូបរាង​ជា​តួ​រថយន្ត​ទំហំ​បណ្តោយ​ ២៥​ សង់ទីម៉ែត្រ ទទឹង ​១៣ ​សង់ទីម៉ែត្រ និង​មាន​កម្ពស់ ​១៦​ សង់ទីម៉ែត្រ ​ផ្គុំ​ឡើង​ដោយ​បណ្តុំ​អេឡិចត្រូនិក នេះហើយ​គឺជា​រ៉ូ​បូត​ដែល​ត្រូវបាន​ដាក់ឈ្មោះថា ​«​រ៉ូ​បូត​សម្អាត​ឥដ្ឋការ៉ូ​វៃឆ្លាត​» ​ជា​គំនិត​ច្នៃ​របស់​យុវ​សិស្ស​ ៤ ​នាក់​នៃ​វិទ្យាល័យ​ចំណេះ ទូទៅ និង​បច្ចេកទេស​ហ៊ុនសែន​ជម្ពូ​វ័ន​។​

​រ៉ូ​បូត​វៃឆ្លាត ​១​ គ្រឿង​នេះ​បាន​ភ្ជាប់​ប្រព័ន្ធ​ប្ល៊ូ​ធូប​ញ្ជា​បាន​តាម​ទូរស័ព្ទ ហើយ​វា​អាច​ចល័ត​បាន​គ្រប់​ទីតាំង​ចង្អៀត មិន​ថា ​នៅក្នុង​បន្ទប់ ឬ​ក្នុងផ្ទះ​ឡើយ​។ រ៉ូ​បូត​នេះ​ទៀតសោត​មាន​តួនាទី​ជូត​សម្អាត​ធូលី​ដី ជូត​សម្អាត​ទឹក​ដក់​លើ​ឥដ្ឋការ៉ូ​ជាមួយនឹង​ដុំ​ជូត​សរសៃ​នៅ​ពីមុខ​តួ​រ៉ូ​បូត​ដោយពេល​ជូត​វា​នឹង​បញ្ចេញ​ទឹក​ដែលមាន​ផ្ទុក​នៅក្នុង​តួ​រ៉ូ​បូត​ស្រាប់​។​នេះ​ជាការ​លើកឡើង​របស់​យុវ​សិស្ស លី ហុង​មាន​។​

​លី ហុង​មាន ដែលជា​ប្រធាន​ក្រុម​បាន​រៀបរាប់ថា បច្ចុប្បន្ន​រូបគេ និង​មិត្ត​រួម​ក្រុម​ ៣ ​នាក់​ទៀត​កំពុង​សិក្សា​ថ្នាក់​ទី​១១ នៃ​វិទ្យា​ល័យ​ចំណេះ​ទូទៅ និង​បច្ចេក​​ទេស​ហ៊ុនសែន​ជម្ពូ​វ័ន​។ ចំពោះ​មូលហេតុ​ដែល​ក្រុម​ខ្លួន​ប្រើ​បច្ចេកទេស​កែច្នៃ​ជា​រ៉ូ​បូត វៃឆ្លាត​នេះ​ឡើង ព្រោះ​គិតថា នៅតាម​បន្ទប់​ឬ​នៅ​ក្នុងផ្ទះ​ខ្លះ​មាន​ទីតាំង​ចង្អៀត​ហើយ​មនុស្ស​មិនអាច​ចូលទៅ​ជូត​ដល់​គឺ​គេ​អាច​ប្រើ​រ៉ូ​បូត​នេះ​បាន​។ ម្យ៉ាងទៀត​រ៉ូ​បូត​សម្អាត​ឥដ្ឋការ៉ូ​វៃឆ្លាត​នេះ​ក៏​អាចជួយ​ការងារ​មនុស្ស​ចាស់​បាន​ផងដែរ ដោយ​គ្រាន់តែ​បញ្ជា​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ​។​

​យុវជន លី ហុង​មាន  ​បាន​អះអាង​ជំនួស​សមាជិក​ក្រុម​ថា​៖​​ «​រ៉ូ​បូត ​១ ​គ្រឿង​នេះ អាច​ប្រើ​ជំនួស​មនុស្ស​ចាស់​នៅពេលដែល​គាត់​ចុក​ខ្នង​រួយ​ចង្កេះ ពិបាក​ក្នុងការ​ជូត​គឺអាច​ប្រើ​រ៉ូ​បូត​នេះ​បាន​។ វា​អាច​ចូល​ជូត​ដល់​ក្រោម​គ្រែ ក្រោម​តុទូ​បាន​ដោយ​យើង​គ្រាន់តែ​បញ្ជា​ពី​ចម្ងាយ​ប៉ុណ្ណោះ​»​។​

​បើតាម​យុវជន ​លី ហុង​មាន ពាក់ព័ន្ធ​ការប្រើ​ជំនាញ​បច្ចេក​ទេស​នេះ​វា​មិនមែន​គ្រាន់តែ​គិត​ ១ ​ភ្លែត​ហើយ​បង្កើតបាន​នោះទេ បើ​មិនមាន​ការព្យាយាម​ពិគ្រោះ​ផ្លាស់ប្តូរ​យោបល់​គ្នា​ជា​ក្រុម​ហើយក៏​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​រៀនសូត្រ​តាំងពី​តាម​អ៊ី​ន​ធឺ​ណិ​ត​ជាពិសេស​ពី​គ្រូ​តែម្តង​។

រ៉ូ​បូត​ ១ ​គ្រឿង​នេះ ត្រូវ​ប្រើពេល ​៥ ​ខែ ទើប​អាច​សម្រេចបាន ហើយក៏​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​ដើម្បី​វិ​វ​ឌ្ឍ​វា​បន្ថែមទៀត​។ រូបគេ​ក៏ដូចជា​មិត្ត​រួម​ក្រុម​រំពឹងថា ​«​រ៉ូ​បូត​ដែល​ពួកគេ​ខំ​ស្រាវជ្រាវ​បង្កើតឡើង​មកនេះ​ថ្វីដ្បិតតែ​ជា​គំរូ​ដំបូង​ក្តី តែ​នេះ​ជា​សមិទ្ធផល​ល្អ​​​​ ១​ ទៅ​ថ្ងៃ​អនាគត​»​។​

​លី ហុង​មាន បាន​និយាយថា​៖ «​បើ​ខ្ញុំ​ចេះ​ជំនាញ​បច្ចេកទេស​នេះ​ពិតប្រាកដ​គឺ​ខ្ញុំ​អាច​ងាយ​​ស្រួល​ក្នុង​ការរក​ការងារ​ធ្វើបាន ព្រោះ​បើ​យើង​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ខ្លួន​វា​អាច​ងាយស្រួល​ជាង​យើង​មិនមាន​ជំនាញ​»​។​

​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ជម្ពូ​វ័ន​ក៏​ជា​សាលាបង្រៀន​ចំណេះ​ទូទៅ​ដែរ ហើយ​ពេល​សិស្ស​រៀន​ដល់​ថ្នាក់​ទី៩​ គឺ​ខាង​សាលា​នឹង​ផ្សព្វផ្សាយ​មុខវិជ្ជា​ចំនួន ​៣ ​ឱ្យ​សិស្សានុសិស្ស​ជ្រើសរើស ក្រោយពី​ប្រឡង​ចូល​ថ្នាក់​ទី​១០​។ ជំនាញ​ទាំង ​៣ ​នោះ​រួមមាន ជំនាញ​មេកា​​និក អគ្គិសនី និង​ជំនាញ​អេ​ឡិច​ត្រូ​និក​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក សំ​ស៊ូ រៈ​តុង ជា​គ្រូបង្រៀន​ផ្នែក​អេឡិចត្រូនិក​នៃ​​វិទ្យាល័យ ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន​។​

លោកគ្រូ សំ​ស៊ូ រៈ​តុង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​ពីមុខ​ជំនាញ​ទាំង ៣​ ខាងលើ​ហើយ​នោះ បើ​សិ​ស្សា​នុ​​សិស្ស​ណា​ម្នាក់​ចាប់យក​ជំនាញ​ណាមួយ​ក្នុងចំណោម​មុខជំនាញ​ទាំង​ ៣ ​គឺ​គាត់​នឹងត្រូវ​រៀន​ជំនាញ​នោះ​ពី​ថ្នាក់​ទី១០​ ដល់​ថ្នាក់​ទី១២​។​

​ប៉ុន្តែ​សាលា​ក៏មាន​បង្រៀន​ចំណេះ​ទូទៅ​ដល់​ពួកគាត់​ដែរ​មានដូចជា រូបវិទ្យា គណិតវិទ្យា និង​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​។​ចំពោះ​សិស្ស​ដែល​សិក្សា​មុខវិជ្ជា​អេឡិចត្រូនិក​ គឺមាន​សម្ភារ​ឧបករណ៍​សម្រាប់​ឱ្យ​អនុវត្ត​ផ្ទាល់​នៅ​សាលា​តែម្តង​។ ក្នុងអំឡុងពេល​សិក្សា​នេះ​គឺ​សិស្ស​ត្រូវ​ចងក្រង​គ្នា​ជា​ក្រុម ​ដើម្បី​ពិភាក្សាគ្នា​ស្វែងរក​គំនិត​បង្កើតជា​គម្រោង​ ១ ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អ្វី​ ១ ហើយ​លើក​គម្រោង​នោះមក​បង្ហាញ​គ្រូ បើ​គ្រូ​មើលថា​អាចធ្វើ​បាន​ក៏​ឱ្យ​ពួកគេ​ស្រាវ​​ជ្រាវ​ធ្វើ​តែម្តង​។​

​លោក​ថ្លែងថា​៖ «​គម្រោង​ដែល​សិស្ស​លើក​មកឱ្យ​ពួក​ខ្ញុំ​នេះ ​គឺ​ពួក​ខ្ញុំ​ជា​គ្រូបង្រៀន​ជំនាញ​អេ​ឡិច​ត្រូ​និក​ក៏​មើល​ដែរ​ឱ្យ​គាត់​រើស​គម្រោង​ណា​ដែល​គាត់​គិតថា សម​នឹង​សមត្ថភាព​គាត់​។​ ចំពោះ​គោលបំណង​របស់​សិស្ស​ទាំង ​៤ ​នាក់​ ធ្វើ​រ៉ូ​បូត​ជូត​ឥដ្ឋការ៉ូ​នេះ​ដោយសារ​ពួកគាត់​ឃើញ​ក្នុង​បន្ទប់​រៀនមាន​ធូលី​ដី​ទើប​មានគំនិត​បង្កើតជា​រ៉ូ​បូត​នេះ​ទៅ​»​។​

​រ៉ូ​បូត​ ១ ​គ្រឿង​នេះ ​ត្រូវបាន​ភ្ជាប់​ប្ល៊ូ​ធូប​ទៅនឹង​គ្រឿង​ផ្គុំ​របស់​វា​ដោយ​បញ្ជា​តាម​អ៊ែ​ប តែ​រ៉ូ​បូត​ជូត​កម្រាល​ឥដ្ឋ​នេះ គ្រាន់តែ​ជា​គំរូ​នៃ​ការ​បង្កើត​តែប៉ុណ្ណោះ​ហើយក៏​នៅ​មិនទាន់​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​អ្វី​ ១ ​ដែរ​។ ប៉ុន្តែ​ដើម្បី​ប្រើ​ជាការ​បាន​លុះត្រាតែ​អភិវឌ្ឍ​បន្តទៀត ហើយ​ចំពោះ​ថ្នាក់រៀន​ជំនាញ​មេកា​និក អគ្គិសនី និង​ជំនាញ​អេឡិចត្រូនិក​មាន ​១២ ​ថ្នាក់ ហើយ​ក្នុង​ ១ ​ថ្នាក់ៗ​មាន​សិស្ស​ប្រហែល ​៦០​ នាក់​សិក្សា​ជំនាញ​នីមួយៗ​។ នេះ​បើតាម​លោកគ្រូ សំ​ស៊ូ រៈ​តុង​។​

​ពាក់ព័ន្ធ​នឹង​សិស្ស​នៅ​វិទ្យាល័យ​សិក្សា​លាយ​ជាមួយ​ជំនាញ​បច្ចេកទេស​នេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ប្រាប់​ ភ្នំពេញ ​​ប៉ុស្តិ៍​ថា វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ជា​វិទ្យាល័យ​ ១ ​ដែល​ផ្តល់​ការបណ្តុះបណ្តាល​ចំណេះ​​ទូទៅ​ផង និង​រៀន​បច្ចេកទេស​ផង​។ កម្មវិធី​ទាំងនេះ​ គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ឱ្យ​គាត់​អាចមាន​ជំនាញ​តាំងពី​សិក្សា​នៅ​កម្រិត​មធ្យមសិក្សា​។ ​រីឯ​ជំនាញ​ដែល​សិស្សានុសិស្ស​អាច​ជ្រើសរើស​បាន​មាន​ចំនួន ​១២ ​ជំនាញ គឺ​ជំនាញ​អគ្គិសនី អេឡិចត្រូនិក មេកា​និក កែច្នៃ​ម្ហូបអាហារ ក្សេត្រសាស្ត្រ ប​សុ​វប្បកម្ម ទេសចរណ៍ គណនី ​កុំព្យូទ័រ ឌីជីថល មេ​ឌា​ឌី​ហ្សា​ញ កសិកម្ម​វៃឆ្លាត និង​អភិវឌ្ឍន៍​កសិកម្ម​។​

​បើតាម​លោកស្រី រហូតមកទល់​បច្ចុប្បន្ន វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកវិទ្យា​មាន​សាលា​ចំនួន​ ២១ ​ស្ថិតនៅក្នុង​ខេត្ត​ក្រុង​ទាំង ​១៩ នៅ​ទូទាំងប្រទេស​ដែល​បាននិងកំពុង​អនុវត្ត​កម្មវិធី​ (​សាលា​ចំណេះ​ទូទៅ និង​បច្ចេក​ទេស​នេះ​)​ ហើយ​នៅពេល​អ​នា​គ​ត ក្រសួង​នឹង​ពង្រីក​វិសាលភាព​ទៅកាន់​ខេត្ត​ផ្សេងទៀត​ដែល​នៅ​មិនទាន់មាន​ហើយ​បច្ចុប្បន្ន​ក្រសួង​កំពុង​សិក្សា​នៅ​ខេត្ត​បាត់​ដំបង និង​ពោធិ៍សាត់​បន្ថែមទៀត​ដើម្បី​ពង្រីក​វិសាលភាព​។​

​លោកស្រី​ថ្លែងថា​៖ «​ប៉ុន្តែ​កម្មវិធី​នេះ​ខុសគ្នា​ពី​សាលា​ជំនាន់​ថ្មី ដោយ​សាលា​ជំនាន់​ថ្មី​មាន​ឯករាជភាព​ក្នុងការ​សិក្សា​។​ព្រោះ​ក្រៅពី​អនុវត្ត​ស្តង់ដា​កម្មវិធីសិក្សា​រប​ស់​ក្រសួង​អប់រំ​ហើយ​នោះ គឺ​សាលា​ជំនាន់​ថ្មី​មាន​បន្ថែម​កម្មវិធី​ផ្សេងៗ​ទៀត ជាពិសេស​ផ្នែក​ជំនាញ​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហៅ​កាត់​ថា​ស្តេ​ម​ឬ​ science, technology, engineering and mathematics (STEM)​ដើម្បី​ជំរុញ​ការបណ្តុះបណ្តាល​ផ្នែក​មុខ​វិទ្យា​វិទ្យាសាស្ត្រ​ដល់​សិស្សានុសិស្ស​។ មួយផ្នែក​ទៀត​សាលា​ជំនាន់​ថ្មី​ជា​សាលា​មួយ​ដែល​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មី​ដើម្បី​ជំរុញ​ឱ្យ​សិស្ស​មាន​បំ​ណិ​ន​សតវត្សរ៍​ទី​២១ ឱ្យ​ស្របតាម​កម្មវិធីសិក្សា​ថ្មី​»​។​

​លោកស្រី​ថ្លែងថា កន្លងមក​ក្រសួង​មើលឃើញថា សិ​ស្សា​-​នុ​សិស្ស​ ដែល​សិក្សា​នៅ​វិទ្យា​ល័យ​ចំណេះ​ទូទៅ និង​បច្ចេក​​ទេស​នេះ​គាត់​ទទួល​បានការ​​ចាប់អារម្មណ៍ និង​គាំទ្រ​ពី​ខាង​សហគ្រាស​ឬក៏​វិស័យ​ឯកជន​ជាច្រើន​ដែរ​។ វា​ជា​ឱកាស​អាច​ផ្តល់ឱ្យ​គាត់​រក​ការងារ​ធ្វើ​តាំងតែ​ពី​គាត់​រៀន​ចប់​ថ្នាក់​ទី​១២ ​ភា្ល​ម​ឬ​អំឡុងពេល​សិក្សា​ហ្នឹង​គាត់​ក៏​អាច​ទទួលបាន​ឱកាស​ក្នុង​ការចុះ​ហាត់​ការ​ឬក៏​ទទួលបាន​ការងារ​ធ្វើ​រួចទៅហើយ​ដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​អ៊ីចឹង ធ្វើឱ្យ​គាត់​អាច​រក​ឱកាស​បានការ​ងារ​ធ្វើ​ក្រោយពី​គាត់​ចប់​បាក់​ឌុប​ទៅ គាត់​ក៏​អាច​បន្ត​ការ​សិក្សា​នៅ​កម្រិត​ជំនាញ​ឬក៏​កម្រិត​សាកលវិទ្យាល័យ​បន្ត​ថែមទៀត​ដូច​ប្អូនៗ​ដទៃទៀត​ដែរ​។​អ៊ីចឹង​ការងារ​នេះ​ក្រៅតែពី​ការ​ផ្តល់នូវ​ជម្រើស និង​ឱកាស​ហើយ​នោះ គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អ្នកជំនាញ​ដែល​យើង​ហៅថា ​Skill​ នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​ផងដែរ​»៕