​ភ្នំពេញៈ ក្រុម​អភិរក្ស​បាន​អំពាវ​​នាវ​ឱ្យមាន​ការចូល​រួមការ​ពារ និង​អភិរក្ស​ជម្រក​ដ៏​សំខាន់​របស់​ផ្កាថ្ម​ក្រោយពី​រកឃើញ​ការបង្ក​កំណើត​របស់​ផ្កាថ្ម​ជា​លើកដំបូង​នៅ​សមុទ្រ​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​។ ក្រុម​អភិរក្ស​ដែល​រួមមាន​អង្គ​ការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយនឹង​រដ្ឋបាល​ជល​ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ​និង​ក្រសួងបរិស្ថាន ព្រម​ទាំង​មូលនិធិ​សង្សារ និង​ម​ជ្ឈ​មណ្ឌល​មុជទឹក ​(Bubbles Up Dive Centre)​ បាន​រកឃើញ​ការបង្ក​កំណើត​ផ្កាថ្ម​នេះ​នៅ​សប្តាហ៍​ដំបូង​នៃ​ខែមីនា ក្រោម​ការ​ណែ​នាំ​របស់លោក Rahul Mehrotra និង មជ្ឈមណ្ឌល​ Aow Thai Marine Ecology Center​។​

​ការរកឃើញ​ដ៏​អស្ចារ្យ​នេះ​បាន​បង្ហាញថា ផ្កាថ្ម​នៅ​កម្ពុជា​នៅតែមាន​សុខភាព​ល្អ និង​ក៏បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​កាន់តែ​ទូលំទូលាយ​នៅក្នុង​តំបន់​នេះ​។ លើសពីនោះ វា​ក៏បាន​​បង្ហាញ​ពី​គំរូ​ការងារ​ល្អ​របស់​រដ្ឋ​បាល​ជលផល​ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​ការពារ​ផ្កាថ្ម​ប្រទេស​កម្ពុជា និង​ជា​ក្តីសង្ឃឹម​ដ៏​ភ្លឺស្វាង​នាពេល​អនាគត​។ នេះ​បើ​យោងតាម​អង្គ​ការ​សត្វព្រៃ​និង​រុក្ខជាតិ​កម្ពុជា​។

​កញ្ញា ហែម ម៉ា​នី​តា តំណាង​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​កម្ពុជា​ឱ្យដឹងថា ការបង្ក​កំណើត​ឬ​បន្ត​ពូជ​របស់​ផ្កាថ្ម ជាធម្មតា​កើតឡើង​ម្តង​ក្នុង​មួយឆ្នាំ នៅពេលដែល​ផ្កាថ្ម​បញ្ចេញ​ពង​ និង​មេជី​វិត​ឈ្មោល​ក្នុងពេល​តែមួយ​។ រយៈពេល​នៃ​ការ​បញ្ចេញ​ពង ​គឺ​ចាប់ពី​ ២ ​ទៅ ៣​ នាទី រហូតដល់​ទៅជា​ង​ ១ ​ម៉ោង​ដែល​វា​អាស្រ័យ​លើ​ប្រភេទ​ផ្កាថ្ម​។​

​ការយល់ដឹង​អំពី​ពេលវេលា​បង្ក​កំណើត​របស់​ផ្កាថ្ម​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការគ្រប់គ្រង​ផ្កាថ្ម ព្រោះ​វា​អាច​អនុញ្ញាតឱ្យ​អ្នក​អភិរក្ស​ប្រើប្រាស់​បច្ចេកទេស​ស្តារឡើងវិញ និង​វាយតម្លៃ​សុខភាព​សហគមន៍​ផ្កា​​ថ្ម​រឹង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ កញ្ញា​ម៉ា​នី​តា​បាន​បញ្ជាក់ថា​៖«​ការបន្ត​ពូជ​របស់​ផ្កាថ្ម​ដ៏​ធំ​គួរឱ្យកត់សម្គាល់​គឺជា​សញ្ញា​សំខាន់​មួយ​នៃ​សុខភាព​របស់​ថ្ម​ប៉ប្រះ​ទឹក​ហើយ​ព្រឹត្តិការណ៍​នេះ​បង្ហាញថា ផ្កាថ្ម​នៅ​កម្ពុជា​មិនបាន​រង​ផល​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​កត្តា​គំរាមកំហែង​ធំៗ​មានដូចជា ការប្រែប្រួល​អាកាសធាតុ ដែល​អាចធ្វើឱ្យ​ពួកវា​មិនអាច​បន្ត​ពូជ​បាន​»​។ 

​ផ្កាថ្ម​ប៉ប្រះ​ទឹក​នៅ​ជិត​ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវបាន​កំណត់​លក្ខណៈ​ដោយ​ដីល្បាប់​ខ្ពស់​ហើយ​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​នៃ​សីតុណ្ហភាព​រវាង​រដូវ​វស្សា​និង​រដូវប្រាំង​។​ហេតុដូច្នេះ​ផ្កាថ្ម​ប៉ប្រះ​ទឹក​របស់​កម្ពុជា​អាច​ដើរតួ​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ប្រភេទ​ផ្កាថ្ម​គំរូ​សែន ដែល​ធន់​នឹង​កម្ដៅ​ដែល​អាច​សាបព្រោះ​ពូជ​ផ្កាថ្ម​ប៉ប្រះ​ទឹក​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ឈូង​សមុទ្រ​ថៃ​។​

​កញ្ញា​ម៉ា​នី​តា​ក៏បាន​ឱ្យដឹង​ផងដែរ​ថា ផ្កាថ្ម​ត្រូវបាន​រកឃើញ​មាន​វត្ត​មាននៅ​ខេត្ត​ចំនួន​ ៤ ​នៅ​តំបន់ឆ្នេរ ដូចជា​ខេត្ត​កែប កំពត ព្រះ​សីហនុ និង​កោះកុង​។ ផ្កាថ្ម​ត្រូវបាន​រកឃើញ​ចំនួន ២ ៨៨២,៤៩ ​ហិកតា​ក្នុងប្រទេស​កម្ពុជា​ទាំងមូល តែ​ផ្កាថ្ម​មាន​របាយ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ច្រើនជាង ​៥០​ភាគរយ​នៃ​របាយ​ផ្កាថ្ម​សរុប​ក្នុងប្រទេស​កម្ពុជា​។​

​កញ្ញា​ម៉ា​នី​តា​បានបញ្ជាក់​ពី​សារៈសំខាន់​របស់​ផ្កាថ្ម​ថា ផ្កាថ្ម​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ ដែល បាន​ទ្រទ្រង់​ជីវិត​សត្វ​សមុទ្រ​ជាង​ ២៥​ ភាគរយ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​ត្រី​ជាង ​៤ ០០០​ ប្រភេទ​។ ក្រៅពីនោះ ផ្កាថ្ម​ដែលមាន​សុខភាព​ល្អ​បាន​ដើ​តួ​ជាទី​ជម្រក ទីកន្លែង​នៃ​ប្រភព​ចំណី ជម្រក​ពង​កូន​និង​ជាទី​តាំង​លាក់​​ខ្លួន​របស់​ជីវិត​សត្វ​សមុទ្រ​ជាង​មួយ​លាន​ប្រភេទ​។ លើសពីនោះ​ផ្កាថ្ម​ជា​ចលករ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​បានផ្តល់​ជា​តម្លៃ​សេដ្ឋកិច្ច​ក្នុង​សហគមន៍​ហើយ វា​ក៏​ជា​រនាំង​ការពារ​គ្រោះធម្មជាតិ​ផងដែរ​នៅក្នុង​សាគរ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា​ បានចាត់ទុក​ការរកឃើញ​ការបង្ក​កំណើត​ផ្កា​ថ្ម​នេះ​ថា ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា បន្ទាប់ពី​បានធ្វើការ​សិក្សា​រួមគ្នា​ជាមួយ​អង្គការ​សត្វ​​ព្រៃ និង​រុក្ខជាតិ​កម្ពុជា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក៏ដូចជា រដ្ឋបាល​មូលដ្ឋាន​ជាដើម​។ នេះ​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការខិតខំ​ប្រឹង​ប្រែង​អភិរក្ស​រួមគ្នា​របស់​ក្រុម​ការ​​ងារ​នាពេល​កន្លងមក​។

​លោក​ អាទិ​ត្យា ​បាន​ថ្លែងថា​៖ «​ការរកឃើញ​ថ្មី​នេះ ពិត​ជាមាន​សារៈសំខាន់ ដែល​បង្ហាញ​អំពី​ជីវិត​ធម្មជាតិ​នៅ​កម្ពុ​ជាពិសេស​ធនធានធម្មជាតិ​សមុទ្រ​របស់​យើង​នេះ​មាន​សុខភាព​ល្អ មានជីវិត​រស់នៅ​ប្រកបដោយ​សុខដុមរមនា​»​។ លោក​បាន​អំពាវនាវ​ឱ្យមាន​ការចូល​រួមគ្នា​ដើម្បី​ការ​ពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​លើកទឹកចិត្ត​ឱ្យមាន​ការ​សិក្សា​បន្ថែមទៀត​ទៅលើ​ធនធាន​នៅតាម​តំបន់​កោះ និង​ឆ្នេរ​ក្នុង​ខេត្ត​ទាំង ​៤ ដូចជា​ប្រភេទ​ស្មៅ​សមុទ្រ និង​ផ្កាថ្ម​ជាដើម​។ 

​លើសពីនោះ ក្រសួងបរិស្ថាន​ក៏បាន​និង​កំពុងតែ​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​សិក្សា​ពី​ប្រភេទ​សត្វព្រៃ សត្វ​កម្រ និង​ងាយ​រងគ្រោះ​នៅតាម​តំបន់ឆ្នេរ​ផងដែរ ដូចជា​សេះ​សមុទ្រ ផ្សោត ឆ្លាម​និង​ត្រី​បា​ឡែ​ន​ជាដើម​ពិសេស​នៅក្នុង​ឧទ្យាន​ជាតិ​សមុទ្រ​កោះ​​រុង ព្រះសីហនុ​រាម និង​ប្រជុំ​កោះកុង​ក្រៅ​។ ក្នុងនោះ ក្រសួង​ក៏បាន​ជំរុញឱ្យមាន​ការដាំដុះ​ព្រៃកោងកាង ដើម្បី​ការពារ​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស និង​បន្ត​ពូជ​ថែមទៀត​ផងដែរ​។​

​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ ​និង​ដៃគូ​ក៏​កំពុង​ចូលរួម​ជាមួយ​សហ​គម​ន៍​មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​ផ្សេង ទៀត​នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ​នៃ​ធនធាន​សមុទ្រ​និង​បង្កើត​វិធីសាស្ត្រ​អភិរក្ស​ប្រកប​​ដោយ​និរន្តរភាព និង​ការពង្រឹង​ជីវភាព​សហគមន៍​៕