ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ អត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែទូលាយថែមទៀត។
ពិធីនេះបានប្រារព្ធឡើងកាលថ្ងៃទី ២៥ ខែមីនា នៅអគារមហោស្រព C-asean ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោមការដឹកនាំដោយលោក ហ៊ុន សាវឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងចូលរួមសហការពីសំណាក់មន្ត្រីស្ថានទូត។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី ២៦ ខែមីនា។
សេចក្តីប្រកាសបានបញ្ជាក់ថា គោលបំណងនៃប្រារព្ធពិធីនេះ គឺដើម្បីរំឭកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបូជាជីវិតបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប បន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ។
ប្រភពដែលបន្តថា៖ «ជាការដាស់តឿនពញ្ញាក់ស្មារតីកូនខ្មែរគ្រប់រូប គ្រប់និន្នាការ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេនឱ្យមានមនសិការស្រឡាញ់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិ និងផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌អត្តសញ្ញាណជាតិខ្មែរ និងកេរដំណែលវប្បធម៌ដូនតាខ្មែរទាំងរូបីនិងអរូបីឱ្យអន្តរជាតិគ្រប់ទិសទីបានស្គាល់និងទទួលស្គាល់យ៉ាងទូលំទូលាយ»។
ពាក់ព័ន្ធនឹងការប្រារព្ធទិវាវប្បធម៌ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» របស់ស្ថានទូតកម្ពុជានៅប្រទេសថៃនាពេលនេះ លោក វង្ស សំអាង សិល្បករផ្នែកល្ខោនបាសាក់ បានលើកឡើងថា យុវជនគឺជាកម្លាំងដ៏ខ្លាំង។
លោកបានបន្តថា តាមការសង្កេតក្នុងបុព្វហេតុវប្បធម៌ជាតិមានយុវជនជាច្រើនបានចូលរួម តែយុវជនមួយចំនួននៅមិនទាន់ចូលរួមនោះទេ។
លោកបានថ្លែងថា៖ «ជាការពិត យុវជនភាគច្រើនគាត់ចូលរួមនូវកិច្ចការមួយចំនួនដែលលើកស្ទួយនូវវប្បធម៌ជាតិរបស់យើង ហើយក៏មើលឃើញយុវជនមួយចំនួនគាត់នៅតែមិនសូវឱ្យតម្លៃវប្បធម៌ខ្មែរ ដោយសារគាត់នៅប្រកាន់វប្បធម៌បរទេស។ ម្យ៉ាងទៀត ដោយសារឥទ្ធិពលវប្បធម៌ពីខាងក្រៅចូលមក ដែលធ្វើឱ្យយុវជនខ្មែរទទួលយក និងប្រាសចាកលើវប្បធម៌ខ្លួន»។
លោក វង្ស សំអាង បានបន្តថា កន្លងមកក្រសួងនិងស្ថាប័នពាក់ព័ន្ធ បានចូលរួមយ៉ាងខ្លាំង ដើម្បីលើកស្ទួយវិស័យវប្បធម៌ជាតិ ប៉ុន្តែលោកចង់ឃើញឱ្យមានសកម្មភាពបន្ថែមទៀតជាពិសេសស្ថានទូតខ្មែរនៅប្រទេសនានាត្រូវបង្កើតកម្មវិធីវប្បធម៌ឱ្យបានច្រើនដើម្បីផ្សព្វផ្សាយពីវប្បធម៌និងបណ្តុះគំនិតយុវជនឱ្យស្រឡាញ់វប្បធម៌ជាតិ។
បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងពាក់ព័ន្ធដែលបានឱ្យស្ថានតំណាងកម្ពុជានៅបរទេស រៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦» ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»ឱ្យបានឱឡារិកអធិកអធម ចាប់ពីខែមីនា រហូតដល់ពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបានឱ្យដឹងថា ពិធីនេះ ទទួលបានការសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា តាមរយៈការចាត់តាំងក្រុមសិល្បករ និងសិល្បការិនី ចំនួន ១៥ រូប មកពីនាយកដ្ឋានសិល្បៈ ទស្សនីយភាពឱ្យមកចូលរួមសម្ដែងសិល្បៈ និងរបាំប្រពៃណីជាតិ។
របាំប្រពៃណីដែលសម្តែងក្នុងពិធីនេះ រួមមាន របាំបួងសួងព្រាហ្មណ៍ របាំអប្សរា ប៉ីពក សូឡូបទបំពេ របាំជូនពរ របាំមណីមេខលាព្រសោ សូឡូបទព្រះថោងប៉ីអ សូឡូបទរៃយំ របាំហោមរោង យីកេ ស្រឡៃ សូឡូបទជើតចាប់ និងរបាំក្ងោកប៉ៃលិនជាដើម៕