​ភ្នំពេញៈ គម្រោង​វិនិយោគ​វិស័យ​សំណង់​យ៉ាងតិច ២​ ដែល​បានដាក់​ពាក្យស្នើសុំ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ក្រោម​កម្មវិធី​លើកទឹកចិត្ត​ពិសេស​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា ឆ្នាំ​ ២០២៤ ត្រូវ​ក្រុមការងារ​ជំរុញ​ការ​វិ​និ​យោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ពិនិត្យ​រួចរាល់ ហើយ​ដំណើរការ​សាងសង់​អាច​នឹង​ចាប់ផ្តើម នៅពេល​ឆាប់ៗ​។​

​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ លោក ឡុង ឌី​ម៉​ង់ អភិ​​បាល​រង​ខេត្ត​ព្រះសីហនុ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពី​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ចុងខែ​មករា ស្តីពី​វិធានការ​លើកទឹកចិត្ត​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​គេ​សង្កេតឃើញ​មាន​វិនិយោគិន​ជា​បន្តបន្ទាប់​បានមក​សាក​សួរ​ព័ត៌មាន និង​ដាក់ពាក្យ​ស្នើសុំ​វិ​និ​​យោគ​នៅ​ខេត្ត​ព្រះសីហនុ នៅក្រោម​កញ្ចប់​ពិសេស​សម្រាប់​ឆ្នាំ​ ២០២៤​។

លោក​បន្តថា រហូតមកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន​ ៤-៥ បានដាក់​ពាក្យស្នើសុំ​វិនិយោគ ខណៈ​មាន​ក្រុម​ហ៊ុន​ជាច្រើន​ទៀត​កំពុង​សិក្សា និង​ត្រៀម​ដាក់ពាក្យ​ដើម្បី​ទទួលបាន​សិទ្ធិ​វិនិយោគ​ពិសេស​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​រហូតមកដល់​ពេលនេះ​ក្រុមការងារ​របស់​យើង​បានទទួល​សំណើ​របស់​ក្រុមហ៊ុន​ឯកជន​ប្រមាណ ៤-៥ ដែល​ក្នុងនេះ ២ ​ករណី ​ត្រូវបាន​ក្រុមការងារ​បានធ្វើការ​ពិនិត្យ ពិភាក្សា និង​វាយតម្លៃ ហើយ​ផ្តល់ជូន​កញ្ចប់​លើកទឹកចិត្ត​ពិសេស​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ដើម្បី​ឆ្លើយតប​នឹង​សំណូម​ពរ​របស់​ផ្នែក​ឯកជន​ដែល​ស្នើសុំ​ចាប់​​ផ្តើម​សកម្មភាព​វិនិយោគ​»​។​

​លោក​ប្រាប់ទៀតថា សម្រាប់​ស្ថាន​ភាព​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នា​ដើមឆ្នាំ ​២០២៤ នេះ គឺមាន​ភាពល្អប្រសើរ​ច្រើន​បើ​ធៀប​នឹង​ដើមឆ្នាំ​ ២០២៣ ប៉ុន្តែ​វា​មិនទាន់​រីក​ចម្រើន​ខ្លាំង​ដូច​មុន​ឆ្នាំ​ ២០១៩ ទេ​។​

​លោក​អះអាងថា​៖ «​ការសាងសង់ ជួសជុល ក៏ដូចជា​ការរៀបចំ​អគារ និង​ទីតាំង​មួយចំនួន ដើម្បី​បម្រើឱ្យ​ការ​ប្រ​​កប​អាជីវកម្ម ក៏ដូចជា​ការវិនិយោគ​ផ្សេងៗ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ គឺមាន​សញ្ញាណ​វិជ្ជមាន​ឡើងវិញ​ហើយ បើទោះបី​មិនទាន់​លឿន ប៉ុន្តែ​សញ្ញា​វិ​ជ្ជ​​មាន​គឺ​ចាប់ផ្តើម​បណ្តើរៗ​ហើយ​»​។​

​បើតាម​លោក ឌី​ម៉​ង់ បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​អគារ​ធំៗ​ជាច្រើន ដោយ​ក្នុងនោះ​ជាង ៣៦០​ អគារ​សាង​​សង់​មិនទាន់រួច និង​ប្រហែល ១៦០-១៧០​ អគារ​ទៀត​សាងសង់​រួច ប៉ុន្តែ​មិនបាន​បើក​ដំណើរការ​។​

​លោក​និយាយទៀតថា ការវិនិយោគ និង​ការសង​សង់​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ ​២០២៤ ប្រាកដជា​នឹង​បោះ​ជំ​ហាន​ទៅមុខ​លឿន​ជាង​ឆ្នាំ​ ២០២៣​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​អាជ្ញាធរ​ខេត្ត គឺ​យើង​ពិតជា​មានការ​រំពឹងទុក​ខ្ពស់​ថា កម្មវិធី​ពិសេស​នេះ​នឹង​ផ្តល់​ទំ​នុ​ក​ចិត្ត​ខ្ពស់​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដើម្បី​ពិចារណា​ក្នុងការ​បណ្តាក់ទុន​ឱ្យទាន់​នៅក្នុង​ឆ្នាំ​ ២០២៤ ដែលមាន​ការលើកលែង​ពិសេស​។ ការ​លើកលែង​ពិសេស​នេះ​គឺ​ជួយ​ច្រើនណាស់​ទាំង​ពន្ធ និង​មិនមែន​ពន្ធ​»​។​

​ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹ​ម សេងហួ បានឱ្យដឹងថា ការវិល​ត្រឡប់មកវិញ​ជា​បណ្តើរៗ​របស់​វិនិយោគិន​បរទេស ពិសេស​ជនជាតិ​ឥណ្ឌូនេស៊ី និង​ចិន បាន​ជំរុញ​ឱ្យ​ការដ្ឋាន​សំណង់​មួយចំនួន​ដែល​ជាប់គាំង​កន្លងមក​ឱ្យ​ចាប់ផ្តើម​ដំណើរការ​សាងសង់ឡើង​វិញ ដើម្បី​ឆ្លើយតប​កំណើន​នៃ​តម្រូវការ​ទីតាំង​ជួល​បើក​អាជីវកម្ម ប៉ុន្តែ​សម្រាប់​ទីផ្សារ​ទិញ​-​លក់ គឺ​នៅតែ​បន្ត​ស្ងប់ស្ងាត់​។​

​លោក​អះអាងថា​៖ «​មួយរយៈ​ចុង​ក្រោយនេះ​ខ្ញុំ​សង្កេតឃើញ​អគារ​ដែល​គេ​ទុកចោល ២-៣​ ​ឆ្នាំ​ចុងក្រោយ បានចាប់ផ្តើម​បន្ត​ការសាងសង់​ឡើងវិញ ព្រោះតែ​កំណើន​នៃ​តម្រូវ​ការជួល ជា​​ពិសេស​ពី​សំណាក់​វិនិយោគិន​ឥណ្ឌូ​​នេ​ស៊ី និង​ចិន​»​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត កាលពី​ខែមករា ឆ្នាំ​ ២០២៤ បានប្រកាស​ដាក់ចេញ ​«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០២៤»​ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋ​កិច្ច​លើ​គ្រប់​វិស័យ​។​

«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០២៤» ត្រូវបាន​រៀបចំឡើង​ដោយ​ឈរលើ​ទស្សន​ទានគោល​ចំនួន ​៤ គឺ ១.​ កែប្រែ​មុខ​មាត់​ខេត្ត​ព្រះសីហនុ ​ឱ្យទៅជា​ខេត្ត​មាន​មូលដ្ឋាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ឧស្សា​ហក​ម្ម​, ទេសចរណ៍ និង​ការវិនិយោគ​, ២.​ ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​, ៣.​ ដាក់ចេញ​វិធានការ​អនុវត្ត​ជាក់​ស្តែង​ដែលមាន​លក្ខណៈ​ជាការ​បំពេញបន្ថែម​ប្រកបដោយ​សង្គតិភាព​ទៅនឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នា​​នា​របស់​រាជរដ្ឋាភិបាល​, និង​៤. បង្កើនល្បឿន​ការធ្វើ​បរិវត្ត​កម្ម និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យមាន​តម្លៃបន្ថែម និង​មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​។​

​កម្មវិធី​ពិសេស​នេះ គឺមាន​គោល​បំ​ណង​លើកកម្ពស់​សកម្មភាព​វិនិយោគ និង​ធុរកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ​ ២០២៤ ឱ្យ​កាន់តែច្រើន និង​មាន​សម្ទុះ​លឿន​ដោយ​ផ្តោតលើ​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច​ចំនួន ៣ ប្រភេទ គឺ​ទី១. គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់គាំង និង​ចាប់ផ្តើម​ដំណើរ​ការអនុវត្ត​ភ្លាម​ក្នុង​ឆ្នាំ​ ២០២៤, ទី​២ គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច មិន​ជាប់​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង ប៉ុន្តែ​ចាប់ផ្តើម​ដំណើរការបាន​ភ្លាម​ក្នុង​ឆ្នាំ​២០២៤, ទី​៣ ការពង្រីក​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច​មាន​ស្រាប់​ស្របតាម​លក្ខណវិនិច្ឆ័យ​ជាក់​លាក់​ដែល​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០២៤៕