​ភ្នំពេញៈ សញ្ញា​ល្អប្រសើរ​នៃ​កំណើនសេដ្ឋកិច្ច​សកល និង​តំបន់ បានធ្វើឱ្យ​សកម្មភាព​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ខ្លះៗ​ហើយ ជាក់ស្តែង​ក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២៤ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​ទៅលើ​ការ​នាំចូល​ដែក និង​ដែកថែប គឺមាន​ជាង ៤៥ ​លាន​ដុល្លារ កើន​ជិត​ពាក់កណ្តាល​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។​

​ស្ថិតិ​ពាណិជ្ជកម្ម​នៃ​អគ្គ​នា​យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​ (GDCE)​ បង្ហាញថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំចូល​ទំនិញ​ក្នុង​ជំពូក ​(HS ២ ​ខ្ទង់​) ​លេខ​កូដ ៧២ ដែល​រួម​​មាន​ដែក និង​ដែកថែប ពី​ទីផ្សារ​អន្តរជាតិ​ចំនួន ៤៥,៥៣ ​លាន​ដុល្លារ កើន ៤៤ ​ភាគរយ​ ធៀប​ខែមករា ឆ្នាំ​ ២០២៣ ដែលមាន ៣១,៦១ ​លាន​ដុល្លារ និង​កើន ១៦​ ភាគរយ​ បើ​ធៀប​ខែធ្នូ ឆ្នាំ ​២០២៣ ដែលមាន ៣៩,២៤ ​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប​ស្មើនឹង ២,២ ​ភាគរយ​នៃ​ទឹកប្រាក់​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជា​ក្នុង​ខែមករា ឆ្នាំ ២០២៤ ដែលមាន ២,០៩​ ពាន់​លាន​ដុល្លារ​។​

​អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា វត្តមាន​ជំងឺ​កូ​វីដ​ ១៩ ចន្លោះ​ពី​ឆ្នាំ ​២០២០-២០២៣ បានធ្វើឱ្យ​វិស័យ​សំណង់​នៅលើ​ពិភព​លោក រួមទាំង​ប្រទេស​កម្ពុជា​ធ្លាក់ចុះ​យ៉ាងគំហុក ដោយមាន​ការដ្ឋាន​សំណង់​ជាច្រើន​បាន​ផ្អាក​សកម្មភាព​ទាំងស្រុង និង​ខ្លះទៀត​សាងសង់​ក្នុង​ល្បឿន​ដ៏​យឺត​។

ពេលសកម្មភាព​សាង​សង់​ធ្លាក់ចុះ តម្រូវការ​សម្ភារ​សំណង់​ដូចជា ដែក ស៊ីម៉ងត៍ ឥដ្ឋ និង​ឧបករណ៍​អគ្គិសនី បាន​ធ្លាក់ចុះ​ព្រម​គ្នា​។ លោក​បន្តថា ទោះបីយ៉ាងណា​ចាប់ពី​ចុងឆ្នាំ​ ២០២៣ ​មក គេ​សង្កេតឃើញ​តាម​ការដ្ឋាន​សំណង់​មួយចំនួន​ដែល​គេ​ទុកចោល​កន្លងមក គឺ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។​

​លោក​បន្ថែមថា​៖ «​ដោយសារ​វិស័យ​សំណង់​មាន​ទំនាក់ទំនង​ខ្លាំង​នឹង​កំណើនសេដ្ឋកិច្ច ដូច្នេះ​នៅពេល​សេដ្ឋកិច្ចពិភពលោក​មាន​កំណើន​រឹងមាំ វិស័យ​សំ​​ណង់​នៅ​ទូទាំង​ពិភពលោក​ក៏​បោះជំហាន​ទៅមុខ​លឿន​ដែរ​។ ទឹកប្រាក់​នៃ​ការនាំ​ចូល​ដែក និង​ថែ​ក​ថែប​នឹង​បន្ត​កើន​ថែមទៀត​នាពេលខាងមុខ​»​។​

​ទោះយ៉ាងណា លោក​បញ្ជាក់ថា ដោយសារ​វិស័យ​សំណង់​តែង​ត្រូវការ​ទុនវិនិយោគ​ច្រើន និង​រយៈពេល​សាងសង់​យូរ​ជាង​វិស័យ​ផ្សេងទៀត​សម្រាប់​ការ​ងើបឡើង​វិញ ដូច្នេះ​សម្ទុះ​នៃ​ការសាងសង់​ក៏​មិនអាច​ហក់​ឡើងវិញ​លឿន​ដូច​វិស័យ​មួយចំនួន​ឡើយ​។​

​បើតាម​លោក ស៊ីវ​ផេង នៅ​កម្ពុជា​បច្ចុប្បន្ន​ក៏មាន​រោងចក្រ​ផលិត​ដែក​សម្រាប់​វិស័យ​សំ​ណង់​ដែរ ខណៈ​ដែក និង​ដែក​​ថែប​ក្នុង​វិស័យ​សំណង់​ដែល​កម្ពុជា​នាំចូល​ភាគច្រើន​មកពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។​​

លោក ឡុង ឌី​ម៉​ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​មាន​គម្រោង​សាងសង់​ជាច្រើន​ត្រូវ​ជាប់គាំង​តាំងពី​ឆ្នាំ​ ២០១៩ នៅក្នុង​សប្តាហ៍​នេះ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា វិធានការ​របស់​រដ្ឋា​ភិ​បាល​ដែល​បានប្រកាស​ដាក់ចេញ​កាលពី​ចុងខែ​មករា ឆ្នាំ​ ២០២៤ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះ​​សីហនុ គឺ​កំពុង​ក្លាយជា​កម្លាំងចលករ​ជំ​រុញឱ្យ​សកម្មភាព​សាង​សង់​នៅក្នុង​ខេត្ត​ជំហាន​ទៅមុខ​ដោយ​សន្សឹមៗ​ឡើងវិញ​។ រយៈ​​ពេល​ជិត ១ ​ខែ មកនេះ​មាន​ក្រុម​ហ៊ុន ៤-៥ បានដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ ​(​វិស័យ​សំណង់​) ខណៈ​ក្រុមហ៊ុន​ជាច្រើន​ទៀត​កំពុង​សិក្សា និង​ត្រៀម​ដាក់ពាក្យ​ដើម្បី​ទទួលបាន​សិទ្ធិ​វិនិយោគ​ពិសេស​ផងដែរ​។​

​លោក​ប្រាប់ទៀតថា សម្រាប់​ស្ថានភាព​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ នា​ដើមឆ្នាំ​ ២០២៤ នេះ គឺ​ល្អប្រសើរ​ច្រើន​ធៀប​នឹង​ដើម​​ឆ្នាំ​ ២០២៣ ប៉ុន្តែ​វា​មិនទាន់មាន​ភាព​រីកចម្រើន​ខ្លាំង​ដូច​មុន​ឆ្នាំ ២០១៩ ​ទេ​។​

​លោក​អះអាងថា​៖ «​ការ​សាង​សង់ ជួសជុល ក៏ដូចជា​ការរៀប​​ចំ​អគារ និង​ទីតាំង​មួយចំនួន ដើម្បី​បម្រើឱ្យ​ការប្រកប​អាជីវ​កម្ម ក៏ដូចជា​ការវិនិយោគ​ផ្សេងៗ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ពេល​នេះ គឺមាន​សញ្ញាណ​វិជ្ជមាន​ឡើងវិញ​ហើយ បើទោះបី​មិនទាន់​លឿន ប៉ុន្តែ​សញ្ញា​វិជ្ជមាន​គឺ​ចាប់ផ្តើម​បណ្តើរៗ​ហើយ​»​។​

​បើតាម​លោក ឌី​ម៉​ង បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​អគារ​ធំៗ​ជាច្រើន ដោយ​ក្នុងនោះ​ជាង ៣៦០ ​អគារ​សាងសង់​មិនទាន់រួច និង​ប្រហែល​ពី ១៦០-១៧០​ អគារ​ទៀត​សាងសង់​រួច ប៉ុន្តែ​មិនបាន​បើក​ដំណើរការ​។​

​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី​ភី​អិ​ល លោក ចេង ខេង ដែលមាន​បទពិសោធន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ប្រមាណ ៣ ​ទសវត្សរ៍​មកហើយ​នោះបាន​លើកឡើង​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ ដល់​ដើមឆ្នាំ​ ២០២៣ វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​មិនសូវ​មានដំណើរ​ការល្អ​ទេ​ដោយសារ​រង​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន​។ លោក​បន្តថា ទោះ​យ៉ាងណា​សញ្ញា​ការ​ងើបឡើង​នៃ​ទីផ្សារ​មួយ​នេះ​បានចាប់ផ្តើម​បណ្តើរៗ​ហើយ​។​

​ក្នុង​ឆ្នាំ​ ២០២៣ ការ​នាំចូល​ទំនិញ​ក្នុង​ជំពូក ​(HS ២ ​ខ្ទង់​)​ លេខ​កូដ ៧២ ដែល​រួមមាន​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប ៣៧២,៤៧ ​លាន​ដុល្លារ កើន ៣,៥ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន ៣៥៩,៨២​ លាន​ដុល្លារ​។ នេះ​បើ​យោង​​តាម GDCE៕