​ភ្នំពេញៈ ប្រធាន​សមាគម​អ្នក​​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​​ (CVEA) អះអាងថា ទោះបី​ពេលនេះ​កំណើន​សេដ្ឋ​កិច្ច​សកល​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ ក៏​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​ត្រូវ​ការ​ពេល​យ៉ាងតិច ២-៣ ​ឆ្នាំ​ថែមទៀត ​ដើម្បី​អាចមាន​ភាពល្អ​ប្រ​សើរ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០១៨-២០១៩ ខណៈ​គិត​ត្រឹម​ដើមឆ្នាំ​ ២០២៤ វិស័យនេះ​មាន​ការវិវឌ្ឍ​តិចតួច​បំផុត​ធៀប​នឹង​ឆ្នាំ​ ២០២៣​។​

​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​ «​ស្ថានភាព​សេដ្ឋកិច្ច និង​អ​ច​លន​ទ្រព្យ​ឆ្នាំ​ ២០២៤» ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃទី​ ១១ ខែមីនា លោក សន សៀ​ប ប្រធាន​សមា​​គម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាបាន​លើកឡើងថា ដើមឆ្នាំ​ ២០២៤ នេះ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មិនទាន់មាន​អ្វី​ល្អ​ខ្លាំង​លើសពី​ឆ្នាំ ២០២៣ ឡើយ ដោយ​ផ្នែក​ខ្លះ​មាន​សញ្ញា​វិជ្ជមាន​តិចតួច​ដូចជា ទីផ្សារ​ខុន​ដូ និង​កន្លែង​ជួល​ស្នាក់ ​(​វិស័យ​ទេសចរណ៍​) ប៉ុន្តែ​សម្រាប់​ទីផ្សារ​ទិញ​-​លក់​ដី​ធ្លី​(​ដីឡូត៍​) និង​កន្លែង​ជួល​លក់រាយ គឺ​មិនល្អ​ឡើយ​។

លោក​បន្តថា ដោយសារ​ទីផ្សារ​អចលន​​ទ្រព្យ​តែង​អាស្រ័យ​លើ​កំណើនសេដ្ឋកិច្ច​សកល និង​ក្នុង​តំបន់ ដូច្នេះ​ក្នុងដំណាក់កាល​នេះ គឺ​មិនទាន់​អាចមាន​សម្ទុះ​ឡើងវិញ​លឿន​ឡើយ​។​

​លោក​បាន​ពន្យល់ថា ជា​បទ​ពិសោធន៍​របស់លោក គឺ​ទីផ្សារ​អចលនទ្រព្យ​តែងមាន​ដំណើរ​វិវឌ្ឍន៍ ​(​ឡើង​-​ចុះ​)​ តាម​ពេល​កំណត់​មួយ​ជាក់លាក់​។​

​លោក​ថ្លែងថា​៖ «​អ្វីៗ​តែងតែមាន​ប្រវត្តិ និង​ដំណើរ​របស់​វា​។ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ខ្ញុំ​មានជំនឿថា ​វា​នឹង​អាចមាន​ភាពល្អ​ឡើងវិញ​នៅ​អំឡុង​ឆ្នាំ​ ២០២៦-២០២៧ ដោយ​នៅពេលនោះ​ស្ថានភាព​ទីផ្សារ​នឹង​អាច​ប្រហែល​ទៅ​ឆ្នាំ ២០១៨-២០១៩ ជា​ពេលដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ឡើងដល់​កំពូល​»​។​

​ក្នុងនាម​ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជិត ២ ​ទស​វត្សរ៍ លោក សន សៀ​ប អះអាងថា វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ដែល​បច្ចុប្បន្ន​មាន​គម្រោង​ជាច្រើន​ត្រូវ​ជាប់គាំង គឺ​នឹង​អាច​ដោះស្រាយបាន​នៅពេល​ខាងមុខ​។

លោក​និយាយថា​៖ «​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​នឹង​​រីកចម្រើន​លឿន​នាពេល​អនាគត​។ ខ្ញុំ​ហ៊ាន​ព្យាករ​គឺ​ផ្អែក​តាម​បទ​ពិ​​សោធន៍​នៃ​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ចិន គឺ​ការវិវឌ្ឍ​លឿន​បានចាប់ផ្តើម​ចេញពី​ទីក្រុង​នៅតាម​តំបន់​ជាប់មាត់​សមុទ្រ​»​។​

​បើតាម​លោក សន សៀ​ប ទីតាំង​ដែល​វិស័យ​អចលនទ្រព្យ​មាន​ទីផ្សារ​ល្អ​ជាងគេ គឺ​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន មាន​ប្រភព​ថាមពល​អគ្គិសនី​​ទឹក សុវត្ថិភាព និង​អាចជួយ​ម្ចាស់​ឱ្យ​រក​ចំណូល​ត្រឡប់មកវិញ​បាន​លឿន ឬ​មាន​ផល​​ចំណេញ​ខ្ពស់​។​

​ប្រធាន​សាខា​ក្រុមហ៊ុន​អ​ច​លន​ទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បានឱ្យដឹងថា ការ​ត្រឡប់មកវិញ​ជា​បណ្តើរៗ​របស់​វិនិយោគិន​បរទេស ជា​ពិសេស​ជនជាតិ​ឥណ្ឌូនេស៊ី និង​ចិន​បាន​ជំរុញ​ឱ្យ​ការដ្ឋាន​សំណង់​មួយចំនួន​ដែល​ជាប់គាំង​ជាង ៣​ ​ឆ្នាំកន្លងមក​ចាប់ផ្តើម​ដំណើរ​​ការសាងសង់​ឡើងវិញ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​តម្រូវ​ការ​ទីតាំង​ជួល​បើក​អាជីវកម្ម ប៉ុន្តែ​សម្រាប់​ទីផ្សារ​ទិញ​-​លក់​ គឺ​នៅតែ​បន្ត​ស្ងប់ស្ងាត់​។​

​លោក​អះអាងថា​៖ «​មួយរយៈ​ចុងក្រោយ​នេះ ខ្ញុំ​សង្កេតឃើញ​អគារ​ដែល​គេ​ទុកចោល​រយៈ​ពេល ២-៣ ​ឆ្នាំ​ចុងក្រោយ បានចាប់ផ្តើម​បន្ត​ការសាងសង់​ឡើងវិញ ព្រោះតែ​កំណើន​នៃ​តម្រូវ​ការជួល ពី​សំណាក់​វិនិយោគិន​ឥណ្ឌូនេស៊ី និង​ចិន ទាំង​កន្លែង​ស្នាក់នៅ និង​បើក​អាជីវកម្ម​»​។​

​ប្រធាន​សមាគម​អចលនទ្រព្យសកល លោក សំ សុខ​នឿន បាន​ប្រាប់ថា ឆ្នាំ​ ២០២៣ គឺជា​អំឡុងពេល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ភាពស្ងប់ស្ងាត់​ខ្លាំង ប៉ុន្តែ​សម្រាប់​ឆ្នាំ ​២០២៤ នេះ​ស្ថានភាព​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​ល្អប្រសើរ​ជាង​មុន​បន្តិច ខណៈ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កំពុង​ខិតខំ​ផ្សព្វ​​ផ្សាយ និង​ធ្វើ​ទីផ្សារ​យ៉ាងខ្លាំង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បញ្ចេញ​ទុន​មក​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់តែច្រើន​។ នៅពេល​មានការ​វិ​និ​យោគ គឺ​គេ​ប្រាកដជា​ត្រូវការ​ទីតាំង និង​សំណង់​អគារ​ផ្សេងៗ ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​ទីផ្សារ​អ​ច​លន​ទ្រព្យ និង​សំណង់ ដំណើរ​ការ​ឡើងវិញ​សន្សឹមៗ​។​

​លោក​អះអាងថា​៖ «​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​ ២០២៤ នេះ​នឹង​គ្រាន់បើ​ជាង​ឆ្នាំ​ ២០២៣ បន្តិច​តាមរយៈ​កំណើន​នៃ​ការ​បណ្តាក់ទុន​ថ្មីៗ​។ វិស័យ​អ​ច​លន​ទ្រព្យ និង​សំណង់​តែងតែ​ត្រូវការ​ពេលវេលា​យូរ​សម្រាប់​ការ​ងើប​ឡើងវិញ​»៕