​ភ្នំពេញៈ ស្របពេល​ដែល​ប​ដិ​វត្ត​ន៍​ឧស្សាហកម្ម​​ ៤.០​ កំពុង​បោះ​​ជំហាន​ទៅមុខ​កាន់តែ​លឿន នៅក្នុង​ប្រទេស​កម្ពុជា​ ពេលបច្ចុប្បន្ន​គឺមាន​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ប្រមាណ ៩០ ​ភាគរយ ​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​កម្មវិធី​អេ​ឡិច​ត្រូ​​និក​សម្រាប់​បង់ពន្ធ​នៅ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT)​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល នៅក្នុង​កិច្ចពិភាក្សា​លើ​ប្រធានបទ ​«​ការចាប់យក​សេវាសាធារណៈ​ឌីជីថល​» នៃ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល កាលពី​សប្តាហ៍​មុន បាន​លើកឡើងថា គិត​ចាប់ពី​អំឡុង​ឆ្នាំ ​២០១៣ រហូតដល់​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​កំពុង​ខិតខំ​ធ្វើការ​កែទម្រង់​មុត​ស្រួច ព្រមទាំង​បាន​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​ពី​រដ្ឋបាល​សារពើពន្ធ​នៃ​ប្រទេស​មួយចំនួន ដើម្បី​ធ្វើ​បរិវត្ត​កម្ម​រដ្ឋ​បាល​សារពើពន្ធ​នៅ​កម្ពុជា ឱ្យក្លាយ​ទៅជា​រដ្ឋបាល​សារពើពន្ធ​ទំនើប​។ បច្ចុប្បន្ន​រដ្ឋបាល​សារពើពន្ធ​កម្ពុជា អាច​និយាយថា​ដើរ​ទាន់​យុគសម័យ​ឌីជីថល និង​ប្រកបទៅដោយ​សមត្ថភាព កម្រិត​វិជ្ជាជីវៈ​ខ្ពស់ ដែល​ផ្តល់​លទ្ធភាព និង​មធ្យោបាយ​ល្អប្រសើរ​សម្រាប់​អ្នក​ជាប់ពន្ធ​ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​។​

​លោក​ថ្លែងថា​៖ «​ជា​លទ្ធផល​បច្ចុប្បន្ន​មាន​អ្នក​ជាប់ពន្ធ​ប្រមាណ ៩០​ ភាគរយ​ដែល​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​កម្មវិធី​អេឡិចត្រូនិក​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​របស់ខ្លួន​ប្រកបដោយ​ភាពត្រឹមត្រូវ ងាយស្រួល និង​ចំណេញ​ពេលវេលា​»​។​

​លោក​បន្ថែមទៀតថា ការចាប់យក​ប្រព័ន្ធ​បច្ចេក​​វិទ្យា​ព័ត៌មាន​សម្រាប់​ជា​មធ្យោបាយ​ក្នុង​ការផ្តល់សេវា​អ្នក​ជាប់ពន្ធ​នេះ គឺ​មិន​ត្រឹមតែ​សម្រួល​ដល់​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​របស់​អ្នក​ជាប់ពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បញ្ចៀស​ហានិភ័យ​កើតឡើង​ដោយ​ឥត​ព្រាងទុក​មួយចំនួនទៀត ជាក់ស្តែង​ស្ថិតក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ទោះបី​ជាមាន​ការបិទ​ខ្ទប់ និង​បម្រាម​ក្នុងការ​ធ្វើដំណើរ ក៏​ការប្រមូល​ចំណូល​ពន្ធ​នៅតែ​រក្សាបាន​ស្ថិរភាព​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែមីនា ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ក​ម្ពុ​ជា​កំពុង​សម្រួច​យុទ្ធសាស្ត្រ​ឌីជីថល​របស់ខ្លួន​តាម​រយៈ​ការ​ជំរុញ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់​ឱ្យប្រើ​​ប្រាស់​ប្រព័ន្ធ​ឌីជីថល​។ ប្រព័ន្ធ​នេះ​ជួយ​ឱ្យ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ទទួលបាន​ផលចំណេញ​ទាំង​ថវិកា ពេលវេលា និង​មិនមាន​នីតិវិធី​ស្មុគស្មាញ​។

លោក​បន្តថា យន្តការ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​នៅពេលនេះ​គឺ​ការប្រើប្រាស់ e-filing System ដែល​អនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​អាចធ្វើ​ការប្រកាស​ពន្ធ​ប្រចាំខែ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ធ្វើបាន​ពី​គ្រប់​ទីតាំង និង​គ្រប់ពេលវេលា​។​

​លោក​ថ្លែងថា​៖ «​នេះ​ជា​យន្ត​ការល្អ​ដែល​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម និង​អ្នក​ជាប់​កាត​ព្វ​កិច្ច​ពន្ធ​ទាំងអស់​។ វា​មាន​ភាពខុសប្លែក​ពីមុន​ច្រើន​ដែល​តម្រូវឱ្យ​ត្រូវ​រង់ចាំ និង​មិនមាន​ចំណាយ​ក្រៅផ្លូវការ​ផងដែរ​»​។

លោក​បន្តថា​៖ «​ក្នុង​បរិបទ​នេះ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា គឺមាន​ភាព​ចាំ​បាច់​នៅ​ស្ទើរ​គ្រប់​ដំណើរការ​អាជីវកម្ម​។ ក្នុងនាម​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា យើង​ពិត​​ជា​ចង់​ចូលរួម​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​​វិទ្យា​ឱ្យបាន ១០០​ ភាគរយ​»​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការមកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ព្រមទាំង​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ កាលពីដើមឆ្នាំ​ ២០២០ បាន​ជំរុញ​ឱ្យ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​។ សម្រាប់​កំណើន​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ពន្ធដារ គឺ​ដោយសារ​ប្រព័ន្ធ​នេះ​មាន​ភាពងាយស្រួល និង​ជួយ​ឱ្យ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​មាន​ភាពងាយស្រួល និង​មិនមាន​ការចំណាយ​ក្រៅផ្លូវការ​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖«​នេះ​ជា​ដំណើរ​ស្របទៅនឹង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ដែល​កំពុង​កើតមាន​ក្នុង​ពេលនេះ​។ ចំនួន​នៃ​អ្នក​ជ្រើស​រើសយក​ការបង់ពន្ធ​យាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​បោះជំហាន​ទៅមុខ​លឿន​បន្ថែមទៀត​នាពេលខាងមុខ​»៕