​ភ្នំពេញៈ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​តម្រូវការ​អ្នកដំណើរ​ពេលបច្ចុប្បន្ន និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា និង​ឥណ្ឌា លើ​ការលើកកម្ពស់​វិស័យ​ទេស​ចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ​អ៊ែរ (Cambodia Angkor Air) បាន​ប្រ​កាស​ពី​ការចាប់ផ្តើម​បើក​ការហោះហើរ​ត្រង់​ចាប់ពី​ថ្ងៃទី ​១៦ ខែមិថុនា តទៅ​រវាង​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ញូវដែលី​។​​យោងតាម​សេចក្តីប្រកាស​របស់​ក្រុម​ហ៊ុន កម្ពុជា អង្គរ​អ៊ែរ កាលពី​ថ្ងៃទី​ ​២៤ ខែមីនា ជើងហោះហើរ​ត្រង់​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ១៦ ខែមិថុនា ដោយ​ហោះ​​ហើរ ៤​ ជើង​ ក្នុង ​១ ​សប្តាហ៍​។​

​ក្រុមហ៊ុន​បានបញ្ជាក់​ថា​៖ «​ការដាក់ឱ្យ​ដំណើរការ​ជើងហោះហើរ​ថ្មី​ប្រកបដោយ​មោទនភាព​របស់​យើង​ទៅកាន់​ប្រទេស​ឥណ្ឌា នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២៤​។ ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​នឹង​ចាប់ផ្តើម​ការធ្វើដំណើរ​ដ៏​អស្ចារ្យ​មួយ​នៅពេល​យើង​ចាប់ផ្ដើម​ដំណើរការ​ជើងហោះហើរ​ត្រង់​ដំបូង​បំផុត​ពី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ញូវដែលី ដោយ​ហោះហើរ​ចំនួន ៤ ជើង ​ក្នុង​ ១ ​សប្តាហ៍ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ឥណ្ឌា នៅ​ឆ្នាំ​ ២០២៤»​។​

​បើតាម​ក្រុមហ៊ុន ផ្លូវ​ហោះហើរ​ថ្មី​រវាង​ទីក្រុង​ភ្នំពេញ​-​ញូវដែលី គឺជា​ផ្នែក​បន្ថែម​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​បម្រើ​អ្នកដំណើរ ដោយ​ផ្តល់​ការតភ្ជាប់​ដ៏​ងាយស្រួល​ទៅ​គោលដៅ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​

​ក្រុមហ៊ុន​បន្ថែមថា​៖ «​ដំណើរ​ទៅកាន់​តំបន់​អច្ឆរិយៈ​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង ​២ គឺជា​សុបិន​មួយ​ក្លាយជា​ការពិត​សម្រាប់​អ្នក​ផ្សងព្រេង​ដែល​ស្វែងរក​ប្រា​សាទ​ជាច្រើន កន្លែង​ប្រវត្តិសាស្ត្រ និង​តំបន់​ព័ទ្ធជុំវិញ​ដោយ​ធម្មជាតិ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។ ផ្លូវ​ហោះហើរ​ថ្មី​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវទេសចរ និង​អ្នកធ្វើដំណើរ​ធុរកិច្ច​កាន់តែច្រើន ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៧ ខែមីនា​ថា ផែនការ​របស់​ក្រុមហ៊ុន​អាកាសចរ​ណ៍​នេះ​ក្នុងការ​ចាប់ផ្ដើម​ដំណើរ​ការហោះ​​ហើរ​ត្រង់​ទៅកាន់​ប្រទេស​ឥណ្ឌា​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។​​ ទោះយ៉ាងណា​លោក​អះអាងថា ភាពជោគជ័យ​នៃ​ប្រតិបត្តិការ​នេះ ក៏​អាស្រ័យ​លើ​ការកំណត់​តម្លៃ​ផងដែរ​។​

​លោក​និយាយថា​៖ «​នេះ​ជា​ដំណឹង​ល្អ​ដែល​យើង​បាន​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ខ្ញុំ​បាន​និយាយ​ជាច្រើន​ដង​ហើយ​ថា ទីផ្សារ​ប្រទេស​ឥណ្ឌា​មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​ឥណ្ឌា​ជា​ប្រទេស​ដ៏​អស្ចារ្យ បើ​និយាយ​ពី​ចំនួន​អ្នកធ្វើដំណើរ​ជុំវិញ​ពិភពលោក​។ បន្ទាប់ពី​ប្រទេស​ចិន ឥណ្ឌា​គឺជា​ប្រទេស​ធំជាងគេ ហើយ​មាន​ទាំង​វប្បធម៌ និង​ប្រពៃណី​ដ៏​យូរអង្វែង​»​។​

​បើតាម​លោក ស៊ីណាន ទីផ្សារ​ទេស​ចរណ៍​ឥណ្ឌា​ត្រូវបាន​ចែកជា​បី​ប្រភេទ​គឺ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ការដើរ​ទិញ​ទំនិញ និង​ការកម្សាន្ត​ពេល​រាត្រី ​(​ភាគច្រើន​ទៅ​ប្រទេស​ថៃ​) និង​សាសនា​។​​លោក​បន្ថែមថា ភ្ញៀវ​ឥណ្ឌា​ចូលចិត្ត​ធ្វើដំណើរ​ទៅ​ភ្នំពេញ និង​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប និង​បាត់ដំបង​។​

​ក្រសួងទេសចរណ៍​ឱ្យដឹងថា ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៥,៤៥​ លាន​នាក់ ​បាន​ចូលមក​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​ ២០២៣ កើនឡើង ១៣៩,៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ដែល​ក្នុងនោះ​ជនជាតិ​ឥណ្ឌា មាន​ចំនួន ៦៨,៨៣៦ ​នាក់ កើនឡើង ១០២,៤​ ភាគរយ​។​​ ភ្ញៀវ​ឥណ្ឌា​ស្ថិតនៅ​លេខ ១៤ បន្ទាប់ពី​ជនជាតិ​ថៃ វៀតណាម ចិន ឡាវ អាមេរិក កូរ៉េ ឥណ្ឌូនេស៊ី បារាំង អង់គ្លេស ម៉ាឡេស៊ី អូស្ត្រាលី ជប៉ុន និង​រុស្ស៊ី​។​

​កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​បំផុត ដែលមាន​ចំនួន​សរុប ៦,៦១ លាន​នាក់ កើនឡើង ៦,៦ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​ក្នុងនោះ ជនជាតិ​ឥណ្ឌា​មាន​ចំនួន ៧៥ ២៨៦ ​នាក់ កើន ១៤,៣ ​ភាគរយ​។​

​កាលពី​ឆ្នាំ ​២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​មាន​ចំនួន ៤៨៥,៧​ លាន​ដុល្លារ កើនឡើង ១០,៤​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២​។ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ឥណ្ឌា​តម្លៃ ២៩៣,០៦ ​លាន​ដុល្លារ កើនឡើង ៤៩ ភាគរយ និង​ទំនិញ​នាំចូល​ពី​ឥណ្ឌា ១៩២,៦៤ លាន​ដុល្លារ ធ្លាក់ចុះ ២០,៨ ​ភាគរយ​។ ឥណ្ឌា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ១៧ របស់​កម្ពុជា​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕