​ភ្នំពេញៈ កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​សន្យា​នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយគ្នា​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ខណៈ​ទឹកប្រាក់​នៃ​ការផ្លាស់​​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈ​ពេល ២ ​ខែ​ ដើមឆ្នាំ​ ២០២៤ មាន​ចំនួន​ជាង ១៩០ ​លាន​ដុល្លារ កើនឡើង​តិចតួច​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣​។​

​ការសន្យា​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ជាមួយនឹង​លោក Santo Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២៤ នា​ទីស្តីការ CDC​។​

​ជា​កិច្ច​ចាប់ផ្តើម លោក ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា ដែល​បាន​ជួយ​សម្រប​សម្រួល​លើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តីពី​ការអភិវឌ្ឍ និង​ការ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ជំរុញ​ការវិនិយោគ របស់​ប្រតិភូ CDC ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពីពេល​កន្លងមក​។

ជាមួយគ្នានេះ​លោក​ក៏​ប្រាប់​គូ​សន្ទនា​ពី​គម្រោង​វិនិយោគ​ធំៗ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ដែលមាន​ដូចជា ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ផ្លូវដែក ផ្លូវទឹក គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ កំពង់ផែ និង​ភ័ស្ដុភារ​កម្ម ជាដើម ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​មក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​។​

​លោក​និយាយថា​៖ «​គម្រោង​ទាំងអស់​គឺ​វិនិយោគិន​ឥណ្ឌូ​នេ​ស៊ី អាច​ពិនិត្យ​ធ្វើការ​វិនិយោគ​បាន ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើ​កិច្ចសហ ប្រតិបត្តិការ​ជំរុញ​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២​ ឱ្យបាន​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត​»​។​

​លោក Santo Darmosumarto បាន​យល់ស្រប​ចំពោះ​ការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ភាគី​ទាំង ​២ ​ក្នុង​ការជំរុញ​វិនិយោគ​រវាង​ប្រទេស​ទាំង ​២ ដោយ​ចាប់ផ្តើម​ពី​ការធ្វើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការជំរុញ​វិនិយោគ​រវាង​ប្រ​ទេស​ទាំង ​២​។ លោក​ក៏បាន​ស្នើ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​ពិព័រណ៍​ផ្នែក​សុខាភិបាល​នៅ​ក្រុងព្រះសីហនុ និង​វេទិកា​ធុរកិច្ច​នានា ដែល​គ្រោង​រៀបចំ​ដោយ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​នាពេលខាងមុខ ដើម្បី​បង្ហាញ​សក្ដានុពល ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​ឥណ្ឌូនេស៊ី​។​

​លោក​បញ្ជាក់ថា​៖ «​ឆ្លងតាម​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចំណងមិត្តភាព និង​កិច្ច​​សហប្រតិបត្តិ​ការដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក ពិសេស​លើ​វិស័យ​វិនិយោគ​នៃ​ប្រទេស​ទាំង​ ២ នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បាន​រីក​ចម្រើន​បន្ថែមទៀត​»​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ឱ្យដឹងថា នៅក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី សម្រេចបាន​ក្នុង​ទឹកប្រាក់​សរុប ១៩១,៧​ លាន​ដុល្លារ កើនឡើង ២,៣ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ​មាន​ទឹកប្រាក់ ១៧,៧​ លាន​ដុល្លារ កើនឡើង ១៣៩,៤ ​ភាគរយ ចំណែក​ឥណ្ឌូនេស៊ី នាំមក​កម្ពុជា ចំនួន ១៧៤ ​លាន​ដុល្លារ​ថយចុះ ៣,៤ ភាគរយ​។​

​យោងតាម GDCE ក្នុង​រយៈ​ពេល ២​ ខែ​ដើមឆ្នាំ​ ២០២៤ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជា មាន​ឱនភាព ១៥៦,៣១​ លាន​ដុ​ល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ មាន ១៧២,៦៦​ លាន​ដុល្លារ​។ ឥណ្ឌូនេស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី៦ របស់​កម្ពុជា​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ដឹងថា ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​តែមួយ និង​មាន​កិច្ច​សហប្រតិបត្តិ​ការល្អ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ព្រមទាំង​ការចូល​ជា​ធរមាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​តំបន់ RCEP បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ កើន​ឡើងជា​បន្តបន្ទាប់​។ ទោះយ៉ាងណា​បើ​គេ​ពិនិត្យ​លើ​ចំនួន​ទឹកប្រាក់​ដែល​ឥណ្ឌូនេស៊ី​នាំ​ទំនិញ​មក​កម្ពុជា គឺមាន​ចំនួន​លើសលប់​ច្រើន ដោយ​បញ្ហា​នេះ គឺ​ដោយសារ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​រោងចក្រ​/​សហគ្រាស​ច្រើន ដូច្នេះ​សមត្ថភាព​ផលិត និង​នាំ​​ចេញ​របស់គេ​ក៏​ខ្លាំង​ដែរ​។​

​លោក​បន្ថែមថា តាមរយៈ​ការ​​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា លោក​រំពឹងថា​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌូនេស៊ី និង​គោលដៅ​អន្តរជាតិ​ផ្សេងៗ​ទៀត​ប្រាកដជា​នឹង​កើនឡើង​។​

​លោក​ថ្លែងថា​៖ «​ភាព​វិជ្ជមាន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​អ្វីដែល​កម្ពុជា​ត្រូវខិតខំ​ថែមទៀត​នោះ គឺ​ការលើកកម្ពស់​សមត្ថភាព​នាំ​​ចេញ​របស់ខ្លួន​ទៅគ្រប់​គោល​ដៅ​ឱ្យបាន​កាន់តែច្រើន​។ ក​សិ​ផល នឹង​ក្លាយជា​ផ្នែក​សំខាន់​ដែល​កម្ពុជា​អាច​ចាប់យក​ដើម្បី​ជំរុញ​ការនាំចេញ​របស់ខ្លួន​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែ​​កញ្ញា ឆ្នាំ​ ២០២៣ បានប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ ២៥ ​ម៉ឺន​តោន ក្នុង ១ ​ឆ្នាំ​ពី​កម្ពុជា ដែលជា​វិធានការ​ដើម្បី​ធានា​សុវត្ថិ​ភាព​ស្បៀងអាហារ​ក្នុងប្រទេស​របស់ខ្លួន ខណៈ​ឥណ្ឌូនេស៊ី​ក៏បាន​សន្យា​នឹង​គាំទ្រ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ឱ្យដល់​ប្រជាកសិករ​ផងដែរ​៕​