​ភ្នំពេញៈ ABA ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បានបង្ហាញ​អំពី​ដំណើរការ​អាជីវកម្ម​ដ៏​ល្អប្រសើរ​កាលពី​ឆ្នាំ​ ២០២៣ ស្របពេល​ឧស្សាហកម្ម​ទាំង​មូល​មានការ​ធ្លាក់ចុះ​ខ្លះ​ដែល​បណ្ដាលមកពី​ផលប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

​យោងតាម​របាយការណ៍​ហិ​រញ្ញ​វត្ថុ​ដែល​បានធ្វើ​សវនកម្ម​រួច របស់​ធនាគារ ABA ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ប្រាក់​កម្ចី​របស់​ធនាគារ​មួយ​នេះ​មាន​ចំនួន ៧,៧៧២ ​ពាន់​លាន​ដុ​ល្លារ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២៣ ធៀប​នឹង ៦,៤៤៨​ ពាន់​លាន​ដុល្លារ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២២ ដោយ​កើនឡើង ១៧ ​ភាគរយ ខណៈ​ប្រាក់​បញ្ញើ​សរុប​បាន​កើន​ឡើងដល់ ៩,២៣២​ ពាន់​លាន​ដុល្លារ​ធៀប​នឹង ៧,៣៥៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២២ កើនឡើង ២៥,៥​ ភាគរយ​។​

​លោក ឃឹម សម្បូណ៌​រតនា ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ ABA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបីជា​សកម្ម​ភាព​អាជីវកម្ម​មានការ​ថយចុះ ក៏​ធនាគារ​នេះ​នៅតែ​ផ្តល់ប្រាក់​កម្ចី​ដល់​អតិថិជន​ដើម្បី​គាំទ្រ​ដល់​និរន្តរភាព​អាជីវកម្ម ជាពិសេស​ចំពោះ​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម (MSME)​។​

​លោក​និយាយថា​៖«​ធនាគារ ABA តែងតែមាន​គោលបំណង​គាំទ្រ​អតិថិជន​ពី​គ្រប់​វិស័យ​ចាប់ពី​កម្ចី​អាជីវកម្ម​ខ្នាតតូច រហូតដល់​កម្ចី​ពាណិជ្ជកម្ម និង​សា​ជីវ​កម្ម​។ នៅ​ធនាគារ ABA យើង​មាន​ក្រុមការងារ​ដែល​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ត្រួតពិនិត្យ និង​គ្រប់​គ្រង​ផ្នែក​នីមួយៗ​ដោយ​ប្រយ័ត្ន​ប្រយែង​។ ទន្ទឹមនឹងនោះ ការ​រួមចំណែក​សំខាន់​ដល់​កំណើន​របស់​យើង គឺ​បានមកពី​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម ​(MSME)​ ដែល​យើង​ជឿថា​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចកម្ពុជា​»​។​

​លោក​លើកឡើងថា​៖«​វា​តែង​​តែ​ជា​អាទិភាព​របស់​ធនាគា​រ ABA ក្នុងការ​ផ្តល់នូវ​អត្រា​ការ​ប្រាក់​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង ហើយ​យើង​បាន​រក្សា​ការ​ផ្តល់ជូន​នេះ​ប្រកបដោយ​មោទន​ភាព បើទោះបី​ជាមាន​ភាពមិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​នៅក្នុងពេល​ថ្មីៗ​នេះ​ក៏ដោយ​»​។​

​លោក​បន្ថែមថា ផលប​ត្រ​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម ​(MSME)​ បានរួម​ចំណែក​ប្រ​​ហែល ៨០ ​ភាគរយ​នៃ​បញ្ជី​ផ្ដល់​ប្រាក់កម្ចី​សរុប​នៅ ABA​។​

​លោក​បញ្ជាក់ថា​៖«​ក្នុងអំឡុង​ពេល​ដ៏​លំបាក​នេះ យើង​កាន់​​តែមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​ទាក់ទង​នឹង​ការផ្តល់ប្រាក់​កម្ចី​ដល់​អតិថិជន ប៉ុន្តែ​ទន្ទឹមគ្នា​នឹង​ការជំរុញ​តាមរយៈ​ដំណោះ​ស្រាយ​ឥណទាន​ដែល​សមស្រប​បំផុត​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​»​។​

​លោក​បន្ថែមថា​៖«​យើង​មិន​ត្រឹមតែ​ផ្តល់​ប្រាក់កម្ចី​ដល់​អតិ​ថិ​ជន​ថ្មី​សម្រាប់​ការពង្រីក​អាជីវ​កម្ម និង​ការធ្វើ​ពិពិធ​កម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ផ្តល់​លក្ខខណ្ឌ​ការផ្តល់​ហិរញ្ញប្បទាន​ឡើងវិញ​ប្រកបដោយ​ភាពអំណោយ​ផល​ផងដែរ ពិសេស​អត្រា​ការប្រាក់​ប្រកបដោយ​ភាព​ប្រកួតប្រជែង​។ ទាំងអស់នេះ​ជួយ​យើង​បង្កើន​បញ្ជី​ផ្ដល់ប្រាក់​កម្ចី​របស់​យើង​។​

​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន CIM បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ច្បាស់​ណាស់​ថា​អ្នកប្រើប្រាស់​កំពុង​កាត់បន្ថយ​ការចំណាយ​ដោយ​សារ​តែ​អតិផរណា​ខ្ពស់ និង​ជា​លទ្ធផល​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​។ លោក​បន្តថា​៖«​ការណ៍​នេះ​គឺជា​ភ័ស្តុតាង​ក្នុងការ​ធ្លាក់ចុះ​ការចំណាយ​លើ​ការទិញ​ចំនួន​ច្រើន រយៈពេល​វែង​ដូច​ជា អចលនទ្រព្យ រថយន្ត និង​ទំនិញប្រើប្រាស់​បានយូរ​សំខាន់ៗ​។ ការវិនិយោគ​អាជីវកម្ម​ក៏​ស្ថិតក្នុង​និន្នាការ​ធ្លាក់ចុះ​នេះ​ផងដែរ​ដោយសារ​ឥណទាន​កាន់តែ​រឹតបន្តឹង និង​ចំណាយ​ការប្រាក់​ច្រើន​កាលពី​ឆ្នាំមុន​»​។​

​លោក​បាន​បន្តថា កាលពី​ឆ្នាំ​ ២០២៣ ទីផ្សារ​អចលនទ្រព្យ បាន​មើលឃើញ​ការធ្លាក់ចុះ​មិន​ធ្លាប់មាន តម្លៃ​បាន​ធ្លាក់ចុះ​ពី ២០-៣០ ​ភាគរយ ឬ​ច្រើនជាង​នេះ​។ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុងការ​នាំចូល​រថយន្ត​ថ្មី និង​ការ​ធ្លាក់ចុះ​នៃ​ការលក់​រាយ​ដែល​បាន​ចុះកិច្ចសន្យា​ផងដែរ​។​

​លោក​លើកឡើងថា​៖«​បញ្ហា NPL បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការគ្រប់គ្រង ហើយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ​នានា​កំពុង​គ្រប់គ្រង​បាន​យ៉ាង​ល្អ​តាមរយៈ​វដ្ត​នៃ​ការដំឡើង​ការប្រាក់​របស់​ធនាគារ​កណ្ដាល​អាមេរិក​»​។​

​ធនាគារ ABA ក៏បាន​រាយ​ការណ៍​ប្រាក់ចំណូល​សរុប​នៅ​ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន​ជាង ២៧៦​ លាន​ដុល្លារ​ធៀប​នឹង​ជាង ២៦២​ លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០២២ កើនឡើង ៥​ ភាគ​​រយ ខណៈ​ទ្រព្យសកម្ម​ថេរ​សរុប​កើន​ដល់ ១១,៥​ ពាន់​លាន​ដុ​​ល្លារ​ក្នុង​ឆ្នាំ ​២០២៣ ធៀប​នឹង ៩​ ពាន់​លាន​ដុល្លារ​ឆ្នាំ​ ២០២២​។​

​យោងតាម​របាយការណ៍​ចុង​​ក្រោយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២៣ ប្រព័ន្ធ​ធនាគារ​របស់​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ ៥៨ ធនាគារ​ឯកទេស​ចំនួន ៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៨៧​។ ទំហំ​ទឹកប្រាក់​ឥណទាន​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ដល់ ៥៧,៦​ ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​ ២០២៣ កើនឡើង​ត្រឹមតែ ៤,៨ ភាគរយ​ធៀប​ឆ្នាំ​ ២០២២​។ កាលពី​ឆ្នាំ​ ២០២៣ ប្រាក់កម្ចី​មិន​ដំណើរការ​ (NPL) នៅក្នុង​វិស័យ​ធនាគារ​មាន​ចំនួន ៥,៤​ ភាគរយ និង​វិស័យ​មីក្រូ​ហិរញ្ញ​​វត្ថុ ចំនួន ៦,៧​ ភាគរយ​៕