គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បាន​ចូលរួម​សន្និសីទ​ពន្ធដារ​កម្រិត​ខ្ពស់​លើក​ទី​១៣ នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ-ជប៉ុន សម្រាប់ ប្រទេស​ក្នុង​តំបន់​អាស៊ី សហរៀបចំ​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ កាលពី​ថ្ងៃទី​២៥-២៦ ខែមេសា ឆ្នាំ​២០២៤។

សន្និសីទ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ​និង​ជំនាញការ​នៃ​រដ្ឋបាល​សារពើពន្ធ និង​ក្រសួង​ហិរញ្ញវត្ថុ នៃ​២១ ប្រទេស​-​តំបន់​រដ្ឋបាល​ពិសេស នៅ​ទ្វីបអាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍ (OECD) ព្រមទាំង​សាស្ដ្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ ដោយ​ផ្ដោត​​លើការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​ពន្ធ​សកល​ដែល​កំពុង​កើត​មាន។

លោក Kenji Okamura អនុប្រធាន​គ្រប់គ្រង IMF និង​លោក Shuichi Hosoda ឧបការី​រដ្ឋមន្ត្រី​នៃ ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ជប៉ុន បាន​មាន​មតិ​ស្វាមគមន៍​និង​បើក​សន្និសីទ ដោយបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

សន្និសីទ​រយៈពេល ២​ថ្ងៃនេះ បានចាប់ផ្តើម​ដោយ​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ​នៃ​បញ្ហា​ប្រឈម​ផ្នែក​ពន្ធ​កំពុង​កើន​ឡើង​ជាសកល​​ ដូចជា និន្នាការ​ពន្ធដារ​នៅ​តំបន់​អាស៊ី ដោយ​ផ្តោតលើ​បញ្ហា​ប្រឈម​ក្នុងការ​ប្រមូល​ចំណូល ស្រប​ពេល​ដែល​ការ​ចំណាយ មានការ​កើនឡើង​ រួម​ទាំងបញ្ហា​ពន្ធ​អន្តរជាតិ ដែល​ផ្តោតលើ​ផលប៉ះពាល់​និង​គោលនយោបាយ​សារពើពន្ធ​ក្នុងស្រុក ឆ្លើយតប​ទៅនឹង​ការអនុវត្ត​ និង​​សសរស្តម្ភ​ទី​២ នៃ​ក្របខ័ណ្ឌ​ប្រកប​ដោយ​បរិយាប​ន្ន និង​បញ្ហា​ប្រឈម​ចំពោះ​រដ្ឋបាល​សារពើពន្ធ​អន្តរជាតិ​។

យោងតាមនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឱ្យដឹងថា​៖ «​ប្រធានបទ​សំខាន់ៗ​ដទៃ​ទៀត​ រួម​មាន ​ការប្រមូល​ពន្ធ​លើ​រូបវន្តបុគ្គល​ដែលមាន​ចំណូល​ខ្ពស់ ដែលជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​កើនឡើង​នៃ​គម្លាត​ប្រាក់​ចំណូល របស់​បុគ្គល, ការ​កំណត់​តម្លៃ​កាបូន​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ អភិវឌ្ឍ​ជា​សកល មក​លើ​កំណើន​សេដ្ឋកិច្ច​និង​ការកសាង​សមត្ថភាព​ជំនាញ​ពន្ធដារ តាមរយៈ​អភិបាលកិច្ច​និង​គណនេយ្យភាព ដែល​ផ្តោតលើ​បញ្ហា​ប្រឈម​ក្នុង ការអនុវត្ត​គោលនយោបាយ​សារពើពន្ធ និង​រដ្ឋបាល​សារពើពន្ធ​ និង​បច្ច័យ​នៃ​ឌីជីថលូបនីយកម្ម​និង​បញ្ញា​សិប្បនិម្មិត (AI)»។ 

លោក សេង ជា​សិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម គោលនយោបាយ សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដារ​អន្តរជាតិ (ន.ន.គ.ស.អ) ត្រូវបាន​ដក​ស្រង់សម្ដីដោយ​បាន​ថ្លែង​ថា​៖ «ការអនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល និងការកសាង​សមត្ថភាព​ជំនាញ​ពន្ធដារ តាមរយៈ​អភិបាលកិច្ច​ និង​គណនេយ្យភាព»។

ចំពោះ​ប្រធានបទ​ទី២ លោក ម៉ុង ឡាមី ប្រធាន​ការិយាល័យ​គោល​នយោបាយ​សារពើពន្ធ នៃ ន.ន.គ.ស.អ បាន​លើក​ឡើង អំពី​ការ​អនុវត្ត​ការងារ​ជាក់​ស្តែង​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ អនុលោម​តាម ទិសដៅ គោល​នយោបាយ របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ ចតុកោណ ទាំង ៤ ដំណាក់កាល យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី ១ កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាល ទី ១ ដល់ទី ៤ និង យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៤-២០១៨ និង ២០១៩-២០២៣ ។

វា​បាន​គូស​បញ្ជាក់​ពី​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​ផែនការ​យុទ្ធសាស្រ្ត​ឆ្នាំ ២០១៩-២០២៣ និង​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ក្រោម​ផែនការ​យុទ្ធសាស្រ្ត​ឆ្នាំ ២០២៤-២០២៨ ដែល​មាន​គោល​បំណង​បង្កើត​ការ​គ្រប់គ្រង​ពន្ធដារប្រកប​ដោយ​ការ​គោរព និង​ជឿទុកចិត្ត។

សន្និសីទ​នេះ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​អភិបាលកិច្ច និង​គណនេយ្យភាព​ក្នុង​ការ​កសាង​ជំនាញ​ពន្ធដារ ដែល​មាន​សារៈសំខាន់​សម្រាប់​គោល​នយោបាយ​សារពើពន្ធ និង ការ​គ្រប់គ្រង​ពន្ធដារ​ប្រកប​ដោយ​ប្រសិទ្ធភាព៕