ABA ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំជាងគេ​បំផុត​នៅ​កម្ពុជា ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​ហិរញ្ញ​វត្ថុ​ប្រចាំ​ឆ្នាំ ២០២៣ ដែល​បាន​ធ្វើ​សវនកម្ម​រួច។

យោង​តាម​របាយការណ៍​នេះ ធនាគារ ABA នៅតែ​បន្ត​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ពង្រឹង​ជំហរ ​ជា​គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​ចម្បង​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច និង​ជា​ចលករ​ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

កំណើន​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី ឆ្លុះ​បញ្ចាំង​អំពី​ទំនុកចិត្ត

ប្រាក់​បញ្ញើ​របស់​អតិថិជន​កើនឡើង​ជាង​ឆ្នាំមុន ២៥% ដែល​សម្រេច​ឈាន​ដល់ ៩,០៣ ពាន់​លាន​ដុល្លារ។ តួ​លេខ​នេះ បង្ហាញ​ពី​ទំនុកចិត្ត​កាន់តែ​ច្រើន​ឡើង​របស់​អតិថិជន ចំពោះ​សេវាហិរញ្ញវត្ថុ​របស់ ABA។  ផលបត្រ​ប្រាក់​កម្ចី ដែល​ផ្ដល់​ជូន​ដល់​ចម្រុះ​វិស័យ កើន​ឡើង ២១% សម្រេច​ឈាន​ដល់ ៧,៧៧ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ ២០២៣។

កំណើន​នេះ​ បង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ក្នុង​ការ​គាំទ្រ​អាជីវកម្ម និង​ធុរកិច្ច​កម្ពុជា ខណៈ​ដែល​តម្រូវការ​ឥណទាន​មាន​ការ​កើន​ឡើងជា​លំដាប់ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ងើប​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ជាសកល។

ផលបត្រ​ប្រាក់កម្ចី ស្របតាម​កំណើន

ផលបត្រ​ប្រាក់​កម្ចី​កើនឡើង ២១% ដោយសារ​ធនាគារ​បាន​ផ្តល់​ប្រាក់​កម្ចី​ចម្បង​ជាច្រើន ទៅ​ឲ្យ​បណ្ដា​សហគ្រាស​ធុនតូច និង​មធ្យម (SMEs) និង​អាជីវកម្ម​ធំៗ។ ការ​ផ្តោត​ជា​យុទ្ធសាស្ត្រ​នេះ គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់ ABA ក្នុង​ការ​បង្កើន​សហគមន៍​សហគ្រិន​កម្ពុជា និង​ជំរុញ​ឧស្សាហកម្ម​សំខាន់ៗ ឲ្យ​បន្ដ​រីកចម្រើន​ទៅមុខ។

ការ​បង្កើន​ដើមទុន ជំរុញ​ផែនការ​ពង្រីក​វិសាលភាព

ដើមទុន​ពី​ធនាគារជាតិ​កាណាដា ដែល​ជា​ភាគហ៊ុនិក​របស់ ABA បាន​កើន​ឡើង​ពី ៦៦០ លានដុល្លារ ក្នុង​ឆ្នាំ ២០២២ ដល់ ១,១០ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ ២០២៣។ ការ​បន្ថែម​ដើម​ទុន​នេះ កាន់តែ​ធ្វើឲ្យ​មូលដ្ឋាន​ហិរញ្ញ​វត្ថុ​របស់ ABA រឹងមាំ និង​ផ្តល់​នូវ​បង្អែក​ដ៏​មាំមួន សម្រាប់​ផែនការ​ពង្រីក​វិសាលភាព​នាពេល​អនាគត។

ការ​វិនិយោគ​ជា​បន្តបន្ទាប់​ពី​ភាគហ៊ុនិក និង​ការ​វិនិយោគ​ដោយ​រក្សា​ទុកប្រាក់​ចំណេញ​ទាំងអស់​នៅតែ​ក្នុង​ធនាគារ បាន​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​ភាគហ៊ុនិក​មក​លើ​ការ​ដឹកនាំ​របស់ ABA និង​សក្ដានុពល​នៃ​ការ​រីក​ចម្រើន។ គិត​មក​ទល់​បច្ចុប្បន្ន ដើម​ទុន​សរុប​របស់​ធនាគារ​ ABA បាន​កើនដល់ ១,៧៨ ពាន់លាន​ដុល្លារ ។ 

ភាព​រឹងមាំ​ផ្នែក​ហិរញ្ញ​វត្ថុ

ទ្រព្យ​សកម្ម​សរុប​របស់ ABA បាន​កើន​ឡើង ២៧% ដែល​សម្រេច​ឈាន​ដល់ ១១,៤៨ ពាន់​លាន​ដុល្លារ ត្រឹម​ដំណាច់​ឆ្នាំ ២០២៣។ សាច់​ប្រាក់​ងាយស្រួល​ក្នុង​ធនាគារ​កើនឡើង ៤០% ក្នុងឆ្នាំ ២០២៣ ស្មើនឹង​ទឹកប្រាក់​ដែល​បាន​តំកល់​ទុក​ជាមួយ NBC និង​ធនាគារ​ផ្សេង​ទៀត។ នេះ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង នៃ​ស្ថានភាព​សន្ទនីយភាព (ការ​បម្លែង​ទ្រព្យសកម្ម​ឱ្យ​ទៅ​ជា​សាច់ប្រាក់) របស់​ធនាគារ និង​គូស​បញ្ជាក់​អំពី​ភាព​ធន់​ទៅ​កាន់ការ​ប្រែប្រួល​របស់​ទីផ្សារ។

ប្រាក់​ចំណេញ​ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រប់គ្រង​ដ៏​ត្រឹមត្រូវ

ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ឆ្នាំ ២០២៣ បាន​កើនឡើង​ដល់ ២៧៦,៤៨​ លានដុល្លារ ដែល​ឆ្លុះបញ្ចាំង​ពី​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​អនុវត្ត​កិច្ច​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​ដ៏​ត្រឹមត្រូវ​របស់ ABA។ កំណើន​នេះ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​សញ្ញា​នៃ​កិច្ចគ្រប់គ្រង​ផ្ទៃក្នុង និង​ការ​សម្រេចចិត្ត​ជា​យុទ្ធសាស្ត្រដ៏​រឹងមាំ។ ធនាគារ​អាច​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណេញ តាម​រយៈការ​ផ្តល់​ឥណទាន (ប្រាក់កម្ចី) ជាច្រើន​របស់​ខ្លួន ។ ABA បាន​បង្កើន​ផលបត្រ​ប្រាក់​កម្ចី​របស់​ខ្លួន​ចំនួន ១,៣២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ដែល​នាំ​ឲ្យ​ធនាគារ​ទទួល​ចំណូល​ជាច្រើន ពី​ការ​ប្រាក់សុទ្ធ។

ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​វឌ្ឍនភាព​កម្ពុជា

ការបង់ពន្ធ​លើ​ប្រាក់​ចំណូល​ជូន​រដ្ឋ​ចំនួន ៧០,២៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ បាន​គូសបញ្ជាក់​អំពី​តម្លាភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់ ABA ចំពោះ​សុខុមាលភាព​សេដ្ឋកិច្ច​របស់​កម្ពុជា។ ការ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​នេះ បង្ហាញ​ពី​សមិទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​របស់​ធនាគារ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា។

បណ្តាញ​ទូលំទូលាយ​ធានា​បាន​នូវ​លទ្ធភាព​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ

ជាមួយ​នឹង​បណ្តាញ​សាខា​ចំនួន ៩៥ និង​ម៉ាស៊ីន​ស្វ័យសេវា​ជាង ១៧០០ ទូទាំង​ប្រទេស ធនាគារ ABA ធានា​បាន​នូវ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថ​យ៉ាង​ងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។ ការ​ប្តេជ្ញាចិត្ត​នេះ ជំរុញ​ឲ្យ​មាន​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ផ្តល់​លទ្ធភាព​បន្ថែម ជូន​ដល់​រូបវន្ដបុគ្គល និង​បណ្ដា​អាជីវកម្ម ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ។ ដោយ​មាន​បណ្តាញ​សាខា​ដ៏​រឹងមាំ និងបុគ្គលិក​ប្រកប​ដោយ​វិជ្ជាជីវៈជាង ៩៥០០ នាក់ ABA បន្ត​វិនិយោគ​លើ​ធនធាន​មនុស្ស និង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក តាម​រយៈ​កម្មវិធី​បណ្តុះ​បណ្តាល និង​ឱកាស​អប់រំ​នានា ដើម្បី​ជំរុញ​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ។

សមត្ថភាព​ខ្ពស់​ក្នុង​បង្កើត​សេវាហិរញ្ញ​វត្ថុ​ឌីជីថល ជូន​អ្នក​ប្រើប្រាស់ និង​អាជីវកម្ម

ក្នុង​នាម​ជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ឈាន​មុខគេ​នៅ​កម្ពុជា ABA បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ក្នុង​គ្រប់គ្រង​ហិញ្ញវត្ថុ​របស់​ខ្លួន តាម​រយៈអេបធនាគារ ដែល​ងាយស្រួល​ប្រើ និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត។ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ប្រតិបត្តិការ​បង់ និង​ផ្ទេរប្រាក់, បង់ពន្ធ និង​វិក្កយបត្រ, ព្រម​ទាំង​អាច​រៀបចំ​ផ្ទាំង​វិចិត្រ និង​ប្តូរ​ម៉ូដ​រចនា​របស់​អេប​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ខ្លួន បាន​យ៉ាង​ងាយស្រួល។

ការ​ប្ដេជ្ញាចិត្ត​លើ​ឌីជីថលូបនីយកម្ម​នេះ ក៏​បាន​ជួយ​ពង្រឹង​ដល់​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម​ផងដែរ ដោយ​បាន​ជួយ​ឲ្យ​អាជីវកម្ម​ទាំងអស់ អាច​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព តាម​រយៈការ​គ្រប់គ្រង​លុយ​កាក់​តាម​បែប​ឌីជីថល។ 

លើសពីនេះ ABA ក៏​ឈានមុខ​គេ​ផងដែរ ក្នុង​ការ​លើក​កម្ពស់​ការ​ទូទាត់​ជា​ប្រាក់រៀល ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​គ្រប់​សេវាកម្ម​ឌីជីថល​របស់​ខ្លួន​ទាំងអស់។ នេះបាន​ឆ្លុះប​ញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ABA ក្នុង​ការ​លើក​ស្ទួយ​រូបិយបណ្ណជាតិ​ខ្មែរ។ អតិថិជន ​​ABA អាច​បើក​គណនី​សន្សំ និង​ដាក់​ប្រាក់បាន​យ៉ាង​ងាយស្រួល ព្រម​ទាំង​អាច​ដាក់ ឬ​ដកប្រាក់​ជា​លុយ​រៀល នៅ​តាម​ម៉ាស៊ីន​ស្វ័យ​សេវា ២៤ ម៉ោង លើ ២៤ ម៉ោង។

ដៃគូ​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា

លទ្ធផល​ហិរញ្ញ​វត្ថុ​ដ៏​ល្អ និង​ការ​ផ្តោត​លើ​កំណើន​របស់​ធនាគារ ABA បាន​ពង្រឹង​ជំហរ​របស់​ខ្លួន ជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​កំពុង​រីកចម្រើន​ទៅ​មុខ​របស់​កម្ពុជា។ ធនាគារ​នឹង​បន្ដ​គាំទ្រ​ដល់​អាជីវកម្ម និង​រូបវន្ដ​បុគ្គល តាម​រយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ ប្រកប​ដោយ​នវានុវត្តន៍ ដោយ​ផ្តោត​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​ជូន​សហគ្រាសធុនតូច និង​មធ្យម និង​ការ​ប្តេជ្ញាចិត្ត​ចំពោះ​វិបុលភាពជាតិ។

ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ ABA ទទួលយក និង​គាំទ្រ​យ៉ាង​សកម្ម​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​បន្ថែម​ទៀត។ ការ​ប្តេជ្ញាចិត្ត​ដ៏​មុតមាំ​នេះ បាន​រួមបញ្ចូល​នូវ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ជា​ច្រើន ដូចជា​យុទ្ធសាស្ត្រ​បញ្ចកោណ ដោយ ABA គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលដៅ​យុទ្ធសាស្ត្រនេះ​ និង​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន ក្នុង​ការរួម​ចំណែក​ដល់​ការ​សម្រេច​គោលដៅ​របស់​រដ្ឋាភិបាល៕